ខេត្តរតនគិរី៖ រដ្ឋបាលខេត្តរដ្ឋរតគិរី មានគម្រោងកែលម្អរអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជុំវិញបរិវេណរមណីយដ្ឋានបឹងកន្សែង ក្រុងបានលុង នៅថ្ងៃទី១៤ ខែធ្នូ នេះ លោក អភិបាលខេត្ត លោក ថង សាវុន បានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ ចុះពិនិត្យជាក់ស្តែងអំពីផលប៉ះពាល់លើប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងនេះ។ បើតាមរដ្ឋបាលខេត្តរតនគិរី
រដ្ឋបាលខេត្តរតនគិរី បានឱ្យដឹងថា ជាលទ្ធផលមានពលរដ្ឋសរុបចំនួន ៤៥គ្រួសារ ដែលត្រូវប៉ះពាល់ក្នុងគម្រោងនេះក្នុងកម្រិតជាក់ស្តែង(ប៉ះរបង តូប និងសំយ៉ាបផ្ទះ សាងសង់លើដីចំណីផ្លូវ) ក្នុងនោះមានពលរដ្ឋ ៤៤គ្រួសារសារទរចំពោះគម្រោងនេះ ដោយព្រមសហការ និងចូលរួមជាមួយអាជ្ញាធរខេត្តដោយស្ម័គ្រចិត្ត រុះរើសំណង់ តូប សំយ៉ាបផ្ទះចេញពីចំណីផ្លូវ ដើម្បីទុកលទ្ធភាពជូនអាជ្ញាធរសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។
ទន្ទឹមគ្នានេះ មានម្ចាស់សណ្ឋាគារ ១ទីតាំង បានជំទាស់មិនព្រមសហការ ជាមួយអាជ្ញាធរ និងផ្សព្វផ្សាយព័ត៌មានមិនពិតទាក់ទងទៅនឹងការស្ម័គ្រចិត្តរបស់ពលរដ្ឋទាំង ៤៤គ្រួសារ និងស្នើអាជ្ញាធរពង្វាងផលប៉ះពាល់លើកម្មសិទ្ធិរបស់គាត់។ បើតាមរដ្ឋបាលខេត្តដដែល បានបន្តថា ក្រោយការចុះសម្របសម្រួល ពន្យល់លម្អិតអំពីទស្សនវិស័យ និងគម្រោងអភិវឌ្ឍន៍របស់ខេត្ត ព្រមទាំងកំណត់ផលប៉ះពាល់ជាក់ស្តែង ម្ចាស់សណ្ធាគារខាងលើ បានព្រមទទួលយក និងសហការជាមួយអាជ្ញាធរខេត្ត។
បើតាមគម្រោងនឹង សាងសង់អគាររដ្ឋបាល និងមហោស្រព សារមន្ទីរ សាលតាំងពិព័ណ៍ ចំណតរថយន្ត ផ្លូវសម្រាប់ដើរជុំវិញបឹង សួនច្បារ និងកោះសម្រាប់ជាជម្រកសត្វស្លាប នៅកណ្ដាលបឹងផងដែរ។ បើតាមការនន្ថែមឱ្យដឹងពីរដ្ឋបាលខេត្ត បន្ថែមទៀតថា ផ្ទៃដីសរុបនៃតំបន់បឹងកន្សែងនេះ មានផ្ទៃទឹកទំហំប្រមាណជាង ១៩ហិកតា និងផ្ទៃគោកជាង ៥ហិកតា ដែលនឹងត្រូវអភិវឌ្ឍន៍ នាពេលឆាប់ៗនេះ៕
ដោយ៖ Moeun Dyna