Register Already an agent ? Login

ធនាគារជាតិ នៃកម្ពុជា បង្ហាញថា ឥណទានផ្តល់ឱ្យវិស័យសំណង់ និងអចលនទ្រព្យបង្ហាញពីកំណើនល្អប្រសើរ

ធនាគារជាតិនៃកម្ពុជា (NBC) នាពេលថ្មីៗនេះ បានឱ្យដឹងថា ឥណទានជាប្រភពទុនដ៏សំខាន់សម្រាប់អ្នកប្រើប្រាស់ និងក្រុមហ៊ុនសហគ្រាសក្នុងការពង្រីកអាជីវកម្ម និងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច បង្កើតឱកាសការងារ និងបង្កើនផលិតភាព។

គិតត្រឹមខែតុលា ឆ្នាំ២០២៤ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទៅក្នុងវិស័យសេដ្ឋកិច្ចមានចំនួន ២៤៧.៦៣១ ប៊ីលានរៀល (ស្មើនឹង ៦០,៩ ប៊ីលានដុល្លារអាមេរិក) កើន ២,២% ធៀបនឹងឆ្នាំមុន។ ការកើនឡើងនេះរួមចំណែកចម្បងដោយកំណើនឥណទានទៅកាន់វិស័យជួញដូរដុំ និងរាយ សំណង់ អចលនទ្រព្យ កម្មន្តសាល និងវិស័យផ្សេងៗទៀត។

តាមទិន្នន័យ បានបង្ហាញថា វិស័យសំណង់ទទួលបានកម្ចីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងទំហំទឹកប្រាក់ ២៩.១១៩ ប៊ីលានរៀល ដែលមានកំណើនគួរគត់សម្គាល់រហូតដល់ ៣៣,៣ ភាគរយ ខណៈវិស័យអចលនទ្រព្យ មានទំហំប្រាក់កម្ចី ២៤.៨៦៣ ប៊ីលានរៀល កើន ១៧,៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។

ជាមួយគ្នានោះ វិស័យការជួញដូរដុំ និងរាយ មានចំណែកច្រើនជាងគេបំផុត រហូតដល់ ២៤,៦ % តាមពីក្រោយដោយវិស័យសំណង់មានចំណែក ១១,៨% ហើយវិស័យទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួនមានចំណែក ១១,២% ខណៈវិស័យអចលនទ្រព្យមានចំណែក ១០% ។

ដោយឡែក ឥណទានតាមវិស័យសំខាន់ៗមួយចំនួនទៀត រួមមាន កសិកម្ម(៩,៦%) សេវាកម្ម(៧,៩%) កម្មន្តសាល(៤,២%) អង្គភាពគ្រួសារ​(១,១%) និងវិស័យផ្សេងៗ (១៩,៦%)៕

ប្រភព៖ ក្រសួងព័ត៌មាន