Register Already an agent ? Login

ក្រុមហ៊ុនចិនទទួលបានដីសម្បទានពីរដ្ឋាភិបាលជាង ៤ម៉ឺនហិកតា ក្នុងខេត្តកោះកុង ក្នុងទន់វិនិយោគ ៤ពាន់លានដុល្លារ

កោះកុង៖ ក្រុមហ៊ុនចិន Tienjing Union Development Group បានទទួលដីសម្បទានពីរដ្ឋាភិបាលកម្ពុជា ជាង៤០,០០០ហិកតា ដែលគ្របដណ្តប់ នៅស្រុកតារាសាគរ បុទុមសាគរ និងស្រុកថ្មបាំង ក្នុងខេត្តកោះកុង។ ក្រុមហ៊ុននេះ មានគម្រោងដ៏ធំប្រចាំខេត្តកោះកុង បានប្រកាសទុនវិនិយោគលើកដំបូងតម្លៃ ៤០០០លានដុល្លារ។ បើតាមការថ្លែងឱ្យដឹងពី ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងសូរិយោដីខេត្តកោះកុង លោក រស់ វីរ៉ាវុធ។

លោក ប្រធានមន្ទីរដដែលបានថ្លែងបន្តថា ក្រៅពីនេះនៅមានគម្រោងសាងសង់ទំនប់វារីអគ្គិសនីតម្លៃជាង ១០០០លានដុល្លារ រួមជាមួយនឹងគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប គម្រោងអភិវឌ្ឍន៍ និងសាងសង់ព្រលានយន្តហោះថ្មី គម្រោងសាងសង់កំពង់ផែទេសចរណ៍ក្រុងខេមរភូមិន្ទ រួមជាមួយនឹងគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិកម្រិតមធ្យមជាច្រើនទីតាំងទៀត។

បើតាម លោក រស់ វីរ៉ាវុធ ដែលបានថ្លែងប្រាប់គេហទំព័រអចលនទ្រព្យអាស៊ី រម្លឹកថា ក្នុងឆ្នាំ២០២០ ខេត្តកោះកុងទទួលបានគម្រោងវិនិយោគយ៉ាងច្រើន ដែលក្នុងនោះរួមមានគម្រោងបង្កើតតំបន់កម្សាន្ត រួមជាមួយនឹងគម្រោងអភិវឌ្ឍន៍ក្នុងវិស័យសំណងសរុបចំនួន ៩៤គម្រោង ដែលមានទុនវិនិយោគសរុបជាង ២១លានដុល្លារ។

លោក ប្រធានរូបនេះ បានថ្លែងប្រាប់គេហទំព័រនេះទៀតថា ពាក់ព័ន្ធទៅនឹងគម្រោងអភិវឌ្ឍន៍ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកោះកុង រួមមានផ្លូវថ្នល់ ដែលកំពុងមានការយកចិត្តទុកដាក់ពីសំណាក់រដ្ឋបាលខេត្ត ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល បច្ចុប្បន្នគម្រោងស្ថាបនាផ្លូវជាតិលេខ ១០តភ្ជាប់រវាងខេត្តកោះកុង ខេត្តបាត់ដំបង ដោយឆ្លង់កាត់ ខេត្តពោធិ៍សាត់ មានប្រវែងសរុបជិត ២០០គីឡូម៉ែត្រ ទុនចំណាយ ១៨៣លានដុល្លារ សម្រេចបានប្រមាណ ៤៦ភាគរយ គ្រោងនឹងបញ្ចប់នៅត្រឹមចុងឆ្នាំ២០២៣។

លោក រស់ វីរ៉ាវុធ ថ្លែងបន្ថែមទៀតថា គម្រោងភាគច្រើនគឺជាការវិនិយោគក្នុងវិស័យលំនៅដ្ឋានដោយក្នុងនោះមានទាំងគម្រោងបណ្តុំលំនៅដ្ឋាន និងគម្រោងសាងសង់លំនៅដ្ឋានដាច់ដោយឡែក ហើយក្រៅពីនេះក៏មានគម្រោងអភិវឌ្ឍន៍ដីឡូតិ៍ផងដែរ ដែលស្ថិតនៅតាមតំបន់ជាយក្រុង និងតំបន់ក្បែរដៃសមុទ្រ៕

ដោយ៖ Moeun Dyna