Register Already an agent ? Login

រដ្ឋមន្រ្តីអន្តរក្រសួងចុះពិនិត្យវឌ្ឍភាព ការដ្ឋានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប សម្រេច បានជាង ១៧%

សៀមរាប៖ ចាប់គិតពីថ្ងៃបើកការដ្ឋានសាងសង់ផ្លូវ ៣៨ខ្សែ និងការស្តារស្ទឹងសៀមរាប ក្នុងក្រុងសៀមរាប រយៈពេលជិត ២ខែ ដោយគិតត្រឹមសប្ដាហ៍ទី៤ ខែមករានេះ លទ្ធផលការងារជារួម សម្រេចបានជាង ១៧,៥ភាគរយ ក្រោមកិច្ចដំណើរការចំនួន៨ នៃអង្គភាពប្រតិបត្តិការណ៍បណ្តាអង្គភាពសាងសង់ទាំងអស់។ នេះតាមការថ្លែងរបស់ លោក ស៊ុន ចាន់ថុល ដែលបានចុះពិនិត្យវឌ្ឍភាពការដ្ឋានខាងលើ កាលពីថ្ងៃទី២៨ ខែមករ ឆ្នាំ២០២១។

ការចុះពិនិត្យវឌ្ឍភាពផ្លូវទាំង ៣៨ខ្សែនេះ ដែលមានរដ្ឋមន្រ្តីអន្តរក្រសួងរួមមាន សម្ដេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ ហើយអនុប្រធាន មាន លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តី ក្រសួងអភិវឌ្ឍន៍លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក។ ក្នុងនោះក៏មានការចូកលរួមពី លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក ថោង ខុន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍។

នៅក្នុងដំណាក់កាលដំបូងនៃគម្រោងនេះ គឺការយកចិត្តទុក ដាក់តាមដាន ការសាងសង់ស្រទាប់គ្រឹះផ្លូវប្រកបដោយគុណភាព ដែលតម្រូវឱ្យមានការគោរពតាមបទដ្ឋានបច្ចេកទេសសាងសង់ ចៀសវាងការសាងសង់រួច ត្រូវគាស់កកាយ ជួសជុលឡើងវិញ ដែលនាំឱ្យខាតបង់ថវិកា និងពេលវេលា។ បើតាមការថ្លែងរបស់បន្តរបស់ លោក ស៊ុន ចាន់ ថុល ថាភ្ជាប់នៅក្នុងគម្រោងនេះដែរ រួមមានការរៀបចំលើគ្រប់ទិដ្ឋភាពដូចជា ប្រព័ន្ធលូទឹកកខ្វក់ លូទឹកភ្លៀង ចិញ្ចើមផ្លូវ ផ្លូវថ្មើរ ជើង ផ្លូវសម្រាប់ជនមានពិការភាព ផ្លូវជិះកង់ ចំណតរថយន្ត ប្រព័ន្ធបំភ្លឺផ្លូវសាធារណៈ ផ្លាកសញ្ញា និង គំនូសចរាចរណ៍ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព អាងចម្រោះទឹកកខ្វក់ ការធ្វើសួននិងដាំដើមឈើជាដើម។

លោក រដ្ឋមន្រ្តីបានបញ្ជាក់ ការចុះត្រួតពិនិត្យការស្ថាបនាផ្លូវនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យគុណភាពនៃការសាងសង់ ជំរុញឱ្យអង្គភាពសាងសង់ អនុវត្តតាមលក្ខណៈបច្ចេកទេស សៀវភៅបន្ទុកឱ្យបានត្រឹមត្រូវ និងស្តង់ដារ ដែលអាចទទួលយកបាន ពោលគឺធ្វើផ្លូវឱ្យមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង និងបញ្ចប់តាមផែនការគ្រោងទុក។

សូមបញ្ជាក់ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែក្នុងទីក្រុងសៀមរាបនេះ មានប្រវែងសរុប ១០៨,៧៤ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤០លានដុល្លារ និងថវិកាជាង ៩លានដុល្លារទៀត សម្រាប់ការងារចាំបាច់ ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង ៣៨នេះ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១។

លើសពីការស្ថាបនាផ្លូវ ៣៨ខ្សែនេះ ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតិឱ្យមានការស្ដារកែលម្អធ្វើឱ្យប្រសើរឡើងវិញ ដងស្ទឹងសៀមរាបជាង ៨គីឡូម៉ែត្រ អនុវត្តដោយអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងដឹកជញ្ជូន ដើម្បីលើកកម្ពស់សោភ័ណភាពបន្ថែមទៀត ស័ក្កិសមជាទីក្រុងទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ្ដ អភិវឌ្ឍជាទីក្រុងឆ្លាតវៃនាពេលអនាគត ដើម្បីជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ៕

ដោយ៖ Moeun Dyna