Register Already an agent ? Login

ខេត្តតាកែវ ផលិតស្រូវជាប់ចំណាត់ថ្នាក់លេខ១ និងលេខ២ ៨ឆ្នាំដូចគ្នា តែរយៈពេលពីរឆ្នាំចុងក្រោយធ្លាក់មកលេខ៣

តាកែវ៖ តាកែវ គឺជាខេត្តមួយក្នុងចំណោមខេត្តធំៗដែលមានសក្តានុពលលើផលិតកម្មដំណាំស្រូវជាប់ចំណាត់លេខ១ ចំនួន៨ឆ្នាំ និងថ្នាក់លេខ២ ចំនួន ៨ឆ្នាំ ប៉ុន្តែ ពីរឆ្នាំចុងក្រោយធ្លាក់មកចំណាត់ថ្នាក់លេខ៣ ហើយក៏ជាខេត្តមួយមានច្រកនាំចេញផលស្រូវធំមួយទៅកាន់ប្រទេសជិតខាង តាមមធ្យោបាយផ្លូវទឹក និងផ្លូវគោក។ បើតាមការឱ្យដឹងពីរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងសាទ លោក វេង សាខុន។

លោក រដ្ឋមន្រ្តីបានបន្តថា ក្នុងឆ្នាំ២០២០ យោងតាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្ត កាលពីថ្ងៃទី១៥ ខែធ្នូ បានឱ្យដឹងថា តួលេខក្នុងផែនការបង្កបង្កើនផលស្រូវរដូវរស្សាមានផ្ទៃដីសរុបចំនួន ១៨០ ០០០ហិកតា អនុវត្តបានចំនួន ២០៩ ៣៧៣ហិកតា ស្មើនឹង ១១៦ភាគរយ ទទួលបានទិន្នផល ៣,៤តក្នុងមួយហិកតា បរិមាណផលសរុបចំនួន ៧១១ ៤២៣តោន លើសឆ្នាំមុនចំនួន ៣៥ ៣៧២តោន។

លោក វេង សាខុន បានបន្តទៀតថា ដោយឡែកចំពោះស្រូវប្រាំងវិញ តួលេខក្នុងផែនការមានចំនួន ៨០ ០០០ហិកតា អនុវត្តបានចំនួន ១០១ ៥១១ហិកតា ស្មើនឹង ១២៧ភាគរយ ទទួលបានទិន្នផល ៤,៨៩៨តោនក្នុងមួយហិកតា ដោយ បរិមាណផលសរុបទចំនួន ៤៩៧ ២០១តោន តិចជាងឆ្នំាមុន ៦ ៦៨៤តោន (បញ្ហាមកពីខ្វះទឹកមិនអាចធ្វើលើកទី២ បាន)។

ចំពោះការនាំចេញ ខេត្តតាកែវមានច្រកនាំចេញផលស្រូវសំខាន់ៗចំនួន ៤ ទៅកាន់ប្រទេសជិតខាង គឺច្រកកំពង់ទូកអង្គរបុរី ច្រកកំពង់អំពិល ច្រកភ្នំដិន ច្រកដើមដូង និងប្រឡាយ ៩២។ បើតាមការបន្ថែមរបស់ លោក រដ្ឋមន្រ្តីក្រសួងកសិកម្ម បានបញ្ជាក់ គិតមកទល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ផលស្រូវចំនួន ១៣៦ ៨៥២តោន ត្រូវបាននាំចេញ៕

ដោយ៖ Moeun Dyna