ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ មានគម្រោងសាងសង់ផ្លូវ ១ខ្សែ ដោយតភ្ជាប់ពីឆ្នេរសុខា ទៅកាន់ឆ្នេរអូរឈើទាល់ ឆ្លងកាត់តំបន់ពយតាមួយ នៃតំបន់កន្ទុយនាគ ដែលមានប្រវែងសរុប ១០៣៤ម៉ែត្រ និងទទឹងមានទំហំ ១០.២៥ម៉ែត្រ។ បើតាមការថ្លែងឱ្យដឹងពីមន្រ្តីជាន់ខ្ពស់រដ្ឋបាលខេត្តព្រះសីហនុ។
មន្រ្តីជាន់ខ្ពស់ ដែលបាលប្រាប់ គេហទំព័រអចលទ្រព្យអាស៊ីបានបានថ្លែងឱ្យដឹងថា ជាមួយនឹងគម្រោងនៃការសាងសង់ផ្លូវថ្មីចំនួនមួយខ្សែនេះវានឹងក្លាយជាសមិទ្ធផលថ្មីនៃប្រវត្តិសាស្ត្ររបស់ខេត្តព្រះសីហនុ ដែលក្រៅពីបង្កើនសោភ័ណភាពនៅក្នុងក្រុងដែលជាតំបន់ទេសចរណ៍ឆ្នេរលំដាប់ខ្ពស់ប្រចាំប្រទេស។
លោក បន្តទៀតថា មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងបានបង្កភាពងាយស្រួលដល់បណ្តាទេសចរជាតិ និងអន្តរជាតិ ដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរវាងផ្លូវពីឆ្នេរសុខា ទៅកាន់ឆ្នេរអូរឈើទាល់ទៀតនោះទេ ពោលគឺអាចធ្វើដំណើរ ឆ្នេរទាំងពីរស្របតាមឆ្នេរសមុទ្រដ៏ស្រស់ស្អាតតែម្ដង។
បើតាមគេហទំព័រខាងលើបានបញ្ជាក់ យ៉ាងណាក៏ដោយប្រភពដដែលមិនបានបង្ហើបពីខ្ទង់ថវិកាចំណាយលើការសាងសង់នៅឡើយ ហើយក៏មិនទាន់កំណត់ពីពេលវេលាជាក់លាក់នៃការចាប់ផ្តើមសាងសង់ប្រាកដនោះដែរ។ គ្រាន់បញ្ជាក់ថា គម្រោងនេះនឹងត្រូវចាប់អនុវត្តក្នុងពេលឆាប់ៗខាងមុខនេះ ខណៈដែលប្លង់នៃផែនការមេត្រូវបានបញ្ចប់ការសិក្សា និងកំណត់រួចរាល់។
គួសបញ្ជាក់ថា ខេត្តព្រះសីហនុ បានចាប់ផ្តើមបង្កើនសក្តានុពល ក្នុងកំឡុងរដ្ឋាភិបាលចិនថា ភ្ជាប់ខេត្តពាណិជ្ជកម្មរបស់ចិនជាមួយខេត្តព្រះសីហនុ ខណៈនោះក៏មានជនជាតិ និងវិនិយោគិនចិនបានចូលមកបណ្ដាក់ទុនក្នុងខេត្តនេះ បង្កើតជាប្រជាប្រិយភាព ធ្វើរតម្លៃការជួល ក៏ដូចជាអចលនទ្រព្យបានឡើងថ្លៃជាងបណ្ដាខេត្តផ្សេងៗ។
មួយគ្នា សំណង់អគារជាច្រើនបានរីកដុះដាលយ៉ាងព្រោងព្រាត ក្នុងក្រុងព្រះសីហនុ ធ្វើឱ្យមានកំណើនមនុស្សជាច្រើនទៅរកស៊ី និងបណ្ដាក់ទុនផងដែរ។ មិនត្រតឹមតែប៉ុណ្ណោះ រាជរដ្ឋាភិបាល សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុនសែន បានទម្លាក់កញ្ចប់ថវិកាជាង ៣០០លានដុល្លារ ស្ថាបនាផ្លូវ ៣៤ខ្សែ មានប្រវែងផ្លូវសរុប ៨២.១៤៥គីឡូម៉ែត្រ ដើម្បីទាក់ទាញវិនិយោគិនបន្ថែមទៀត។
ចំពោះការគម្រោងស្ថាបនាផ្លូវទាំង ៣៤ខ្សែនេះ នឹងរួចរាល់នៅខែមេសា ឆ្នាំ២០២១នេះ បើតាមការបញ្ជាក់របស់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលបានចុះពិនិត្យចាក់អ៊ុតកៅស៊ូពីលើបេតុង កាលពីថ្មីៗនេះ។ លោក បានបញ្ជាក់ថា ក្រោយពីស្ថាបរួចជាស្ថាពរផ្លូវទាំង ៣៤ខ្សែ នឹងចូលរួមអភិវឌ្ឍក្នុងខេត្តបង្កើនសក្ដានុពល។
បើតាមរដ្ឋបាលបាលខេត្តនេះ បានឱ្យដឹងថា ក្រៅពីផ្លូវទាំង ៣៤ខ្សែនេះ ក៏មានគម្រោងសាងសង់ផ្លូវ ១១ខ្សែបន្ថែមទៀត។
រាជរដ្ឋាភិបាលបានកំណត់ក្នុងផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០ គឺរៀបចំ និងអភិវឌ្ឍខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជាតាមរយៈការអភិវឌ្ឍទីក្រុងទំនើបរមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើបដែលមានសុខដុមនីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ៕
ដោយ៖ Moeun Dyna