Register Already an agent ? Login

សម្ដេច ហ៊ុន សែន៖ ព្រះសីហនុ ជាខេត្តដង្ហើមសេដ្ឋកិច្ចកម្ពុជា និងជាខេត្តឧស្សាហកម្មគំរូពហុបំណងតែមួយគត់

ភ្នំពេញ៖ «ខេត្តព្រះសីហនុ ជាខេត្តដង្ហើមសេដ្ឋកិច្ចរបស់កម្ពុជា ហើយក៏ជាខេត្តឧស្សាហកម្មគំរូពហុបំណងតែមួយគត់»។ បើតាមការបញ្ជាក់របស់ សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តថា ក្រោយពីការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៤ រួចរាល់ហើយនោះ នឹងធ្វើឱ្យខេត្តជាប់ឆ្នេរសមុទ្រមួយនេះមានភាពស៊ីវិល័យទាក់ទាញការវិនិយោគបន្ថែមទៀតស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់រាជរដ្ឋាភិបាល។

ពិតជាប្លែកភ្នែកមែនសម្រាប់ក្រុងព្រះសីហនុ នៃប្រទេសកម្ពុជា ក្រោយពីការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៤ខ្សែរួចរាល់នោះ!។ នេះបើតាមទំព័រហ្វេសប៊ុករបស់ សម្ដេច នាយករដ្ឋមន្រ្តី។

រាជរដ្ឋាភិបាលបានចំណាយថវិកាជិត ៣០០លនដុល្លារ សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងក្រុងព្រះសីហនុ ក្នុងទ្រុងទ្រាយដ៏ធំ ដែលក្នុងនោះផ្លូវចំនួន ៣៤ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត​ នៅពេលខាងមុខនឹងប្រែមុខមាត់ថ្មីនៃក្រុងព្រះសីហនុ ឱ្យមានភាពទាក់ទាញ និងស្រស់ស្អាតបន្ថែមទៀត។​

សមិទ្ធផលថ្មីៗនៅលើទឹកដីខេត្តព្រះសីហនុ គឺជាផលប្រយោជន៍របស់បងប្អូនដែលរស់នៅខេត្តព្រះសីហនុផង ហើយក៏ជាផលប្រយោជន៍រួមរបស់ប្រទេសជាតិផង។ នេះបើតាមការថ្លែងរបស់ សម្ដេច ហ៊ុន សែន ក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវទាំង ៣៤ខ្សែ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ។

«រាជរដ្ឋាភិបាលកម្ពុជា ហ៊ានដាក់ទុនអភិវឌ្ឍននៅក្នុងខេត្តព្រះសីហនុ ដោយសារតែខេត្តនេះអាចប្រមូលថវិកាជូនជាតិ ហើយជាតិក៏ត្រូវបែងចែកថវិកានោះទៅកាន់ខេត្តដទៃផ្សេងទៀតដើម្បីដើម្បីវិនិយោគបន្ត«។ បើតាមការបញ្ជាក់របស់ ប្រមុខរាជរដ្ឋាភិបាល បន្តថា តាមរយៈកិច្ចអភិវឌ្ឍនទាំងនេះនឹងធ្វើឱ្យខេត្តព្រះសីហនុប្រែមុខប្រែមាត់ ហើយក៏ជាទីកន្លែងសម្រាប់ទាក់ទាញមនុស្សឱ្យមកកាន់ខេត្តព្រះសីហនុផងដែរ។

ស្របពេលដែលវិស័យសំណង់ និងអចលនទ្រព្យ ជាពិសេសវត្តមាននៃសំណង់អគារធំៗ ខ្ពស់ៗចាប់ផ្តើមរីកដុះដាលនៅក្នុងក្រុងព្រះសីហនុ ត្រូវទាមទារនូវការកសាងនូវហេដ្ឋារចនាសម្ព័ន្ធនៃផ្នែកខាងក្រោមឱ្យមានភាពល្អប្រសើរដើម្បីបម្រើដល់សចេក្ដីត្រូវការចាំបាច់ ពិសេសបម្រើដល់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សេវាកម្ម និងទេសចរណ៍ក្នុងខេត្តក៏មានសក្ដានុពលមួយនេះ។

ផ្លូវទាំង៣៤ខ្សែ ដែលជាហេដ្ឋារចនាសម្ព័ន្ធដ៏អស្ចារ្យប្រចាំខេត្តព្រះសីហនុ និងលើកដំបូងរបស់ប្រទេសកម្ពុជានេះបានចំណាយពេលត្រឹម ៨ខែសម្រាប់សាងសង់ ពោលគឺនៅពេលបច្ចុប្បន្ននេះជាលទ្ធផលស្ទើរតែរួចរាល់ទាំងស្រុងនៅសល់តែការសម្អាត តុបតែង និងការបំពាក់ភ្លើងបំភ្លឺបន្តិចបន្តួចតែប៉ុណ្ណោះ។

គូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់ផែនការរៀបចំប្លង់គោលដៅប្រើប្រាស់ដីធ្លីនៅក្នុងក្រុងព្រះសីហនុនេះ ជាចក្ខុវិស័យឆ្នាំ២០៣០ រៀបចំ និងអភិវឌ្ឍខេត្តនេះឱ្យក្លាយជាប៉ូលអភិវឌ្ឍប្របកដោយចីរភាពនៃតំបន់មាត់សមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក ដោយមាន​ទំនាក់ទំនងជាមួយជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបែកបច្ចេកវិទ្យាទំនើបនាពេលខងមុខ៕

ដោយ៖ MoeunDyna