Register Already an agent ? Login

លោក ម៉ៅ ធនិន៖ ឃុំអូរសោម មានសក្តានុពលខ្លាំងជាងគេ បានលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ «នៅក្នងឃុំអូរសោម ស្រុកវាលវែង មានសក្តានុពលខ្លាំងជាងគេ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋនៅក្នុងខេត្ត មានដូចជាតំបន់ទឹកធ្លាក់ ទេសចរណ៍សត្វក្រពើភ្នំ កសិដ្ឋានបន្លែ និងទំនប់វារីអគ្គិសនីដ៏ធំនៅក្នុងខេត្ត»។ នេះបើតាមការថ្លែងឱ្យដឹងដោយ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់។

លោក ម៉ៅ ធនិន បានថ្លែងបន្តថា រដ្ឋបាលខេត្តពោធិ៍សាត់ បានកែប្រែមុខមាត់ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងអស់ ពិសេសខេត្តសម្បូរដីសម្រាប់ធ្វើកសិកម្ម និងកសិ-ឧស្សាហកម្ម ព្រមទាំងមានកន្លែងទេសចរណ៍ធម្មជាតិ សាសនា និងវប្បធម៌ចំនួន ៣៥កន្លែង បន្ថែមទៀត។ លោក បញ្ជាក់ «ដែលក្នុងចំណោមតំបន់ទេសចរណ៍ទាំងនោះ នៅឃុំអូរសោម ស្រុកវាលវែង ដែលមានសក្តានុពលខ្លាំងជាងគេ»។

នៅក្នុងជំនួបពិភាក្សាការងារជាមួយគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា ដើម្បីស្វែងយល់ពីការរីកចម្រើន និងការដោះស្រាយទំនាស់ដីធ្លី របស់ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ លោក អភិបាលខេត្តបានថ្លែងបញ្ជាក់ទៀតថា «ការរីកចម្រើនអភិវឌ្ឍន៍នេះ ដោយសារកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល លើការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ តាមរយ:ការបន្តយន្តការ ការពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិ គ្រប់ថ្នាក់ គ្រប់ស្ថាប័ន»។

លោក បានបន្ថែម ជាមួយគ្នា នៅមានប្រព័ន្ធគ្រប់គ្រងអភិវឌ្ឍន៍ធនធានមនុស្ស ការផ្ទេរមុខងារ និងធនធាន ការពង្រឹងសមត្ថភាពមន្ត្រី ធានាឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ បំពេញការងារប្រកបដោយគណនេយ្យភាព តម្លាភាព និងការឆ្លើយតបតម្រូវការ របស់ប្រជាពលរដ្ឋទាន់ពេលវេលា ធានាបានការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន កាត់បន្ថយភាពក្រីក្រ ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាព។

បើតាមការថ្លែងរបស់ លោក ម៉ៅ ធនិន ឱ្យដឹងទៀតថា ស្របគ្នានៃការរីកចម្រើន រដ្ឋបាលថ្នាក់ខេត្ត បានជួបបញ្ហាប្រឈមជាច្រើន ពិសេសទំនាស់ដីធ្លី និងការរីករាលដាលនៃជំងឺកូវីដ-១៩  ដែលតម្រូវឱ្យខេត្តត្រូវចាត់វិធានការបន្ទាន់ និងផ្សព្វផ្សាយឱ្យប្រជាជន ចូលរួមនឹងទប់ស្កាត់ជាបន្ទាន់នៃជំងឺនេះ។

លោក អភិបាលខេត្តពោធិ៍សាត់ បានបន្ថែមថា ដោយឡែកទំនាស់ដីធ្លីក្នុងខេត្ត បានប្រើយន្តការជាច្រើន សម្រាប់សម្របសម្រួល និងដោះស្រាយដូចជាតាមរយៈ អាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី, គណៈកម្មការសុរិយោដី, នីតិវិធីទទួលពាក្យបណ្តឹង បំពេញឯកសារ និងចុះស្រាវជ្រាវដល់ទីតាំងជាក់ស្តែង និងការដោះស្រាយជម្លោះ ដីធ្លីក្រៅប្រព័ន្ធតុលាការ ដែលរដ្ឋបាលខេត្តបានអនុវត្តនាពេលកន្លងទៅ ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។

នៅក្នុងជំនួបខាងលើ ប្រធានគណៈកម្មការ សិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា លោក ប្រាជ្ញ ចន្ទ បានថ្លែងឱ្យដឹងថា ក្នុងឆ្នាំ២០២០ គណ:កម្មការបានទទួលពាក្យបណ្តឹងចំនួន៩៧ករណី អន្តរាគមន៍បាន ៤៨ករណី នឹងកំពុងពិនិត្យបន្ត ២១ករណី និងតម្កល់ទុកមិនចាត់ការចំនួន ២៨ករណី ព្រមទាំងធ្វើលិខិតឆ្លើយតប ២៧លិខិត។

lលោក ប្រាជ្ញ ចន្ទ បានថ្លែងអំណរគុណ និងកោតសរសើរដល់រដ្ឋបាលខេត្ត ដែលជានិច្ចជាកាល បានយកចិត្តទុកដាក់បម្រើសេវា និងដោះស្រាយរាល់ការលំបាកជូនប្រជាពលរដ្ឋ ដោយឈរលើគោលការច្បាប់ និងភាពសុខដុមរមនាកម្ម ដោយទទួលយកសំណើ បញ្ហាប្រឈមទាំងអស់របស់ខេត្ត យកទៅជូនសម្តេច ហេង សំរិន៕

ដោយ៖  Moeun Dyna