ភ្នំពេញ៖ «ម្រេចកំពត» ទទួលបានការចុះបញ្ជីការពារជាលក្ខណៈអន្តរជាតិ នៅបណ្តាប្រទេសចំនួន ៣២ ក្រោមច្បាប់ទីក្រុងហ្សឺណែវ ស្តីពីកិច្ចព្រមព្រៀងទីក្រុងលីស្បោនអំពីឈ្មោះប្រភពដើមទំនិញ និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។ បើតាមទំព័រហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម។
ក្រសួងពាណិជ្ជកម្ម បានបន្តឱ្យដឹងថា មុននឹងឈានដល់ការចុះបញ្ជីនេះ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ លោក ប៉ាន សូរស័ក្តិ បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅកាន់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីតម្កល់លិខិតុបករណ៍នៃការចូលជាសមាជិកនៃច្បាប់ទីក្រុងហ្សឺណែវ ស្តីពីកិច្ចព្រមព្រៀងទីក្រុងលីស្បោន អំពីឈ្មោះប្រភពដើមទំនិញ និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ នៅអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO)។
ក្រសួងបានបន្តថា ប្រទេសកម្ពុជា បានចូលជាសមាជិកពេញសិទ្ធិ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ គឺជាការវិវឌ្ឍមួយក្នុងការធ្វើសមាហរណកម្មកម្ពុជាបន្ថែមទៀត ចូលទៅកាន់ប្រព័ន្ធអន្តរជាតិ ដែលអនុញ្ញាតឱ្យកម្ពុជា ចុះបញ្ជីការពារឈ្មោះប្រភពដើមទំនិញ និងម៉ាកសម្គាល់ភូមិសាស្រ្តទំនិញរបស់ខ្លួនជាលក្ខណៈអន្តរជាតិ តាមរយៈពាក្យស្នើសុំតែមួយនៅអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ហើយទទួលបាននូវកិច្ចការពារជាលក្ខណៈអន្តរជាតិ នៅបណ្តាប្រទេសចំនួន ៣២ ដែលជាភាគីហត្ថលេខី។
«ម្រេចកំពត» ទទួលស្គាល់ជាលក្ខណៈអន្តរជាតិនេះ ក្រោមគំនិតផ្តួចផ្តើមរបស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលបានដឹកនាំក្រសួង ដាក់ពាក្យស្នើសុំចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ម្រេចកំពត» ជាលក្ខណៈអន្តរជាតិ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។ បើតាមការបញ្ជាក់របស់ក្រសួង បន្ថែមថា ចាប់ពីពេលនេះតទៅ «ម្រេចកំពត» នឹងទទួលបានកិច្ចការពារស្របច្បាប់ មិនឱ្យភាគីទីបីប្រើប្រាស់ដោយគ្មានការអនុញ្ញាត និងរំលោភបំពាននានា ចំពោះម៉ាកសម្គាល់ភូមិសាស្រ្តទំនិញក្នុងបណ្តាប្រទេសជាភាគីហត្ថលេខី។
ក្នុងចំណោមម៉ាកសម្គាល់ភូមិសាស្រ្តទំនិញដទៃទៀត ក្រសួងពាណិជ្ជកម្មបានជ្រើសរើសយក “«ម្រេចកំពត» ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញទី១ យកមកចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១០។ បើតាមការបន្ថែមទៀតរបស់ ក្រសួងដដែល បានបញ្ជាក់ថា ក្នុងគោលបំណងកសាងកេរ្តិ៍ឈ្មោះ ការធ្វើពិពិធកម្មទីផ្សារ និងទប់ស្កាត់ការក្លែងបន្លំទំនិញសម្គាល់ភូមិសាស្រ្ត «ម្រេចកំពត» នៅក្នុងតំបន់ និងអន្តរជាតិ ហើយក្រសួងពាណិជ្ជកម្ម ក៏បាន ចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «ម្រេចកំពត» នៅប្រទេស ថៃ វៀតណាម និងនៅសហភាពអឺរ៉ុបផងដែរ៕
ដោយ៖ Moeun Dyna