កំពង់ធំ៖ អភិបាលខេត្តកំពង់ធំ លោក សុខ លូ បានដឹកនាំកិច្ចប្រជុំពង្រឹងការផ្ដល់ដីសម្បទានសង្គមកិច្ច ជូនអតីតយុទ្ធជនដែលគ្មានដី និងចុះពិនិត្យជាក់ស្ដែងដើម្បីរៀបចំបែងចែកកំណត់ក្បាលដី និងចាប់ឆ្នោតយកដីឡូតិ៍ មានទីតាំងស្ថិតនៅភូមិត្រពាំងឬស្សី ឃុំក្រយា ស្រុកសន្ទុក។
កិច្ចប្រជុំ និងចុះពិនិត្យដីជិត ២ពាន់ហិកតា ធ្វើឡើងកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ លោក អភិបាលខេត្តកំពង់ធំ បានអំណាវនាវ ប្រជាពលរដ្ឋ ក៏ដូចជាឈ្មួញមួយចំនួន ដែលកាន់កាប់ដីកន្លងមកខុសច្បាប់ សូមប្រគល់ជូនរដ្ឋវិញ ដើម្បីរៀបចំបែងចែកកំណត់ក្បាលដី និងចាប់ឆ្នោតយកដីឡូតិ៍ នៅពេលខាងមុខឆាប់ៗនេះ។
លោក បញ្ជាក់ថា ដីបម្រុងទុកចំនួន ១៩៧៨ហិចតា សម្រាប់ចែកជូនអតីតយុទ្ធជន ដែលគ្មានដី គ្មានផ្ទះ និងបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតពិតប្រាកដ។
បើតាម លោក សុខ លូ ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានថ្លែងបន្តថា បញ្ហាដីសម្បទានសង្គមកិច្ចនេះ កន្លងមកយើងបានធ្វើការប្រជុំរួចមកហើយ ប៉ុន្តែដោយសារយើងមិនទាន់បានបញ្ជូនគ្រឿងចក្រ ដើម្បីកាយព្រំដី ដែលជាឱកាសធ្វើឱ្យប្រជាពលរដ្ឋ និងឈ្មួញមួយចំនួន រំលោភយកដីនេះជាបន្តបន្ទាប់ ។ លោក ថា នេះគឺជាបញ្ហាដែលយើងត្រូវធ្វើការដោះស្រាយ ហើយយើងត្រូវប្ដេជ្ញាធ្វើកិច្ចការនេះ ឱ្យបានជោគជ័យ។
លើសពីនេះ រដ្ឋបាលខេត្តកំពង់ធំក៏បានបេ្តជ្ញាថានឹងរឹតបណ្តឹងការរំលោភយកដីសម្បទានសង្គមកិច្ចនេះ ដោយនឹងទាមទារមកជាសម្បត្តិរដ្ឋវិញ ដើម្បីរៀបចំបែងចែកជូនដល់អតីតយុទ្ធជន៕
ដោយ៖ Moeun Dyna