ភ្នំពេញ៖ គម្រោងស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុ បានសម្រេចលទ្ធផល ៣៩,៩៨ភាគរយហើយ ក្រោយបើកការដ្ឋានកាលពីខែមីនា ឆ្នាំ២០១៩។ បើតាមទំព័រហ្វេសប៊ុកឈ្មោះ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ដោយពឹងថាគម្រោងនេះនឹងបញ្ចប់នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។
បន្ទាប់ពីការបញ្ចប់នូវគម្រោងផ្លូវហាយវេល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ នឹងចំណាយពេលតែ ២ម៉ោងប៉ុណ្ណោះ វានឹងបញ្ចប់ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាដែលមិនធ្លាប់មានផ្លូវហាយវេពីមុនមក ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងកន្លងមកថា ផ្លូវហាយវេល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុនឹងជួយប្រទេសកម្ពុជាអភិវឌ្ឍឧស្សាហកម្មទំនើប ពង្រឹងសមត្ថភាពផ្លូវថ្នល់ក្នុងស្រុក លើកកម្ពស់ ការកាត់បន្ថយការចំណាយនិងការបង្កើនប្រសិទ្ធភាព នៃការដឹកជញ្ជូនទំនិញនិងជំរុញការអភិវឌ្ឍឧស្សាហកម្មដឹកជញ្ជូនធុនធ្ងន់។
សូមរម្លឹកថា ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ ដោយតភ្ជាប់ពីភូមិទី១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិទី១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយឆ្លងកាត់ពីភ្នំពេញ ប្រវែង ៨,៣០គីឡូម៉េត្រ, ខេត្តកណ្តាល ប្រវែង ៩,១០គីឡីម៉េត្រ, ខេត្តកំពង់ស្ពឺ ប្រវែង ៨០,៨០គីឡូម៉ែត្រ, ខេត្តកោះកុង ប្រវែង ១,៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុ ប្រវែង ៨៩,៨៩គីឡូម៉េត្រ។
ផ្លូវនេះមានទទឹងតួសរុប ២៤,៥ម៉ែត្រ ក្រាលបេតុងកៅស៊ូ AC កម្រាស់ ១០សង់ទីម៉ែត្រ ចែកជា ៤គន្លង ២គន្លងទៅ ២គន្លងមក ហើយគន្លងនីមួយៗមានទទឹង ៣,៧៥ម៉ែត្រ ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទអាចបើកបរក្នុងល្បឿនរហូតដល់ ១០០គីឡូម៉ែត្រ ទៅ១២០គីឡូម៉ែត្រ ក្នុង១ម៉ោង។
គូសបញ្ជាក់ថា គម្រោងផ្លូវនេះ ប្រើប្រាស់ថវិកាវិនិយោគជិត ២ពាន់លានដុល្លារ និងប្រើប្រាស់ថវិកាបដិភាគ ដែលជាហិរញ្ញប្បទានឥតសំណងពិសេសរបស់រដ្ឋាភិបាលចិនប្រមាណ ១៥០លានដុល្លារ ប្រើរយៈពេលសាងសង់ចំនួន ៤៨ខែ ដោយគិតចាប់ផ្តើមពីខែមីនា ឆ្នាំ២០១៩ និងបញ្ចប់នៅខែមីនា ឆ្នាំ២០២៣។
គម្រោងនេះ វិនិយោគដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុនខេមបូឌាន ភីភីអេសអេចវី អិចប្រេសវ៉េ (Cambodian PPSHV Expressway Co., Ltd ) ត្រួតពិនិត្យ និងផ្តល់ការប្រឹក្សាបច្ចេកទេសសាងសង់ ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Minconsult SDN BHD៕
ដោយ៖ Moeun Dyna