ភ្នំពេញ៖ កម្ពុជា បានទទួលហិរញ្ញប្បទានឥតសំណងពីជប៉ុន ដែលមានទឹកប្រាក់ចំនួន ១.០០២លានយ៉េន (ប្រមាណ ៧,២លានដុល្លារ) សម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យភូមិសាស្រ្តសម្រាប់ជំរុញការរៀបចំដែនដី និងនគរូបនីយកម្មនៅកម្ពុជា។
ជំនួយឥតសំណងនេះ ធ្វើឡើងតាមរយៈការចុះហេត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធរវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក អ៊ូអិណូ អាស៊ូស៊ី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នៅក្រសួងការបរទេស នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។
រដ្ឋាភិបាលជប៉ុនយល់ថា រាជរដ្ឋាភិបាលកម្ពុជាយកអាទិភាពលើការចុះបញ្ជីដីធ្លី និងនគរូបនីយកម្ម ដើម្បីដោះស្រាយជម្លោះដីធ្លី និងលើកកម្ពស់ការអភិវឌ្ឍ និងកំណើនសមស្របនៅទីក្រុងនិងនៅតាមតំបន់។ ជាការលើកឡើង លោក អ៊ូអិណូ។
លោក បានបន្តថា ជាការឆ្លើយតបទៅនឹងសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលជប៉ុនបានសម្រេចផ្ដល់មូលនិធិ និងផ្ដល់រូបភាពពីផ្កាយរណប ផែនទីជាក់លាក់ ទិន្នន័យផែនការទីក្រុងធ្វើពី 3D និងទិន្នន័យភូមិសាស្ត្រដើម្បីគាំទ្រការដោះស្រាយបញ្ហាប្រឈមទាំងនេះ។
ទិន្ន័យទាំងនេះ នឹងអាចរកបាននៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង ហើយក៏មានប្រយោជន៍សម្រាប់ការប្រើប្រាស់នៅក្នុងការងាររបស់ក្រសួងបរិស្ថាន និងក្រសួងកសិកម្មផងដែរ។ ជាការគូសបញ្ជាក់ លោកទូតជប៉ុន បានបន្ថែមថា បច្ចេកវិទ្យាផ្កាយរណប និងឌីជីថលរបស់ជប៉ុនអាចនឹងជួយបានយ៉ាងច្រើនដលើការដោះស្រាយជម្លោះដីធ្លី និងពង្រឹងការការគ្រប់គ្រងដីធ្លី និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)