សម្រាប់អ្នកដែលចង់ផ្លាស់ប្តូរបទពិសោធន៍មកគេងតង់ និងគយគន់ទេសភាពពេលយប់។ ប្លែកថ្មីទៀតហើយជាមួយនឹងរមណីយដ្ឋានថ្មីមួយ ដែលស្ថិតនៅខេត្តកំពត។ យើងអាចទៅលំហែកាយក្នុងឱកាសឆ្លងឆ្នាំខាងមុខនេះបាន រីឯតម្លៃវិញគឺសមរម្យ។
រមណីយដ្ឋានឈ្មោះ ដំបូង-Kompot គឺជារមណីយដ្ឋានដែលទើបតែបងើ្កតឡើងថ្មីមួយ ដែលមានទីតាំងស្ថិតនៅភូមិ បឹងតាព្រៀម សង្កាត់ ត្រើយកោះ ខេត្តកំពត។ ប្រសិនបើយើងនៅទីរួមខេត្តកំពត គឺយើងគ្រាន់តែចំណាយរយៈពេល ១៤នាទីប៉ុណ្ណោះ នឹងបានទៅដល់ទីតាំងដ៏ស្រស់ស្អាតមួយនេះ។ រមណីយដ្ឋានមួយនេះគឺបានសាងសង់ឡើងជាប់នឹងដងព្រែកកំពត និងជិតសមុទ្រដែលអាចឲ្យភ្ញៀវដែលទៅដល់ទីនេះមានអារម្មណ៍ស្រស់ស្រាយ។
រមណីយដ្ឋានមួយនេះគឺរុំព័ទ្ធទៅដោយភ្នំជាច្រើន ជាពិសេសនោះគឺយើងអាចមើលឃើញភ្នំបូកគោយ៉ាងច្បាស់ពីទីតាំងដែលយើងស្នាក់នៅ។ យើងក៏អាចធ្វើអាហារពេលល្ងាច និងទស្សនាថ្ងៃលិចពីកន្លែងដែលយើងស្នាក់បានដែរ។ បន្ថែមពីនេះទៀត យើងក៏អាចជួលទូកសម្រាប់ជិះគយគន់ទេសភាពផងដែរ៕