Register Already an agent ? Login

លោក ជាវ តាយ ណែនាំអាជ្ញាធរ និងក្រុមហ៊ុនសាងសង់ផ្លូវសហការគ្នា ធ្វើផ្លូវបេតុងប្រវែងជិត ១គ.ម តាមបទដ្ឋាន

កំពត៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានដឹកនាំមន្ត្រីចុះពិនិត្យគម្រោងការដ្ឋានសាងសង់ផ្លូវបេតុង ១ខ្សែ ក្នុងសង្កាត់កំពង់បាយ ក្រុងកំពត ប្រវែងជាង ៩០០ម៉ែត្រ បានណែនាំដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងក្រុមហ៊ុនសាងសង់ ធ្វើយ៉ាងណាសហការគ្នាឱ្យបានល្អ ក្នុងដំណើរការសាងសង់ប្រកបដោយលក្ខណៈបទដ្ឋានបច្ចេកទេសត្រឹមត្រូវ។ ជាមួយគ្នា លោក ឱ្យង្កើនការជំរុញអនុវត្តឱ្យបានឆាប់ចប់មុនឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរមកដល់ខាងមុខនេះផងដែរ។

ការចុះពិនិត្យផ្លូវបេតុងធ្វើឡើងកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ លោក ជាវ តាយ បានបញ្ជាក់ថា «ផ្លូវមួយខ្សែនេះ អាចចាត់ទុកជាផ្លូវមួយមានសារសំខាន់ ក្នុងការសម្រួលបញ្ចៀសការកកស្ទះចរាចរណ៍ ក៏ដូចជាការសម្រួលធ្វើឱ្យប្រសើរឡើងទាំងសណ្ដាប់ធ្នាប់អនាម័យបរិស្ថានក្រុងសម្រាប់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវនេះ«។

លោក អភិបាលខេត្តកពត បានបន្តឱ្យដឹងថា ផ្លូវមួយខ្សែនេះគឺជាផ្លូវលេខ៧០១ បំបែកចេញពីផ្លូវជាតិលេខ៣ ភ្ជាប់ទៅផ្លូវបេតុង ជាយខាងជើងក្រុងកំពត ស្របនឹងផ្លូវរថភ្លើង មានប្រវែងជាង ៩០០ម៉ែត្រ ទទឹងមានទំហំ ១២ម៉ែត្រ មានកំរាស់ ២តឹក មានលូអមសងខាងទំហំមាត់កាត់ ៨តឹក ជាគម្រោងថវិការបស់រដ្ឋបាលខេត្ត អនុវត្តគម្រោងដោយកងវិស្វកម្ម។

នាឱកាសនោះ លោក ជាវ​ តាយ អភិបាលខេត្តកំពត ក៏បានក្រើនរំលឹកដល់ចៅសង្កាត់និងអភិបាលក្រុងកំពត ក្រៅពីការស្ថាបនាផ្លូវមួយខ្សែនេះហើយ ត្រូវសិក្សាលើគម្រោងផ្លូវនានាថែមទៀត ពិសេសក៏ត្រូវយកចិត្តទុកដាក់ រៀបចំសណ្ដាប់ធ្នាប់អនាម័យ លើដងផ្លូវក្នុងក្រុង រួមនឹងការយកចិត្តទុកដាក់ធ្វើការឈូសឆាយ ពង្រាបផ្លូវ សម្រួលដល់ការធ្វើដំណើរ និងការរស់នៅរបស់ប្រជាពលរដ្ឋតាមដងផ្លូវឲ្យមានលក្ខណៈល្អប្រសើរឡើងថែមទៀត៕

ដោយ៖  Moeun Dyna