ភ្នំពេញ៖ បច្ចុប្បន្ននៅទូទាំងប្រទេសមានផ្ទៃដីដាំដុះស្វាយសរុបចំនួន ១២៤ ៣១៩ហ.ត ផ្ទៃដីប្រមូលផលមានចំនួន ៩១ ៣៩៨ហិកតា ទទួលបានទិន្នផលជាមធ្យមចំនួន ១៦តោន ក្នុង១ហិកតា ក្នុង១រដូវ ដែលមានបរិមាណផលសរុបចំនួន ១ ៤៤៨ ៦៧៧តោន។ បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម។
របយាការណ៍ខាងលើ បានឱ្យដឹងថា ដំណាំស្វាយកែវរមៀតគឺជាដំណាំកសិ-ឧស្សាហកម្ម មួយក្នុងចំណោមដំណាំកសិ-ឧស្សាហកម្មផ្សេងទៀត ដែលមានសក្តានុពលសម្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសចិន និងកូរ៉េ ជាលក្ខណស្រស់និងក្រៀម។
អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញផលិតកម្មកសិកម្មដើម្បីធានាសន្តិ សុខស្បៀង និងធ្វើការនាំចេញដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិក្នុងបរិបទនៃការរីករាលដាល ជំងឺឆ្លងកូវីដ-១៩ ក្រសួងកសិកម្ម ដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការ បានការចរចាយ៉ាងស្វិតស្វាញ បញ្ចុះបញ្ចូល និងដោះស្រាយនូវរាល់បញ្ហាដែលជារបាំងបច្ចេកទេសក្នុងដំណើរការនាំចេញផ្លែស្វាយកែវរមៀតស្រស់ទៅកាន់សាធារណរដ្ឋកូរ៉េ។ បើតាម លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម។
លោក បានបន្តថា ជាលទ្ធផល រយ:ពេល ៤ឆ្នាំ ផលិតផលផ្លែស្វាយកែវរមៀតស្រស់របស់កម្ពុជា ត្រូវបាននាំចេញទៅ កូរ៉េ ជាលើកដំបូងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នេះបើតាមការអះអាងរបស់អគ្គនាយកដ្ឋានកសិកម្ម (ថ្ងៃទី១ ខែកុម្ភ:) ហើយគិតត្រឹមថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ផ្លែស្វាយស្រស់មានគុណភាពល្អចំនួន ៧៧តោន ត្រូវបានដាក់លក់នៅលើទីផ្សារកូរ៉េ។
លោក រដ្ឋមន្រ្តីបានឱ្យដឹងថា នៅដើមឆ្នាំ២០២១ ក្រុមហ៊ុន Hyundai Agro (Cambodia) មានផែនការនាំចេញផ្លែស្វាយកែវរមៀតស្រស់ឱ្យបានចំនួន ១ ០០០តោន ទៅកាន់ទីផ្សារកូរ៉េ។ យោងលើខ្លឹមសារដែលមានចែងក្នុងអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គនាយកដ្ឋានកសិកម្ម និងទីភ្នាក់ងារអនាម័យ និងភូតគាមអនាម័យកូរ៉េ ស្តីពី «លក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់» គឺតម្រូវឱ្យមានការចុះត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តបច្ចេកទេសក្នុងចម្ការស្វាយជារៀងរាល់ឆ្នាំមុនរដូវប្រមូលផល។
បើតាម លោក រដ្ឋមន្រ្តីក្រសួងកសិកម្ម បានបន្តទៀតថា ហេតុនេះ នាយកដ្ឋានការពារដំណាំអនាម័យ និងភូតគាមអនាម័យ បានចាត់មន្រ្តីជំនាញឱ្យចុះទៅវាយតម្លៃលក្ខខណ្ឌបច្ចេកទេសពាក់ព័ន្ធនឹងចម្ការស្វាយ និងម៉ាស៊ីនប្រព្រឹត្តិកម្មសម្លាប់សមាសភាពចង្រៃ ដោយប្រើចំហាយទឹកក្តៅ (Vapor Heat Treatment -VHT) នៅតាមក្រុមហ៊ុននីមួយៗដែលបានដាក់ពាក្យស្នើសុំ។ ទទួលបានលទ្ធផលនៃការចុះវាយតម្លៃ អគ្គនាយកដ្ឋានកសិកម្មបានផ្ញើរបាយការណ៍ជូនទៅទីភ្នាក់ងារអនាម័យ និងភូតគាមអនាម័យនៃប្រទេសកូរ៉េដើម្បីពិនិត្យ និងសម្រេច។
បន្ទាប់ពីទទួលបានការយល់ព្រមពីភាគីកូរ៉េ កាលពីថ្ងៃទី១៣ ខែមករា កន្លងទៅនេះ ក្រុមហ៊ុន Hyundai Agro បានដាក់ពាក្យស្នើសុំឱ្យនាយកដ្ឋានការពារដំណាំអនាម័យ និងភូតគាមអនាម័យចាត់មន្រ្តីជំនាញចុះទៅត្រួតពិនិត្យ និងវាយតម្លៃលើលក្ខខណ្ឌបច្ចេកទេសក្នុងចម្ការស្វាយ ដើម្បីឱ្យស្របតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ភាគីកូរ៉េ។ បើតាមការបន្ថែមទៀតរបស់ លោក រដ្ឋមន្រ្តី បញ្ជាក់ ជាលទ្ធផលឆ្លើយតបតាមលក្ខខណ្ឌ កាលពីថ្ងៃទី២០ ខែមករា នេះ ក្រុមហ៊ុនបាននាំស្វាយកែវរមៀតស្រស់ចេញទៅកាន់ប្រទេសកូរ៉េលើកទី១ ចំនួន មួយតោន ហើយសង្ឃឹមថាបរិមាណនេះនឹងមានការកើនឡើងជាបន្តបន្ទាប់នៅរដូវប្រមូលផលស្វាយខាងមុខនេះ៕
ដោយ៖ Moeun Dyna