Register Already an agent ? Login

រាជធានីភ្នំពេញ ក្រុងបាត់ដំបង និងក្រុងសៀមរាប ត្រូវបានជ្រើសរើសដាក់ចូលជាទីក្រុងវៃឆ្លាតអាស៊ាន

ភ្នំពេញ៖ រាជធានីភ្នំពេញ ក្រុងបាត់ដំបង និងក្រុងសៀមរាប ត្រូវបានរដ្ឋាភិបាលកម្ពុជ និងជប៉ុន ជ្រើសរើសដាក់ចូល ទីក្រុងឆ្លាតវៃអាស៊ាន។ បើតាមការថ្លែងឱ្យដឹងពី លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជា្កក់ រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងការគ្រប់គ្រងនគរូបនីយកម្ម និងការអភិវឌ្ឍទីក្រុង ដែលមានបរិស្ថានរស់នៅល្អ ធានាគុណភាព សុវត្ថិភាព សោភណភាព សុខុមាលភាព និងប្រសិទ្ធភាពសង្គម-សេដ្ឋកិច្ច តាមគោលការណ៍ទីក្រុងឆ្លាតវៃ។

នៅក្នុងវេទិការដ្ឋ-ឯកជន ស្តីពីការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន កាលពីព្រឹកថ្ងៃទី១៦ កុម្ភៈ នេះ លោក រដ្ឋមន្រ្តី បានបន្តទៀតថា ក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន តាមរយៈការអភិវឌ្ឍ និងពង្រឹងការអនុវត្តគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេស ផ្សារភ្ជាប់យុទ្ធសាស្រ្តសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទីក្រុង ជាមួយការអភិវឌ្ឍនគរូបនីយកម្ម។

ជាក់ស្តែង ប្លង់គោលប្រើប្រាស់ដី និងផែនការរៀបចំដែនដី ថ្នាក់រាជធានីខេត្ត សម្រេចបាន ៣រួមមាន រាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ ថ្នាក់ក្រុង ស្រុក ខណ្ឌ និងទីប្រជុំជន សម្រេចបាន ១៧ និងថ្នាក់ឃុំសង្កាត់ សម្រេចបាន ៨៧។ បើតាមការបន្ថែមរបស់ លោក ជា សុផារ៉ា ថា វេទិកាខាងលើរៀបចំឡើងក្នុងគោលបំណង បន្តជំរុញបង្កើតឱកាសធុរៈកិច្ច និងវិនិយោគពីប្រទេសជប៉ុន មកប្រទេសកម្ពុជា ស្តីពីនគរូបនីយកម្ម ដោយផ្តោតលើការអភិវឌ្ឍទីក្រុងឆ្លាតវៃ។

វេទិកាដែលធ្វើឡើងតាម Video Conference លោក ជា សុផារ៉ា បានស្នើជំនួយពីជប៉ុន ៤ចំណុចធំៗ ដើម្បីជំរុញវិស័យដីធ្លី និងសំណង់កម្ពុជាមានដូចជា៖ ១.សម្រាប់វិស័យសំណង់ សូមជប៉ុនឱ្យជំរុញការអនុវត្តច្បាប់ស្តីពីសំណង់ និងវិធីសាស្រ្តធានាសុវត្ថិភាពសំណង់  និងការដាក់ឱ្យដំណើរការមន្ទីរពិសោធន៍ជាតិស្តីពីសំណង់។

២.សូមឱ្យជប៉ុនជួយជំរុញកិច្ចសហការគាំទ្រលើការកសាងផែនការរៀបចំដែនដីថ្នាក់ជាតិ និងបន្តគាំទ្រគម្រោងអភិវឌ្ឍទីក្រុងឆ្លាតវៃនៅរាជធានីភ្នំពេញ។ ៣.សូមឱ្យជប៉ុនបន្តជំរុញកិច្ចសហការរៀបចំគោលនយោបាយ ច្បាប់ បច្ចេកទេស និងវិធីសាស្រ្តនៃការអភិវឌ្ឍលំនៅឋាននៅកម្ពុជាឱ្យកាន់តែ ប្រសើរជាងមុន។ ៤.ក្នុងវិស័យសុរិយោដីនិងភូមិសាស្ត្រ សូមឱ្យជប៉ុន បន្តគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទិន្នន័យភូមិសាស្រ្តជាតិនៅកម្ពុជា ឬ National Spatial Data Infrastructure។

លោក AKABA Kazuyoshi រដ្ឋមន្ត្រីក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន បានលើកឡើងនៅក្នុងវេទិខាងលើថា ដើម្បីចូលរួមចំណែកអភិវឌ្ឍទីក្រុង និងដោះស្រាយបញ្ហា ប្រទេសជប៉ុនសង្ឃឹមថានឹងអាចចែករំលែកបទពិសោធន៍ទាំងផ្នែកច្បាប់ និងផ្នែកបច្ចេកទេសផងដែរ៕

ដោយ៖ Moeun Dyna