Register Already an agent ? Login

ADB ផ្ដល់ជំនួយ ៩ពាន់លានដុល្លារ ទិញវ៉ាក់សាំងការពារកូវីដ-១៩ ជួយប្រទេសជាសមាជិក រួមទាំងកម្ពុជា

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្ដល់ជំនួយជាទឹកប្រាក់ ៩ពាន់លានដុល្លារ ទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីចែកចាយជួយប្រទេសជាសមាជិករបស់ខ្លួន ក្នុងនោះមានប្រទេសកម្ពុជា ផងដែរ។ បើតាមទំព័រហ្វេសប៊ុក ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា។

ADB បានបន្តថា ការផ្ដល់ជំនួយនេះ បានចាប់ប្រតិបត្តិគំនិតផ្តួចផ្តើមអន្តរាគមន៍ គាំទ្រការទទួលបានវ៉ាក់សាំងនៅអាស៊ីប៉ាស៊ីហ្វិក (Asia Pacific Vaccine Access Facility ឬ ហៅកាត់ថា APVAX) ដោយផ្តល់ការគាំទ្រយ៉ាងឆាប់រហ័ស និងប្រកបដោយសមធម៌ ដល់សមាជិកជាប្រទេសកំពុងអភិវឌ្ឍរបស់ខ្លួន ខណៈ ដែលពួកគេកំពុងចាប់ផ្តើមទិញ និង ដឹកជញ្ជូនវ៉ាក់សាំង កូវីដ-១៩ ដែលមានប្រសិទ្ធភាព និងសុវត្ថិភាព។

លោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី មានប្រសាសន៍ថា នៅពេលសមាជិកជាប្រទេសកំពុងអភិវឌ្ឍន៍របស់ ADB ត្រៀមចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ខ្លួន ឱ្យបានឆាប់ បំផុតតាមដែលអាចធ្វើបាន ប្រទេសទាំងនោះត្រូវការហិរញ្ញប្បទាន ដើម្បីទទួលបានវ៉ាក់សាំង ក៏ដូចជា ផែនការ និងចំណេះដឹងសមស្រប ដើម្បីអាចគ្រប់គ្រងដំណើរការចាក់វ៉ាក់សាំង ដោយសុវត្ថិភាព។

លោក បានបន្តថា APVAX នឹងដើរតួយ៉ាងសំខាន់ក្នុងការជួយសមាជិកជាប្រទេសកំពុងអភិវឌ្ឍរបស់យើងដើម្បីដោះស្រាយបញ្ហាទាំងនេះជំនះការរាតត្បាត  និងផ្តោតលើការងើបឡើងវិញនៃសេដ្ឋកិច្ច។

ADB បានឱ្យដឹងថា សកម្មភាពសេដ្ឋកិច្ចនៃប្រទេសកំពុងអភិវឌ្ឍនៅអាស៊ីត្រូវបានព្យាករថា ​នឹងធ្លាក់ចុះក្នុងរង្វង -០,៤ភាគរយ នៅឆ្នាំ២០២០ មុនពេលកើនឡើងដល់ ៦,៨ភាគរយ ក្នុងឆ្នាំ២០២១ ខណៈតំបន់នេះឆ្ពោះទៅរកការងើបឡើងវិញពីផលប៉ះពាល់នៃកូវីដ-១៩។

លោក David Freedman សេដ្ឋវិទូប្រចាំប្រទេសរបស់ ADB កម្ពុជាថ្លែងថា សេដ្ឋកិច្ចកម្ពុជា នឹងធ្លាក់ចុះ ក្នុងរង្វង់ -៤.០ភាគរយ ភាគរយក្នុងឆ្នាំ២០២០ ហើយកំណើននឹងស្ទុះឡើង ៥.៩ភាគរយ នៅឆ្នាំ២០២១។ លោក ថា កម្ពុជាកំពុងធ្វើពិពិធកម្មសមត្ថភាពនាំចេញរបស់ខ្លួន ដែលនេះជាគន្លឹះនៃកំណើននាពេលអនាគតពីព្រោះកំណើនរបស់កម្ពុជាត្រូវបានបង្កើតឡើងដោយផ្អែកលើការបើកចំហពាណិជ្ជកម្ម។

បើតាម ADB បានបញ្ចាក់ អាស៊ីអាគ្នេយ៍ត្រូវការវិស័យសាធារណៈដែលមានសេវាល្អ ដើម្បីយកឈ្នះលើកូវីដ-១៩ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃជំងឺរាតត្បាត  និងការផ្តល់សេវាកម្មប្រកបដោយប្រសិទ្ធភាព មន្ត្រីរាជការអាជីពត្រូវអភិវឌ្ឍតម្លៃ វប្បធម៌ និងជំនាញដែលត្រូវការដើម្បីឆ្លើយតបទៅនឹងការទាមទារនិងបញ្ហាប្រឈមដ៏ស្មុគស្មាញនេះ៕

ដោយ៖ Moeun Dyna