ភ្នំពេញ៖ លំហូរនៃការវិនិយោគផ្ទាល់ពីបរទេសទៅក្នុងគម្រោងក្រៅឧស្សាហកម្មកាត់ដេរ និងទៅក្នុងវិស័យកសិកម្មនៅតែបន្តកើនឡើង ដោយសារភាពទាក់ទាញរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាកំពុងធ្វើជាមួយប្រទេសនានាក្នុងតំបន់។ បើតាមរបាយការណ៍ឈ្មោះ Restrained Recovery ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ដែលធនាគារពិភពលោក ដកស្រង់មកប្រកាសព័ត៌មានឱ្យដឹងនៅថ្ងៃទី១៦ ខែធ្នូ នេះ។
នៅក្នុងរបាយការណ៍បានបន្តថា នៅពេលដែលមានការធូរស្រាលបន្តិចនៅក្នុងវិធានការរក្សាសុវត្ថិភាពសង្គម កម្មភាពសេដ្ឋកិច្ចក្នុងស្រុកកំពុងតែវិលទៅរកប្រក្រតីភាពបន្តិចម្តងៗវិញ។ អន្តរាគមន៍ក្នុងកម្រិតដែលមិនធ្លាប់មានរបស់រដ្ឋាភិបាល បានជួយមួយផ្នែកក្នុងការទ្រទ្រង់ដល់ផ្នែកទទួលទានប្រើប្រាស់ឱ្យនៅស្ថិតស្ថេរ ហើយអតិផរណាក៏ស្ថិតនៅក្រោមការគ្រប់គ្រងជាប់ផងដែរ។
ទោះបីជាការនាំចេញសរុបនៃផលិតផលកមន្តសាលបានរងការប៉ះទង្គិចពីការរាតត្បាតជំងឺនេះក៏ដោយ ក៏កំណើននៅតែបន្តមានក្នុងការនាំចេញផលិតផលរោងចក្រដទៃទៀត មានកង់, គ្រឿងបង្គុំអគ្គិសនី, និងគ្រឿងបន្លាស់រថយន្ត និងគ្រឿងផ្សំនានា ហើយការនាំចេញអង្ករនិងផលិតផលកសិកម្មផ្សេងទៀតនៅមានសន្ទុះខ្លាំងក្លា។ បើតាមការអះអាងនៅក្នុងរបាយការណ៍ខាងលើ ថា ជាមួយគ្នានេះ ទេសចរណ៍ក្នុងស្រុកបានជួយមួយផ្នែកក្នុងការធ្វើឱ្យឧស្សាហកម្ម ទេសចរណ៍ និងការធ្វើដំណើរកម្រើកឡើងវិញ។
ស្របពេលដែលសេដ្ឋកិច្ចរបស់កម្ពុជា បន្តរងគ្រោះដោយសារឥទ្ធិពលនៃការរាតត្បាតជំងឺកូវីដ-១៩ មានសញ្ញាជាច្រើនបង្ហាញថាសកម្មភាពសេដ្ឋកិច្ចកំពុងចាប់ផ្តើមកម្រើកឡើងវិញហើយ។ បើតាមការអះអាងបន្ត របស់របាយការណ៍ Restrained Recovery បញ្ជាក់ «សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថានឹងរួញទំហំប្រមាណដក ២ភាគរយក្នុងឆ្នាំ២០២០ ប៉ុន្តែត្រូវបានរំពឹងទុកថា នឹងងើបឡើងវិញហើយលូតលាស់បានប្រហែលជិត ៤ភាគរយ ក្នុងឆ្នាំ២០២១»។
នាយិកាគ្រប់គ្រងប្រចាំប្រទេសរបស់ធនាគារពិភពលោក លោកស្រី អ៊ីងហ្គូណា ដូប្រាចា បានថ្លែងថា ជាការចាំបាច់ដែលត្រូវជំរុញលើកទឹកចិត្តដល់ការវិនិយោគក្នុងស្រុក និងពីបរទេសឱ្យទាញយកផលចំណេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនិងក្នុងតំបន់ដែលត្រូវបានបង្កើតឡើងកាលពីពេលថ្មីៗនេះ។
លោក ស្រីបន្តថា លទ្ធភាពនេះអាចធ្វើទៅរួចតាមរយៈការដាក់ចេញឱ្យបានឆាប់រហ័សនូវច្បាប់វិនិយោគមានភាពប្រកួតប្រជែង និងប្រការលើកទឹកចិត្តនានាដល់ការវិនិយោគ អមដោយវិធានការទាំងឡាយសំដៅបង្កភាពងាយស្រួលដល់ការធ្វើអាជីវកម្ម ផងដែរ។
នៅក្នុងរបាយការណ៍ខាងលើបានផ្ដល់អនុសាសន៍ ដល់រដ្ឋាភិបាលកម្ពុជា ស្នើឱ្យបង្កើនការវិនិយោគសាធារណៈសម្រាប់ជួយដល់ជនក្រីក្រី និងសម្រាប់ជំរុញកំណើន រួមមានទាំងកម្មវិធីបង្កើតការងារជាថ្នូរយកប្រាក់កម្រៃប្រចាំថ្ងៃ។ ទន្ទឹមគ្នានេះ លើកកម្ពស់វិស័យអតិពលកម្មនានា ដើម្បីបង្កើតការងារក្នុងឱកាសដែលមានការងើបឡើងឆាប់រហ័សនៃតម្រូវការទំនិញប្រើប្រាស់ក្នុងស្រុក។
បើតាមសេចក្ដីប្រកាសព័ត៌មានធនាគារពិភពលោក ដែលបានដកស្រង់ខ្លឹមសារនៅក្នុងរបាយការណ៍ខាងលើឱ្យដឹងថា ការស្ទង់មតិលើសកម្មភាពធុរកិច្ចកម្ពុជា ត្រូវបានធ្វើឡើងសម្រាប់ស្វែងយល់អំពីផលប៉ះពាល់របស់កូវីដ-១៩ ទៅលើធុរកិច្ច ត្រូវបានធ្វើជាមួយក្រុមហ៊ុនជាង ៥០០ក្រុមហ៊ុន ពីខែមិថុនាដល់ខែកញ្ញា លទ្ធផលបង្ហាញថា អាជីវកម្មជាច្រើនបានបើកទ្វារឡើងវិញហើយ តាំងពីខែមិថុនាមក។
របាយការណ៍ដដែលបញ្ជាក់ យ៉ាងណាក្តី ការលក់នៅមានកម្រិតទាបខ្លាំង ពិសេសសម្រាប់អាជីវកម្មខ្នាតមីក្រូ តូច និងមធ្យម និងសម្រាប់បណ្តាក្រុមហ៊ុនជាច្រើននៅខេត្តសៀមរាប៕
ដោយ៖ Moeun Dyna