Register Already an agent ? Login

ទូតឥណ្ឌា៖ គម្រោងជំនួយ និងការវិនិយោគជាច្រើនរបស់ឥណ្ឌា កំពុងសម្លឹងគោលដៅមកកាន់ប្រទេសកម្ពុជា

ភ្នំពេញ៖ គម្រោងជំនួយ និងការវិនិយោគជាច្រើនរបស់ប្រទេសឥណ្ឌា កំពុងសម្លឹងគោលដៅមកកាន់ប្រទេសកម្ពុជា ដែលក្នុងនោះរួមមាន៖ ផ្នែកសុខាភិបាល, ទេសចរណ៍, ពាណិជ្ជកម្មនិងសង្គមកិច្ច ជាដើម។ បើតាមការលើកឡើងឱ្យដឹងរបស់ លោកស្រី ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ (H.E. Mrs. Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌា ដែលទើបតែងតាំងថ្មីប្រចំាកម្ពុជា នៅក្នុងជំនួបជាមួយ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា។

នៅក្នុងជំនួបខាងលើធ្វើឡើងកាលពីថ្ងៃទី២០ ខែមករា​ឆ្នាំ២០២១ លោក ស្រីទូតឥណ្ឌា បានលើឡើងបន្តថា ឥណ្ឌាមាន គម្រោងចូលរួមជួយជួសជុលអភិរក្សប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក និងចូលរួមជំរុញលើកកម្ពស់ការប្រើប្រាស់ទឹកស្អាតនៅជនបទ និងការកសាងសមត្ថភាពសមាជិកាសភានិងមន្រ្តីរាជការជាដើម។ លោក ស្រីបញ្ជាក់ «ចំណែក វិនិយោគិនពីប្រទេសឥណ្ឌា ក៏បានចាប់អារម្មណ៍ការមកបណ្ដាក់ទុននៅកម្ពុជា ក្នុងវិស័យសុខាភិបាល និងការហោះហើរត្រង់ផងដែរ។

ឥណ្ឌានឹងលើកកម្ពស់ទំនាក់ទំនង រវាងប្រជាជននិងប្រជាជនតាមបែបឌីជីថល នៅក្នុងនោះមានប្រជាជនកម្ពុជា និង ប្រជាជនឥណ្ឌា ប្រជាជនឥណ្ឌានិងប្រជាជនក្នុងតំបន់អាស៊ាន ខណៈឥណ្ឌាគ្រោង កសាងផ្លូវគមនាគមន៍ដ៏ធំមកកាន់បណ្តាប្រទេសជាសមាជិកអាស៊ាន។ បើតាមការលើកឡើងបន្តទៀតរបស់ លោក ស្រីទូត បានបញ្ជាក់ទៀតថា ប្តេជ្ញាចិត្តនៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាពកិច្ចសហប្រតិបត្តិការជាប្រពៃណី ដែលមានតំាងពីយូរណាស់មកហើយ រវាងប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ ថែមទៀតទំាងនៅស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។

លោកស្រីទូត បានជម្រាប សម្តេចប្រធានរដ្ឋសភាថា ចំពោះសំណើរបស់ សម្តេចនាយករដ្ឋមន្រ្តី ដែលបានស្នើ ឥណ្ឌាជួយផ្តល់ជំនួយមនុស្សធម៌វ៉ាក់សំាងការពារកូវីដ-១៩ ដល់ប្រទេសកម្ពុជានោះ លោកស្រីនឹងរាយការណ៍ជូនថ្នាក់ដឹកនាំឥណ្ឌាបានជ្រាបនិងសម្រេចនៅក្នុងកិច្ចការនេះ។

នៅក្នុងជំនួបនេះ សម្តេច ហេង សំរិន បានគំាទ្របេសកកម្មការទូតថ្មីរបស់ លោកស្រីទូតនៅកម្ពុជា ក្នុងការបន្តរួមចំណែកលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទំាងពីរដែលមានស្រាប់ ឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។

 កម្ពុជា-ឥណ្ឌា មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការទូតនេះជាមួយគ្នាជាយូរយារណាស់មកហើយ ទាំងផ្នែកសិល្បៈ វប្បធម៌ និងជំនឿសាសនា។ ជាប្រសាសន៍ ប្រធានរដ្ឋសភា សម្ដេច ហេង សំរិន ថា ឥណ្ឌាជាប្រទេសមួយ ក្នុងចំណោមប្រទេសមិនច្រើនទេ ដែលបានគំាទ្រដល់រដ្ឋាភិបាលកម្ពុជា នៅក្រោយឆ្នាំ១៩៧៩ ខណៈប្រទេសជាច្រើន ពិសេសប្រទេសលោកខាងលិច បានហ៊ុមព័ទ្ធសេដ្ឋកិច្ចកម្ពុជា។

 សម្តេច បានលើកឡើងថា រដ្ឋសភាកម្ពុជា មានការពេញចិត្ត ដោយសង្កេតឃើញពីវឌ្ឍនភាព នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ឥណ្ឌា មានការរីកចម្រើនឥតឈប់ឈរទំាងវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច វប្បធម៌ អប់រំ សុខាភិបាល និងការអភិវឌ្ឍធនធានមនុស្ស។

នាឱកាសនោះ សម្ដេច ប្រធានរដ្ឋសភា បញ្ជាក់ថា ក្នុងនាមរដ្ឋសភាកម្ពុជា សូមថ្លែងអំណរគុណដល់ប្រទេសឥណ្ឌា ដែលរយៈពេលកន្លងមកនេះ បានជួយបណ្តុះបណ្តាលធនធានមនុស្សរយៈពេលខ្លី និងវែង ដល់និស្សិត និងមន្រ្តីកម្ពុជា ជាងមួយពាន់នាក់ និងសូមស្នើឥណ្ឌាបន្តជួយបណ្តុះបណ្តាលជំនាញផ្សេងៗបន្ថែមទៀត។

សម្តេច បន្តថា រដ្ឋសភាកម្ពុជា សូមអបអរសាទរ រដ្ឋាភិបាលប្រទេសទាំងពីរដែលបានចុះកិច្ចព្រមព្រៀង និងអនុស្សរណៈ ជាមួយគ្នា ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពជាច្រើន និងបានត្រៀមចុះហត្ថលេខាលើឯកសារសំខាន់ៗជាច្រើនទៀត៕

ដោយ៖ Moeun Dyna