ភ្នំពេញ៖ ចក្រភពអង់គ្លេស សម្រេចថានឹងមិនបន្តអនុវត្តការព្យួរមួយផ្នែកនៃប្រពន្ធ័អនុគ្រោះពន្ធ របស់សហភាពអឺរ៉ុបក្នុងក្របខ័ណ្ឌប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ មកលើកម្ពុជាទៀតទេ ពីព្រោះមើលឃើញពីផលប៉ះពាល់ដោយសាវិបត្តិជំងឺកូវីដ-១៩ មកលើប្រជាពលរដ្ឋខ្មែរទាំងមូល ជាពិសេសកម្មរោងចក្រ។ យោងតាមសេចក្ដីប្រកាសព័ត៌មានក្រសួងការបរទេសកម្ពុជាថ្ងៃទី១៧ ខែធ្នូ នេះ។
ក្រសួងការរទេសបានបន្តឱ្យដឹងថា តាមការបញ្ជាក់របស់ លោកស្រី Tina Redshaw ឯកអគ្គរាជទូត វិសាមញ្ញនិងពេញសមត្ថភាពនៃចក្រភពអង់គ្លេសនិងអៀឡង់ខាងជើង ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ តទៅចក្រភពអង់គ្លេសនឹងអនុវត្តនូវគោលនយោបាយពាណិជ្ជកម្មឯករាជ្យ»។
នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ លោកស្រីទូតបានថ្លែងបញ្ជាក់ទៀតថា «រដ្ឋមន្ត្រីទាំងអស់របស់អង់គ្លេសបានសម្រចថានឹងមិនបន្តអនុវត្តការព្យួរមួយផ្នែកនៃប្រពន្ធ័អនុគ្រោះពន្ធរបស់ សហភាពអឺរ៉ុបក្នុងក្របខ័ណ្ឌប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ មកលើកម្ពុជាទៀតទេ»។
លោក ស្រីទូតរូបនេះ បានថ្លែងថា ដោយហេតុថា ចក្រភពអង់គ្លេសបានមើលឃើញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើក្រុមមនុស្សងាយរងគ្រោះជាច្រើននៃសង្គមកម្ពុជា ដែលក្នុងនោះរួមមានទាំងកម្មកររោងចក្រផងដែរ។
នាឱកាសនៅក្នុងជំនួបខាងលើ លោកស្រី Tina Redshaw បានថ្លែងបញ្ជាក់ទៀតថា «ចក្រភពអង់គ្លេសកំពុងរិះរកវិធី ដើម្បីបង្កើតកិច្ចសន្ទនាទៀងទាត់ជាមួយអាជ្ញាធរមានសមត្ថកិច្ចកម្ពុ ជាលើបញ្ហាផ្សេងៗពាក់ព័ន្ធនិងវិស័យសិទ្ធិមនុស្ស និងសេរីភាព ផ្សេងៗទៀត»។
រដ្ឋមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា លោក ប្រាក់ សុខុន បានសម្តែងការកោតសរសើរយ៉ាងខ្លាំង ចំពោះការសំរេចចិត្តរបស់ចក្រភពអង់គ្លេសនេះ។ លោក បញ្ជាក់ថា ការសម្រេចនេះ «ជាការជំរុញ និងលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា»។
លោក រដ្ឋមន្រ្តី បានថ្លែងបន្តថា ថា ការសំរេចចិត្តនេះគឺពិតជាដំណឹងល្អសំរាប់កម្មករកម្ពុជា នៅពេលដែលពួកគេកំពុងទទួលរងផលប៉ះពាល់ពីមហន្តរាយនៃជំងឺកូវីដ-១៩។ នាឱកាសនោះ លោក បានសង្កត់ធ្ងន់ថា កម្ពុជា បេ្តជ្ញាយ៉ាងមុតមាំក្នុងការកសាងទំនាក់ទំនងដែលផ្តល់ផលប្រយោជន៌ទៅវិញទៅមកជាមួយចក្រភពអង់គ្លេសទាំងលើវិស័យទ្វេភាគី និងពហុភាគី៕
ដោយ៖ Moeun Dyna