Register Already an agent ? Login

ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា ចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៅថ្ងៃ២៩ ធ្នូនេះ

ភ្នំពេញ៖ ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា ចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ធ្នូ ឆ្នាំ២០២០។ បើតាមការថ្លែងរបស់ សម្ដេច នាយកដ្ឋមន្រ្តី ហ៊ុន សែន ថា ការចាប់ផ្តើមផលិតកម្មប្រេងដំបូងរបស់កម្ពុជា នៅតំបន់ប្លុក A ឈូងសមុទ្រកម្ពុជា ដែលជាការទន្ទឹងរងចាំអស់រយៈកាលដ៏យូរកន្លងមកនេះ។

ថ្លែងសារពិសេស ចេញពីគេហដ្ឋាន នាក្រុងតាខ្មៅ ប្រធានបទ ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តថា ដោយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការចូលរួមយ៉ាងសកម្មពីក្រុមហ៊ុន Kris Energy ដែលជាប្រតិបត្តិករនៃគម្រោងនេះ មកដល់ពេលនេះយើងបានសម្រេចបាននូវការបញ្ចប់ដោយជោគជ័យជាស្ថាពរនូវការសាងសង់ ការបំពាក់គ្រឿងសម្ភារ និងបរិក្ខានៃបណ្តាហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាសម្រាប់ដំណើរការផលិតកម្មធនធានរ៉ែប្រេង។

ប្រមុខរាជរដ្ឋាភិបាលបានថ្លែងឱ្យដឹងបន្តថា ហេដ្ឋារចនាសម្ព័ន្ធផលិតកម្មប្រេងធំៗនិងសំខាន់ៗ ដែលបានសាងសង់ ដំឡើង និងរៀបចំរួចរាល់ជាស្ថាពរនៅក្នុងតំបន់ប្លុកA សម្រាប់ដំណើរការផលិតកម្មជារួមមាន៖

• ផ្លាតហ្វមអណ្តូងប្រេង ផលិតនៅកោះបាតាងនៃប្រទេសឥណ្ឌូនេស៊ី ចាប់ផ្តើមសាងសង់នៅអំឡុងខែធ្នូឆ្នាំ ២០១៩ និងបានបញ្ចប់នៅខែសីហា ២០២០។ ផ្លាតហ្វមនេះ បានដឹកចូលមកដល់តំបន់ប្លុក A និងបានបញ្ចប់ការដំឡើងរួចរាល់ជាស្ថាពរនៅថ្ងៃទី៧ ខែកញ្ញា ២០២០។

• កប៉ាល់ផលិតកម្មប្រេងបានដំឡើងជួសជុល និងបំពាក់សម្ភារបរិក្ខារួចរាល់នៅខែកញ្ញា ឆ្នាំ២០២០ នៅប្រទេសសឹង្ហបុរី និងបានដឹកមកដល់និងដំឡើងរួចរាល់នៅប្លុក A នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០។ កប៉ាល់ស្តុកប្រេង បានរៀបចំនិងត្រៀមចាំរួចរាល់នៅប្លុក A នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០។

សម្ដេច បានថ្លែងដោយមានមោទកភាព «ការចាប់ផ្តើមផលិតកម្មប្រេងនេះ គឺជាពរជ័យសម្រាប់កម្ពុជា។ នេះជាការចាប់ផ្ដើមមួយជំហានដំបូងដ៏សំខាន់សម្រាប់កម្ពុជាឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពលនៅកម្ពុជា»។

រាជរដ្ឋបាលភិបាលបានថ្លែងបន្តទៀតថា ផលប្រយោជន៍សំខាន់ៗរួមមាន ចំណូលថវិកាជាតិ ផលសេដ្ឋកិច្ចទទួលបានពីការបង្កើតបាននូវពិពិធកម្មខឿនឧស្សាហកម្មក្នុងវិស័យប្រេងកាត និងការកសាងសមត្ថភាពជាតិនៅក្នុងវិស័យនេះ។ ការរកឃើញនិងអាជីវកម្មធនធានរ៉ែប្រេងនៅកម្ពុជា គឺជាពរជ័យសម្រាប់ប្រជាជន និងប្រទេសជាតិ៕

ដោយ៖ Moeun Dyna