ព្រះសីហនុ៖ គម្រោងសាងសង់ជាលំនៅដ្ឋាន ផ្ទះល្វែង បុរី វីឡា លើផ្ទៃដីប្រមាណ ៦៦ហិកតា នៅខេត្តព្រះសីហនុ ទុនវិនិយោគ ១០០លានដុល្លារ សម្រាប់លក់ឱ្យអតិថិជន និងសាងសង់បន្ថែម នូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតរួមមាន សាលារៀន សួនច្បារ ស្ថានីយ៍ប្រេងឥន្ទនៈ អាហារដ្ឋាន និងកន្លែងហាត់ប្រាណជាដើម។
ក្រុមហ៊ុន នឹងសាងសង់នូវសំណង់លំនៅដ្ឋាន ផ្ទះវីឡា ព្រមទាំងហេដ្ឋារចនាសម្ពន្ធ័ផ្សេងៗ ដែលធានាគុណភាពស្តង់ដារតាមបទដ្ឋានវិស្វកម្ម និងស្ថាបត្យកម្ម ប្រកបសោភ័ណ្ឌភាព និងភាពស៊ីវិល័យសម័យថ្មី ដើម្បីផ្តល់ជូនអតិថិជន។ បើតាមការថ្លែងរបស់ លោក រុណ រដ្ឋា នាយកប្រតិបត្តិគម្រោង លន ស៊ីធី ឡូតធឺសស៊ីថោន។
នៅក្នុងពិធីសម្ពោធជាផ្លូវការគម្រោងរបស់ក្រុមហ៊ុនខាងលើ ទីតាំងស្ថិតក្នុងឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលធ្វើឡើង នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ លោក គួច ចំរើន អភិបាលខេត្តព្រះសសីហនុ ថ្លែងថា ទោះបីជាប្រទេសកម្ពុជា និងពិភពលោកព្រួយបារម្ភចំពោះជំងឺកូវីដ-១៩ក្តី ប៉ុន្តែចំពោះការវិនិយោគលើវិស័យអចលនទ្រព្យ និងការសាងសង់សំណង់ផ្ទះល្វែង វីឡា បុរី លំនៅដ្ឋានក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងខេត្តព្រះសីហនុ នៅតែមានសកម្មភាពជាបន្តបន្ទាប់។
លោក គួច ចំរើន បានថ្លែងបញ្ជាក់ថា «ស្របពេលដែលខេត្តព្រះសីហនុ គឺជាខេត្តតំបន់ឆ្នេរមួយមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ភ្លើងបំភ្លឺផ្លូវ និងសំណង់អាគារតូច ធំ ក្នុងក្រុងព្រះសីហនុ ក៏ដូចជាតាមតំបន់ទេសចរណ៍នានា ហើយមួយវិញទៀតខេត្តព្រះសីហនុ សម្បូររទៅដោយរមណីយ៍ដ្ឋានទេសចរណ៍ដើម្បី ឱ្យភ្ញៀវមកទស្សនា និងលេងកម្សាន្ត»៕
ដោយ៖ Moeun Dyna