ភ្នំពេញ៖ សម្តេច នាយរដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការថ្មីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១។ បើតាមលិខិតទីស្ដីការគណៈរដ្ឋមន្រ្តី ជូនលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។
នៅក្នុងលិខិតខាងលើបានបន្តថា រាជរដ្ឋាភិបាលយល់ព្រមឱ្យក្រសួងរៀបចំដែនដី រៀបចំពិធីចម្រើនព្រះបរិត្តឡើងទីស្ដីការនៃក្រសួងរៀបចំដែនដី នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ដើម្បីឱ្យមន្រ្តីចូលបម្រើការងារ។
សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្ដេច ប៊ុនរ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការថ្មីរបស់ក្រសួងរៀបចំដែនដី ដែលស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១នេះ។ បើតាមលិខិតដដែល។
អគារនេះត្រូវបានសាងសង់ចាប់ពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ តាមលិខិតអនុញ្ញាតសាងសង់ និងប្លង់ស្ថាបត្យកម្មលេខ០៦៨ ដនស/អដន ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ និងលិខិតអនុញ្ញាតបើកការដ្ឋានសំណង់លេខ០០៩ អសណ/នសណ ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។ បើតាមក្រសួងរៀបចំដែនដី។
បើតាមលិខិតអនុញ្ញាតសាងសង់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ឯកភាពភាពចំពោះសំណើសុំសាងសង់អគារទីស្ដីការថ្មីរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចំនួន ១អគារ កម្ពស់ ៨៤.១២ម៉ែត្រ មានជាន់ទី១ ដល់ជាន់ទី៥ ជាន់ក្រោមដំបូល និងដំបូលប្រក់ក្បឿង។
អគារមន្ទីរពិសោធន៍ចំនួន ១អគារ កម្ពស់អតិបរមា ១០,៥០ម៉ែត្រ មានជាន់ផ្ទាល់ដី ជាន់ទី១ ដំបូលទែរ៉ាស មានផ្ទៃក្រឡាសំណង់សរយប ៥០.៣៧៨,០០ម៉ែត្រក្រឡា នៅលើដីតំហំ ៣០.០០០.០០០ម៉ែត្រក្រឡា ដែលស្ថិតនៅទីតាំងខាងលើ៕
ដោយ៖ Moeun Dyna