ព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ប្រាប់ប្រជាពលរដ្ឋដែលរស់នៅ និងធ្វើអាជីវកម្មត្រង់ចំណុច «ពយយាយម៉ី និងឆ្នេរតាបារាំង» ស្ថិតនៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ត្រូវរុះរើសំណង់ចេញត្រឹមថ្ងៃទី២៨ ខែកុម្ភៈ នេះជាកំហិត។ លោក បញ្ជាក់ បើមិនរុះរើតាមការជូនដំណឹងនេះ អាជ្ញាធរមូលដ្ឋាននឹងចុះអនុវត្តវិធានការ និងច្បាប់ ដោយមិនទទួលខុសត្រូវរាល់សម្ភារ ឬបាត់បង់ទ្រព្យសម្បតិ្តទាំងនោះឡើយ។
នៅក្នុងសេចក្ដីជូនដំណឹង របស់ លោក អភិបាលខេត្តព្រះសីហនុ ចុះថ្ងៃទី២ ខែកុម្ភៈ នេះ បានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋដែលរស់នៅ និងធ្វើអាជីវកម្មក្នុងតំបន់ខាងលើ គឺស្ថិតនៅលើដីចំណីឆ្នេរសាធារណៈ របស់រដ្ឋ ដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន អនាម័យ សណ្ដាប់ធ្នាប់ និងសោភ័ណ្ឌភាពឆ្នេរផងដែរ។
លោក បានលើកឡើងថា ពយយាយម៉ី និងឆ្នេរតាបារាំង ជាដីរបស់រដ្ឋនិងជាលម្ហឆ្នេរសាធារណៈដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរតិមកលំហែកាយកម្សាន្តក្នុងខេត្តនេះ៕
ដោយ៖ Moeun Dyna