ភ្នំពេញ៖ អនុក្រឹត្យលេខ១៦ អនក្រ.បក និងលេខ១៧ អនក្រ.បក របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ បានសម្រេចដាក់ «តំបន់ទួលព័ន្ធតាឡី បឹងស្នេហ៍« ដែលមានផ្ទៃដីសរុបប្រមាណ ៣៥៥៧ហិកតា នៅខេត្តព្រៃវែង ជាតំបន់ប្រើប្រាស់ច្រើនយ៉ាង។
អនុក្រឹត្យ បានបន្តឱ្យដឹងថា «តំបន់ទួលព័ន្ធតាឡី បឹងស្នេហ៍» មានទីតាំងស្ថិតនៅក្រុងព្រៃវែង ស្រុកស្វាយអន្ទរ ស្រុកពាមរក៍ និងស្រុកបាភ្នំ នៃខេត្តព្រៃវែង ហើយត្រូវបានបែកចែកជា ២តំបន់បន្ថែមទៀត មានតំបន់ស្នូល និងតំបន់ប្រើប្រាស់ដោយចីរភាព ដើម្បីគ្រប់គ្រង ថែរក្សា អភិរក្ស និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តភាព។
តំបន់ស្នូលមានទំហំផ្ទៃដីប្រមាណ ៨៦ហិកតា ស្ថិតនៅស្រុកបាភ្នំ និងស្រុកស្វាយអន្ទរ។ បើតាមអនុក្រឹត្យដដែល បានបន្តទៀតថា ចំណែកឯ តំបន់ប្រើប្រាស់ដោយចីរភាព មានទំហំផ្ទៃដីប្រមាណ ៣៤៧១ហិកតា ស្ថិតនៅក្នុងក្រុងព្រៃវែង ស្រុកស្វាយអន្ទរ ស្រុកពាមរក៍ និងស្រុកបាភ្នំ។
យោងតាមអនុក្រឹត្យខាងលើព្រំប្រទល់ និងផ្ទៃក្រឡាតំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី បឹងស្នេហ៍ នឹងត្រូវធ្វើបច្ចុប្បន្នភាព និងកែសម្រួលតាមរយៈការសិក្សាស្រាវជ្រាវ និងប្រមូលទិន្នន័យដោយផ្នែកលើមូលដ្ឋានវិទ្យាសាស្ត្រ ដើម្បីធានាតម្លៃនិងប្រយោជន៍ធនធានជីវៈចម្រុះ សេដ្ឋកិច្ច សង្គម និងវប្បធម៌។
សូមបញ្ជាក់ថា «តំបន់ទួលព័ន្ធតាឡី បឹងស្នេហ៍» ក៏ជាផ្នែកមួយជួយលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជន ក្នុងការគ្រប់គ្រង ការពារ និងអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិផងដែរ។ តំបន់ទួលព័ន្ធតាឡី បឹងស្នេហ៍ គឺជាជម្រកនៃប្រភេទសត្វស្លាបច្រើនប្រភេទ ក្នុងនោះក៏មានប្រភេទសត្វស្លាប់ដែលជិតផុតពូជ និងកំពុងរងការគំរាមកំហែងនៅលើពិភពលោក ផងដែរ។ មិនតែប៉ុណ្ណោះ តំបន់នេះ ក៏មានសក្តានុពលធម្មជាតិដ៏សម្បូរបែបទៀតផង៕
ដោយ៖ MNoeun Dyna