Register Already an agent ? Login

រាជរដ្ឋាភិបាល កែសម្រួលអត្រាពន្ធគយ និងអត្រាអាករពិសេសលើមុខទំនិញមួយចំនួន ចាប់អនុវត្តដើមឆ្នាំ២០២១

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចកែសម្រួលអត្រាពន្ធគយ និងអត្រាអាករពិសេសលើមុខទំនិញមួយចំនួន ដែលនឹងអនុវត្តចាប់ពីថ្ងៃទី១​ ខែមករា ឆ្នាំ២០២១។ បើយោងតាមអនុក្រឹត្យចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ដែលរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់សំណើរ។

នៅក្នុងអនុក្រឹត្យ ជំពូកទី១ មាត្រា១ ចែងថា ត្រូវបានបន្ថយអត្រាពន្ធគយលើមុខទំនិញនាំចូលមួយចំនួន ពី៧ភាគរយ មក ០ភាគរយ លើមុខទំនិញវត្ថុធាតុដើមសម្រាប់ផលិតកម្មចំណីអាហារ និងភេសជ្ជៈ និងប្រព័ន្ធសូឡា ចំនួន១៣បន្ទាត់ នៃតារាងពន្ធគយកម្ពុជាឆ្នាំ២០១៧។

មាត្រាដដែលបានបន្តថា បន្ថយពី១៥ភាគរយ មក០ភាគរយ លើមុខទំនិញឧបករណ៍ និងគ្រឿងម៉ាស៊ីនកែច្នៃសំខាន់ៗ ដែលបម្រើការដល់សង្វាក់ផលិតកម្មនានា ចំនួន ៥៦បន្ទាត់ពន្ធ។ បើតាមមាត្រា១ ដដែលនេះ បានបន្តទៀតថា ពី១៥ភាគរយ មក៧ភាគរយ លើមុខទំនិញវត្ថុធាតុដើម និងម៉ាស៊ីនកៃច្នៃសំខាន់ៗ បម្រើការឱ្យសង្វាក់ផលិតកម្មនានា ចំនួន ៦០បន្ទាត់។

បន្ថយពី៣៥ភាគរយ មក៧ភាគរយ លើមុខទំនិញអាល់កុលសម្លាប់មេរោគ មិងមុខទំនិញមួយចំនួនទៀតដែលគាំទ្រដល់វិស័យឧស្សាហកម្មចំនួន ៦បន្ទាត់ពន្ធ។ បើតាមមាត្រាខាងលើ បន្ថែមថា បន្ថយពី៣៥ភាគរយ មក១៥ភាគរយលើមុខទំនិញជាវត្ថុធាតុដើម និងធាតុចូលផលិតកម្មចំនួន ៤បន្ទាត់។

នៅក្នុងអនុក្រឹត្យ ជំពូកទី២ បានចែងថា ការកែសម្រួលអត្រាអាករពិសេសលើមុខទំនិញមួយចំនួន ពី១០ភាគរយ មក០ភាគរយ លើមុខទំនិញប្រេងរំអិលប្រើប្រាស់ក្នុងវិស័យវាយនភ័ណ្ឌ ម៉ាស៊ីនលាងចាន និងទោចក្រយាន ចំនួន ១៦បន្ទាត់។ បន្ថយពី ១០ភាគរយ មក៥ភាគរយ លើមុខទនិញសម្ភារអគ្គិសនីប្រើប្រាស់ក្នុងផ្ទះចំនួន ៥បន្ទាត់។ បន្ថយពី ២៥ភាគរយ មក០ភាគរយ លើមុខទំនិញប្រេងរំអិលជាធាតុចូលក្នុងសង្វាក់ផលិតកម្មនានា ចំនួន ៨បន្ទាត់។

បន្ថយពី ៣៥ភាគរយ មកោភាគរយ លើមុខទំនិញអាល់កុលសម្លាប់មេរោគប្រើប្រាស់ក្នុងវិស័យសុខភិបាល ចំនួន ៣បន្ទាត់ពន្ធ និងពី៣៥ភាគរយ មក ១៥ភាគរយ លើមុខទំនិញមេស្រាដែលមានជាត់អាល់កុលចាប់ពី ៨០ដឺក្រេ ចំនួន ១។

បើតាមមាត្រា ៤ នៅក្នុងអនុក្រឹត្យបានបញ្ជាក់ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ រដ្ឋមន្រ្តី គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវទទួលអនុវត្ត តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃទី១ ខែមករា ឆ្នា២០២១៕

ដោយ៖ Moeun Dyna