ភ្នំពេញ៖ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ មានប្រវែងសរុប ៧២,១៧គីឡូម៉ែត្រ ដែលក្នុងនោះកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ខេត្តកណ្ដាល ដល់អូរចំបក់ មានប្រវែង ៦២,៥៦គីឡូម៉ែត្រ និងផ្លូវជាតិលេខ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩,៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តខេត្តតាកែវ សម្រេចបាន ២៧,១០ភាគរយ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួង ចុះពិនិត្យគុណភាពនៃការសាងសង់ផ្លូវជាតិទាំង២ខ្សែ ដោយមានការចូលរួម ក្រុមការងារបច្ចេកទេសក្រសួង តំណាងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។
នាឱកាសចុះបីនិត្យផ្លូវទាំងពីរខ្សែ លោក ស៊ុន ចាន់ថុល បញ្ចាក់ថា ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលគុណភាព និងវឌ្ឍនភាពនៃការសាងសង់ ថាតើក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសអនុវត្តតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុក ដែលបានកំណត់ដែរឬយ៉ាងណា។ លោក ថា និងលើសពីនេះទៀត ដើម្បីស្វែងរកដំណោះស្រាយ និងផ្ដល់អនុសាសន៍បន្ថែមដល់ភាគីសាងសង់ ដែលអាចធានាដល់ការសាងសង់ផ្លូវបានរឹងមាំ ប្រើប្រាស់បានយូរអង្វែង។
ថ្លែងទៅកាន់តំណាងក្រុមហ៊ុនសាងសង់ក៏ដូចជាតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្នុងអំឡុងពេលនៃការចុះពិនិត្យនេះ លោក រដ្ឋមន្ត្រី បានបញ្ជាក់ថា «ក្រសួងអាចចរចារយៈពេលនៃការសាងសង់បាន ប៉ុន្តែ ចំពោះការចរចារគុណភាពមិនបានជាដាច់ខាត ត្រូវមានគុណភាពលក្ខណបច្ចេកទេស ទើបអាចទទួលយកបាន»។ លោក ថា ក្រុមហ៊ុនត្រូវគោរពនិងអនុវត្តតាមបទដ្ឋានបច្ចេកទេសឱ្យបានជាដាច់ខាតដើម្បី ធានាគុណភាពរឹងមាំរបស់ផ្លូវ និងអាចប្រើប្រាស់បានយូរអង្វែង កាត់បន្ថយការខ្ជះខ្ជាយថវិកាជាតិ និងចំណេញពេលវេលាផងដែរ។
លោក រដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ទៀតថា តាមគម្រោងផ្លូវទាំង២ខ្សែ ត្រូវបញ្ចប់នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ដោយមិនផ្លាស់ប្តូរឡើយ តាមលក្ខណៈបច្ចេទេស ប៉ុន្តែសម្រាប់ពេលវេលាអាចយឺតបន្តិចក្នុងករណីមានហេតុផលដែលអាចទទួលយកបាន បើគ្មានហេតុផលត្រឹមត្រូវនឹងត្រូវផាកពិន័យទៅតាមកិច្ចសន្យាដែលបានព្រមព្រៀង។
សូមបញ្ជាក់ថា ការស្ថាបនាផ្លូវជាតិទាំងពីរខ្សែ ចែកចេញជា បីផ្នែក រួមមាន៖ ផ្នែកទី១-កំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់ផ្លូវប្រសព្វមហាវិថី សម្តេច ហ៊ុនសែន មានប្រវែង ៤,៣៤គ.ម ដែលនឹងត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២០ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ AC ទទឹង ១៥ម៉ែត្រ ចែកចេញជាបួនគន្លង (២គន្លងទៅ ២គន្លងមក) ខ័ណ្ឌដោយគំនូសចែកទ្រូងផ្លូវ។ ចិញ្ចើមផ្លូវសងខាងទទឹង ០,៥ម៉ែត្រ ផ្លូវថ្មើរជើងសងខាងទទឹង ២,៥ម៉ែត្រ ប្រព័ន្ធរំដោះទឹក បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំជន។
ផ្នែកទី២- កំណាត់ផ្លូវជាតិលេខ២ ចាប់ពីផ្លូវប្រសព្វមហាវិថី សម្តេច ហ៊ុនសែន ដល់រង្វង់មូលកួរស្រូវ ប្រវែង ៤,៤១គ.ម ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២០,៥០ម៉ែត្រ ក្រាលបេតុងកៅស៊ូ AC ទទឹង ២០,៥០ម៉ែត្រ មានបួនគន្លង (២គន្លងទៅ ២គន្លងមក) រួមមាន គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដ ទទឹងសរុប ១៤ម៉ែត្រ និងម៉ូតូទទឹងសរុប ៥ម៉ែត្រ ខ័ណ្ឌដោយរបាំងថ្មពុះចែកទ្រូងផ្លូវ បំពាក់ផ្លាកសញ្ញាចរា ចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំ ជន។
ផ្នែកទី៣- កំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ចាប់ពីរង្វង់មូលកួរស្រូវ ដល់ផ្លូវបំបែកផ្លូវជាតិលេខ៣ (អង្គតាសោម) ប្រវែង ៦៣,៤២គ.ម ត្រូវពង្រីកទទឹងផ្លូវរហូតដល់ ១៣ម៉ែត្រ ដោយក្រាល បេតុងកៅស៊ូ AC ទទឹង ១៣ម៉ែត្រ ចែកចេញជាពីរគន្លង (១គន្លងទៅ ១គន្លងមក) ក្នុងនោះរួមមាន គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដទទឹងសរុប ៧ម៉ែត្រ និងម៉ូតូទទឹងសរុប ៦ម៉ែត្រ ខ័ណ្ឌដោយ គំនូសចែកទ្រូងផ្លូវ សាងសង់ប្រព័ន្ធរំដោះទឹកនៅតាមទីប្រជុំជន បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូស ចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោល សុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំជន។
គម្រោងធ្វើឱ្យប្រសើរឡើងវិញនេះគ្រោងចំណាយថវិកា ៥៦,១លានដុល្លារ ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលកូរ៉េខាងត្បូង និងថិវកាបដិភាគ រដ្ឋាភិបាលកម្ពុជា។ គម្រោងនេះ សាងសង់ដោយយក្រុមហ៊ុន Hasan Engineering & Constructions Co., Ltd និងត្រួតពិនិត្យបច្ចេកទេសសាងសង់ ដោយសម្ព័ន្ធក្រុមហ៊ុន Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture ប្រើប្រាស់រយៈពេល ៣០ខែ ពីខែតុលា ឆ្នាំ២០១៩ ដល់ខែមេសា ឆ្នាំ២០២២៕
ដោយ៖ Moeun Dyna