មណ្ឌលគិរី៖ ការសិក្សាគម្រោងសាងសង់ព្រលានយន្តហោះខេត្តមណ្ឌលគិរី លើផ្ទៃដី ៦០០ហិកតា មានទីតាំងស្ថិតនៅក្នុង ឃុំសែនមនោរម្យ ស្រុកអូររាំង អាចនឹងបញ្ចប់នៅក្នុងខែកម្ភៈ ឆ្នាំ២០២១។ បើតាមការថ្លែងឱ្យដឹងពី លោក ស៊ិន ចាន់សិរីវុត្ថា អ្នកពាក្យអាកាសចរណ៍ស៊ីវិល បានបន្តថា តាមការប៉ាន់ស្ថាន ទុនវិនិយោគប្រមាណ ៦០លានដុល្លារ។
ក្រោយពីសិក្សាគម្រោងបានបញ្ចប់ហើយ នឹងដាក់ជូនរាជរដ្ឋាភិបាលសម្រេចក្នុងពេលឆាប់ៗ។ បើតាមការថ្លែងបន្តរបស់ លោក ស៊ិន ចាន់សិរីវុត្ថា បានបន្តទៀតថា ការសាងសង់ព្រលានយន្តហោះខេត្តមណ្ឌលគិរី បានផ្ដល់សិទ្ធិទៅឱ្យក្រុមហ៊ុន China Power International Group ជាអ្នកអភិវឌ្ឍក្នុងលក្ខខណ្ឌសាងសង់-ធ្វើប្រតិបត្តិការ-ផ្ទេរ។
លោក បានបន្ថែមថា អ្វីដែលយើងធ្វើនាពេលនេះ គឺអនុម័តការសិក្សានិងការកំណត់កាតព្វកិច្ច រវាងភាគីរដ្ឋនិងឯកជន ឱ្យបានលម្អិតហើយនិងគ្រប់ជ្រុងជ្រោយ មុននឹងដាក់ក្នុងកិច្ចព្រមព្រៀងសម្បទាន ដែលត្រូវការពេល ១ឆ្នាំទៀតទើបអាចចាប់ផ្ដើមបើកការដ្ឋានបាន មានន័យថាឆ្នាំ២០២២។
សូមបញ្ជក់ថា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសេចក្ដីសម្រេច បង្កើតគណៈកម្មការអន្តរក្រសួងមួយដើម្បីដឹកនាំ សម្របសម្រួល និងជំរុញការអនុវត្តគម្រោង ឱ្យបានកាន់តែរលូន និងលឿនជាងមុន។
ខេត្តមណ្ឌលគិរីគឺ ជាខេត្តដែលមានភាពសក្តានុពលមួយសម្រាប់វិនិទេសចរណ៍។ រដ្ឋាភិបាលកម្ពុជាបានដាក់ទិសដៅអភិវឌ្ឍទៅតំបន់នេះ ដើម្បីជំរុញវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើនឡើង ថែមទៀត។ នៅក្នុងផែនការមេអភិវឌ្ឍន៍តំបន់ ក្រសួងទេសចរណ៍បានចាត់វិធានកាលចាំបាច់ ក្នុងការលើកស្ទួយ វិស័យទេសចរណ៍ជាតិ ក្នុងនោះខេត្ដមណ្ឌលគិរី ដែលជាខេត្តមួយមានសក្តានុពលអេកូទេសចរណ៍ស្រាប់ ត្រូវបានកំណត់ជាទីតាំងសំខាន់មួយនៃការអភិវឌ្ឍន៍បន្ត។
រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកផែនការសាងសង់ព្រលានយន្តហោះខ្នាតតូចមួយ ដើម្បីដឹកជញ្ជូនភ្ញៀវទេសចរទៅទស្សនានៅខេត្តនេះឱ្យបានឆាប់រហ័ស និងសម្រាប់ការដឹកជញ្ជូនទំនិញនានាទៅមករាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែរថា ព្រលានយន្ដហោះអន្ដរជាតិកម្ពុជាបច្ចុប្បន្ន ដែលដាក់ឱ្យដំណើរការមានចំនួន ៣ធំៗ និងប្រលានយន្ដហោះក្នុងស្រុកតាមបណ្ដាលខេត្តមួយចំនួនមានចំនួន ១៤៕
ដោយ៖ Moeun Dyna