Register Already an agent ? Login

ជប៉ុនផ្តល់ថវិកាជាង ៩សែនដុល្លារ ពង្រឹងប្រព័ន្ធថែទាំផ្នែកវះកាត់កុមារក្នុងខេត្តក្រចេះ និងការលើកកម្ពស់ការអប់រំខេត្តកណ្ដាល

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ៩៦៨,៣៩០ ដុល្លារ ដល់អង្គការចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន សម្រាប់ការពង្រឹងប្រព័ន្ធថែទាំផ្នែកវះកាត់កុមារក្នុងខេត្តក្រចេះ និងការលើកកម្ពស់ការអប់រំបញ្ចូលគ្នាក្នុងខេត្តកណ្តាល។ បើតាមការប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនថ្ងៃទី១៥ ខែធ្នូ នេះ។

ទឹកប្រាក់ចំនួន ៦៩៤,៥៣៩ដុល្លារ សម្រាប់អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) ដើម្បីអនុវត្តគម្រោងសល្យសាស្រ្តកុមារប្រចាំខេត្តក្រចេះ (ឆ្នាំទី២)។ បើតាមស្ថានទូតជប៉ុន បានបន្តថា ទឹកប្រាក់ចំនួន ២៧៣,៨៥១ដុល្លារ សម្រាប់សមាគមសម្រាប់ជំនួយ និងសង្គ្រោះនៃប្រទេសជប៉ុន (AAR Japan) ដើម្បីអនុវត្តគម្រោងលើកកម្ពស់ការអប់រំបរិយាប័ន្នសម្រាប់កុមារពិការ តាមរយៈពង្រឹងការអនុវត្តក្នុងតំបន់គំរូ និងការអភិវឌ្ឍប្រព័ន្ធវាយតម្លៃការអប់រំបរិយាប័ន្ន (ឆ្នាំទី២)។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និងអ្នកតំណាងអង្គភាពទាំង២ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយរបស់ពួកគេជាមួយនឹងអ្នកតំណាងអង្គការទាំងពីរ។

រដ្ឋាភិបាលជប៉ុន ជឿជាក់ថាជំនួយឥតសំណងនេះនឹងជួយក្នុងការកែលម្អគុណភាពជីវិតសម្រាប់ប្រជាជននៅក្នុងតំបន់នីមួយៗនៃគម្រោង។ បើតាមស្ថានទូតដដែ៕

ដោយ៖ Moeun Dyna