Register Already an agent ? Login

អភិបាលខេត្តមីយ៉ាហ្គិជប៉ុន ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងបណ្ដាខេត្តនានា ជាមួយប្រទេសកម្ពុជា

ភ្នំពេញ៖ លោក MURAI Yoshihiro អភិបាលខេត្តមីយ៉ាហ្គិ និងជាប្រធានសមាគមអភិបាលខេត្ត​នៃប្រទេសជប៉ុន ចំពោះរាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងបណ្ដាខេត្តនានានៃប្រទេសជប៉ុន ជាមួយប្រទេសកម្ពុជា។

ការប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការបន្ថែម លោក MURAI Yoshihiro បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។

ក្នុងឱកាសនៃជំនួប លោក MURAI បានជម្រាប សម្ដេចធិបតី អំពីការសម្រេចបាននូវ MoU នៃកិច្ចសហប្រតិបត្តិការ រវាងខេត្តមីយ៉ាហ្គិ និងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា ដែលនឹងជួយជំរុញដល់ការបញ្ជូននិងទទួលកម្មសិក្សាការី និងពលករជំនាញរបស់កម្ពុជា ទៅកាន់ខេត្តមីយ៉ាហ្គិ ក៏ដូចជាការឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងនៅកម្ពុជា និងនៅជប៉ុន តាមរយៈការផ្ទេរជំនាញបច្ចេកទេស។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ លោក អភិបាលខេត្ត មានជំនឿជឿជាក់ថា ខេត្តមីយ៉ាហ្គិនឹងអាចចូលរួមបន្ថែមទៀត លើការអភិវឌ្ឍ និងបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជា នាថ្ងៃអនាគត។ ជាមួយគ្នានោះ លោក ក៏បានជម្រាបជូន សម្ដេចធិបតី ថា ក្នុងនាមជាប្រធានសមាគមអភិបាលខេត្តនៃប្រទេសជប៉ុន ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតទៀតរវាងបណ្ដាខេត្តនានានៃប្រទេសជប៉ុន ជាមួយប្រទេសកម្ពុជា។

ជាការឆ្លើយតប សម្ដេចបធិបតី បានអបអរសាទរ ចំពោះការសម្រេចបាននូវ MoU នៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងការងារ និងខេត្តមីយ៉ាហ្គិ កាលពីថ្ងៃទី២៦​ ខែធ្នូ និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលបានតែងតែបានចូលរួមចំណែកដល់ដំណើរការនៃការស្វែងរកសុខសន្តិភាពនៅកម្ពុជា ចាប់តាំងពីទស្សវត្សរ៍ឆ្នាំ១៩៩០ ការស្ដារ និងកសាងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច​ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។

ជាមួយគ្នានោះ,សម្ដេចនាយករដ្ឋមន្ត្រី បានសម្ដែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យរវាងប្រទេសទាំងពីរ និងបានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តមីយ៉ាហ្គិ និងរដ្ឋាភិបាលជប៉ុន​ទាំងមូល ដែលតែងតែបានយកចិត្តទុកដាក់ចំពោះកម្មសិក្សាការី និងពលករជំនាញកម្ពុជា ដែលកំពុងរស់នៅ និងបម្រើការងារ​ នៅប្រទេសជប៉ុន។

សម្ដេច បានគូសបញ្ជាក់ថា MoU នេះ នឹងបន្តចូលរួមចំណែកដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត ជាពិសេស ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏ដូចជាចូលរួមពង្រឹងនិងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា លើជំនាញផ្នែកយានយន្ត បច្ចេកវិទ្យា និង​ឌីជីថល ដែលនឹងឆ្លើយតបទៅនឹងតម្រូវការរបស់កម្ពុជា ក៏ដូចជាទីផ្សារការងារនៅប្រទេសជប៉ុនទាំងនាពេលបច្ចុប្បន្ន និងអនាគត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)