Register Already an agent ? Login

រដ្ឋាភិបាល កំណត់ផ្ទៃអាងស្ដុកទឹកបឹងត្របែកទំហំ ១៤៥.៧៦៧ម៉ែត្រការ៉េ ជាសម្បត្តិសាធារណៈរបស់រដ្ឋ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា កំណត់ផ្ទៃអាងស្ដុកទឹកបឹងត្របែកទំហំ ១៤៥.៧៦៧ម៉ែត្រការ៉េ ស្ថិតក្នុងរាជធានីភ្នំពេញ ជាសម្បត្តិសាធារណៈរបស់រដ្ឋ។ បើតាម អនុក្រឹត្យចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ដែលចុះហត្ថលេខា ដោយ សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន។

លិខិតទីស្ដីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ដែលចុះហត្ថលេខាដោយ លោក កែន រតនា រដ្ឋលេខាធិការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី បានជម្រាបជូនទៅ លោក ឃួង ស្រេង អភិបាលរាធានីភ្នំពេញថា ករណីសំណើសុំគោលការណ៍អនុញ្ញាត ពីសម្ដេច នាយករដ្ឋមន្រ្តី ដើម្បីស្ថាបនាជញ្ជាំងទប់ដីបេតុងអាម៉េ (Concrete Sheet-Pile) នៅអាងស្តុកទឹកមានទំហំខាងលើ និងជីកស្ដារជម្រៅអាងស្តុកទឹក ឱ្យបានជ្រៅជាងពេល បច្ចុប្បន្ន ដើម្បីដោះស្រាយការលិចលង់នៅរាធានីភ្នំពេញ រាជរដ្ឋាភិបាលបានយល់ព្រមអនុញ្ញាត។

បើតាមលិខិតដដែល បានបន្តថា ការយល់ព្រមអនុញ្ញាតនេះ ជាគោលការណ៍ រដ្ឋបាលរាជធានីភ្នំពេញត្រូវអនុវត្តដូចខាងក្រោម៖

ទី១- ធ្វើការស្ថាបនាជញ្ជាំងទប់ដីអំពីបេតុងអារម៉េ(Concrete Sheet-Pile) ព័ទ្ធជុំវិញអាងស្តុកទឹកបឹង ត្របែកទំហំ១៣,៣ហិកតា ដើម្បីកុំឱ្យមានការរំលោភបន្តទៀត។

ទី២-ជីកស្តារអាងស្តុកទឹកបឹងត្របែកខាងលើ ឱ្យមានជម្រៅជ្រៅជាងពេលបច្ចុប្បន្ន ដើម្បីមានសមត្ថភាព គ្រប់គ្រាន់ក្នុងការក្សាទឹកភ្លៀង ឱ្យស្របតាមលក្ខណៈបច្ចេកទេស ដើម្បីឱ្យស្ថានីយបូមទឹកអាច បូមទម្លាក់បន្តទៅកាន់ប្រព័ន្ធបង្ហូរទឹក នៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ។

និងទី៣-ចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ ឱ្យបានម៉ឺងម៉ាត់និងមិនលើកលែង ចំពោះអ្នកដែលរំលោភកាន់កាប់ ហើយមកធ្វើការតវ៉ានិងរារាំងអាជ្ញាធរ ក្នុងពេលចុះអនុវត្តគម្រោងខាងលើនេះ៕

ដោយ៖ Moeun Dyna