កែប៖ គម្រោងសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយ នៅក្នុងខេត្តកែប សម្រេចបាន ៥៥ភាគរយ នឹងបញ្ចប់នៅចុងខែសីហា ឆ្នាំ២០២១។ ជាការថ្លែងរបស់ លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បន្តឱ្យដឹងថា គម្រោងសាងសង់កំពង់ផែនេះ មានការយឺតយ៉ាវដោយសារវិបត្តិជំងឺកូវីដ-១៩ និងបញ្ហាបច្ចេកទេស។
នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ដែលរៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្តីពី «វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តកែប» លោក ម៉ម ទូច ថ្លែងបន្តថា កំពង់ផែនេះមានទំហំប្រមាណ ៣៤០០ម៉ែត្រការ៉េ ដែលមានជម្រៅពី ៣ម៉េត្រ ទៅ៤,៧០ម៉ែត្រ ដែលអាចចតនាវាទេសចរណ៍បាន ២ប្រភេទ។
ប្រភេទនាវាទី១ អាចធ្វើដំណើរចេញពីផែចម្ងាយប្រមាណ ៥៦គីឡូម៉ែត្រ ដែលអាចដឹកមនុស្សបានពី ៣០ ទៅ១០០នាក់ និងប្រភេទនាទី២ អាចធ្វើដំណើរចេញពីផែប្រមាណ ១៩៣គីឡូម៉ែត្រ នឹងអាចផ្ទុកអ្នកដំណើរពី ១០០ ទៅ៣០០នាក់។ បើតាមការបន្តរបស់ប្រធានមន្ទីរដឹកជញ្ជូនខេត្តកែប លោក ម៉ម ទូច បានរម្លឹកថា គម្រោងនេះត្រូវបានសាងសង់តាំងពីឆ្នាំ២០២០ ដែលជាផ្នែកមួយនៃផែនការតភ្ជាប់បណ្ដាញតាមផ្លូវសមុទ្រ ពោលគឺនឹងត្រូវភ្ជាប់ទៅកំពង់ផែទេសចរណ៍មួយទៀត ដែលស្ថិតកំពុងសាងសង់នៅខេត្តកំពត។
ក្រៅពីកំពងផែនេះ រដ្ឋបាលខេត្តកែប បានពង្រីកឆ្នេរកម្សាន្ត ២កន្លែង បន្ថែមទៀត ដែលឆ្នេរខ្សាច់កម្សាន្តជាសារធារណៈ និងឆ្នេកម្សាន្តធម្មជាតិនៅអង្គោល ដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិ។ គម្រោងពង្រីកឆ្នេរ ទី១ ឆ្នេរខ្សាច់កម្សាន្តជាសារធារណៈ មានប្រវែងប្រមាណ ៣គីឡូម៉ែត្រ ចាប់ពីស្ថានីយចម្រោះទឹកកខ្វក់ រហូតដល់ព្រៃកោងកាង។ ទី២ ឆ្នេរខ្សាច់អង្កោល ស្ថិតក្នុងឃុំអង្កោល ស្រុកដំណាក់ចង្អើរប្រវែងជាង ៣គីឡូ ឱ្យមានលក្ខណៈធម្មជាតិ។
សូមបញ្ជាក់ថា គម្រោងកំពង់ផែទេសចរណ៍នៅកោះទន្សាយ និងពង្រីកឆ្នេរ២បន្ថែមនេះ ត្រូវបានដាក់បញ្ចូលក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ដែលផែនការមេនេះត្រូវបានចាប់អនុវត្តតាំងពីខែធ្នូ ឆ្នាំ២០១៩។
គម្រោងអភិវឌ្ឍន៍ជាង ២០០ និងប៉ូលទេសចរណ៍ធំៗចំនួន ៤ ត្រូវបានដាក់បញ្ចូលក្នុងសេចក្ដីព្រាងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប។ បើយោងតាមក្រសួងទេសចរណ៍ បន្តឱ្យដឹងថា មានយុទ្ធសាស្ត្រគោលចំនួន៩ ត្រូវបានចងក្រងឡើង ដោយរួមមានយុទ្ធសាស្ត្រលម្អិតចំនួន៤៩ យុទ្ធសាស្ត្រ បែងចែកជា ៩៨សកម្មភាព ឬស្មើនឹង ២៥១គម្រោង។
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានថ្លែងឱ្យដឹងថា ខេត្តចំនួន គឺខេត្តកំពត និងកែប នឹងមានសក្តានុពលខ្លាំងពិសេសសម្រាប់ការវិនិយោគលើរីសត ក្នុងឆ្នាំ២០២១ ឬក្រោយវិបត្តិកូវីដ-១៩ ពីព្រោះទីនោះជាកន្លែងស្ងប់ស្ងាត់ ទេសភាពស្អាត និងជាទិសដៅកម្សាន្តពេញនិយមរបស់ភ្ញៀវក្នុងស្រុក។
ទីតាំងនៃខេត្តទាំងពីរ កំពុងមានសក្តានុពល ព្រោះដីនៅទីនោះនៅសល់ច្រើន ករណីដែលយើងទិញទុកវាមិនសូវជាមានសក្តានុពលទេ ក៏ប៉ុន្តែបើយើងទិញយកមកធ្វើរីសតបែបឆ្នៃប្រឌិត អាចទាក់ទាញភ្ញៀវទេសចរច្រើន។ បើតាមការបន្តរបស់អ្នកជំនាញដដែល បន្ថែមថា ខេត្តទាំងពីរ បច្ចុប្បន្នគឺជាទិសដៅកម្សាន្តពេញនិយមមួយសម្រាប់អ្នកទេសចរក្នុងស្រុក ហើយក្រោយផ្លូវជាតិលេខ៣ សាងសង់រួច ទិសដៅទី២ នេះ នឹងកាន់តែមានសក្ដានុពលបន្ថែមទៀត ព្រោះផ្លូវថ្មីនឹងជួយកាត់បន្ថយរយៈពេលធ្វើដំណើរបានមួយចំណែកធំ៕
ដោយ៖ Moeun Dyna