ភ្នំពេញ៖ នៅឆ្នាំ២០២០ មន្រ្តីក្រសួងរៀបចំដែនដី និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានវាស់វែងចុះញ្ជីដីធ្លីបានប្រមាណ ៩៤ភាគរយ ហើយត្រូវចប់នៅខែធ្នូ ពេលសន្និបាតឆ្នាំ២០២១ គឺត្រូវបញ្ចប់ការចុះបញ្ជីក្បាលដី ជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលប៉ាន់ស្មានមានជាង ៧លានក្បាលដី។ បើតមាការថ្លែងរបស់ របស់ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម។
នៅកិច្ចប្រជុំអន្តរក្រសួងស្ដីពីការអនុវត្តលើការងារចុះបញ្ជីដីធ្លី កាតដោះស្រាយវិវាទដីធ្លី លោក ជា សុផារ៉ា បានថ្លែងបញ្ជាក់ថា ការចុះបញ្ជីក្បាលជូនប្រជាពលរដ្ឋឱ្យអស់នៅដំណាចឆ្នាំ២០២១នេះ គឺជាការងារដ៏សំខាន់បំផុត ដើម្បីឱ្យការគ្រប់គ្រងដីមានសុវត្ថិភាព មានបណ្ណសម្គាល់អចលវត្ថុ ជូនដល់ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប។
លោក រដ្ឋមន្រ្តីបន្តថា ព្រមទាំងធ្វើឱ្យមានស្ថិរភាព ហើយបណ្ណនេះក្លាយទៅជាទុន ដែលរាជរដ្ឋាភិបាលកម្ពុជា បានខិតខំធ្វើការបែងចែកជូនដល់ប្រជាពលរដ្ឋ មាន៥ដំណាក់កាលកន្លងផុតទៅហើយ។ លោក ថា ជាការធានាដល់សុវត្ថិភាព និងភាពសុខរបស់ប្រជាពលរដ្ឋ ក្នុងការកាន់កាប់ដីធ្លីជាកម្មសិទ្ធិស្របច្បាប់។
រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី បានថ្លែងរម្លឹកថា ចាប់ពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលបានផ្តល់បណ្ណកម្មសិទ្ធិ ទទួលស្គាល់សិទ្ធិកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋបាន ៥ដំណាក់កាល ដូច្នេះការផ្តល់បណ្ណកម្មសិទ្ធិទាំង៥ដំណាក់កាល បានក្លាយជាទុនដែលរដ្ឋបានផ្តល់ជូនដល់ប្រជាពលរដ្ឋទាំងអស់។
លោក បានថ្លែងបន្តថា ការផ្តល់ជូនបណ្ណកម្មសិទ្ធិលើដីធ្លីនេះហើយ បាននាំមកនូវសក្តានុពលលើផ្នែកសេដ្ឋកិច្ចនៅក្នុងក្រុមគ្រួសារ និងអាចស្វែងរកដៃគូរអភិវឌ្ឍនានា មកធ្វើការអភិវឌ្ឍទៅលើដីធ្លីរបស់ពួកគាត់ជាដើម។ លោក ថា វាបានក្លាយទៅជាការជំរុញអនុវត្តន៍ការដោះស្រាយវិវាទដីធ្លីផងដែរ។
នៅក្នុងកិច្ចប្រជុំខាងលើដែលដោះស្រាយវិវាទដីធ្លីក្នុងខេត្តមណ្ឌលគីរី លោក ថ្លែងថា បច្ចុប្បន្ន មណ្ឌលគីរីបានក្លាយជាគោលដៅវិនិយោគ និងអភិវឌ្ឍន៍ពីសំណាក់វិស័យឯកជនជាច្រើន ជាពិសេសផ្តោតសំខាន់ទៅលើវិស័យអចលនទ្រព្យបែបកម្សាន្តដូចជាតំបន់រមណីយដ្ឋានធម្មជាតិបែបកែច្នៃ និងការអភិវឌ្ឍជាផ្ទះលំហែរកាយពីសំណាក់វិនិយោគិនក្នុងស្រុក។
លោក ថា ក្រោមការសម្លឹងឃើញពីសក្ដានុពលនៃតំបន់ដែលមានអំណោយផលពីធម្មជាតិ ជាពិសេសក្រោយពេលគម្រោងស្ថាបនាព្រលានយន្ដហោះក្នុងតំបន់ដែលកំពុងត្រូវបានចាប់ផ្តើមសិក្សាលម្អិត និងឈានទៅរកដំណើរការសាងសង់នៅក្នុងឆាប់ៗខាងមុខនេះ។
បើតាមលោក រដ្ឋមន្រ្តីក្រសួងរៀបចំដែន បានបញ្ជាក់ថា ខេត្តមណ្ឌលគីរីក៏មានគម្រោងអភិវឌ្ឍន៍ជាច្រើនទីតាំងទៀតក្រោមការរៀបចំ និងគ្រប់គ្រងដោយក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន សហការជាមួយនឹងវិស័យឯកជន ដូចជាគម្រោងសាងសង់ទីចំណតយន្ដហោះលើទឹក និងផែនការនៃការបង្កើតក្រុងរណបបែបទាន់សម័យស្ថិតនៅក្នុងតំបន់អូរាំងក្បែរទីតាំងសាងសង់ព្រលានយន្តហោះផងដែរ ដើម្បីអាចបង្កើនភាពទាក់ទាញលើការវិនិយោគក្នុងវិស័យទេសចរណ៍ពាណិជ្ជកម្មកម្រិតខ្ពស់នៅថ្ងៃអនាគត៕
ដោយ៖ Moeun Dyna