Register Already an agent ? Login

នៅឆ្នាំ២០២៣ កម្ពុជាគ្រោងនឹងពង្រីកសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជម្រៅទឹក១៤,៥ម៉ែត្រ ប្រវែង៣៥០ម៉ែត្រ

ភ្នំពេញ៖ កម្ពុជាគ្រោងនឹងពង្រីកសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុបន្ថែមទៀត តាមរយៈការកសាងចំណតផែកុងតឺន័រថ្មីមួយជម្រៅទឹក ១៤,៥ម៉ែត្រ ដែលមានប្រវែង​ ៣៥០ម៉ែត្រ នឹងធានាដល់ការចូលចតនាវាកុងតឺន័រខ្នាតធំៗ ចំណុះរហូតដល់ទៅ ៦០.០០០តោន ឬស្មើនឹង៩៣ភាគរយ នៃចំនួននាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅដើមឆ្នាំ២០២៣ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រ ឆ្លងកាត់កំពង់ផែមួយនេះក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត។ បើយោងតាមក្រសួងដឹកជញ្ជូន។

ក្រោយការសាងសង់ចំណតផែថ្មីនេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងក្លាយទៅជាកំពង់ផែលំដាប់ថ្នាក់ខ្នាតមធ្យម ដែលនឹងមានបរិមាណកុងតឺន័រឆ្លងកាត់លើសពី ១លានTEUs/ឆ្នាំ រីឯតម្លៃដឹកជញ្ជូនតាម សមុទ្រទៅ-មកកម្ពុជា នឹងកាន់តែចុះទាបប្រហាក់ប្រហែលនឹងថ្លៃដឹកជញ្ជូនតាមសមុទ្រនៃប្រទេសជិតខាង។ ជាការបញ្ជាក់របស់ក្រសួងដឹកជញ្ជូន។

ក្រសួងបានបញ្ជាក់ទៀតថា លើសពីនេះទៀត ចំណតកំពង់ផែនេះ គឺជាច្រកសេដ្ឋកិច្ចជាតិមួយយ៉ាងសំខាន់ក្នុងការដោះដូរទំនិញ ផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ដោយបានតភ្ជាប់ជាមួយ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ផ្លូវដែក ជាពិសេសផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលកំពុងដំណើរសាងសង់ផងដែរ។

លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំស្តីពីការចាប់ផ្តើមគម្រោងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិចនៅកំពង់ផែ (Port EDI) ជាមួយលោក HIROSHI NISHIOKA តំណាង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) តាមរយៈវីដេអូពីចម្ងាយ កាលពីថ្ងៃទី១៥ ​ខែធ្នូ ឆ្នាំ២០២០។

នៅក្នុងកិច្ចប្រជុំខាងលើ លោក បានបញ្ជាក់ ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា Port EDI ជួយសម្រួលដល់នីតិវិធីចេញ-ចូលកំពង់ផែកម្ពុជា សម្រាប់នាវាដឹកជញ្ជូនទំនិញអន្តរជាតិធំៗ  សំដៅគ្រប់គ្រងសេវាដឹកជញ្ជូនតាមផ្លូវទឹកប្រកបដោយប្រសិទ្ធភាព តម្លាភាព ចំណេញពេលវេលា និងកាត់បន្ថយការចំណាយផ្សេងៗ ជាពិសេសបង្កើនការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងបង្កើតការងារធ្វើជូនពលរដ្ឋកម្ពុជាផងដែរ៕

ដោយ៖ Moeun Dyna