Register Already an agent ? Login

អភិបាលស្រុកបន្ទាយស្រី ផ្អាករាល់គម្រោងអភិវឌ្ឍដីទាំងអស់នៅក្នុងស្រុកជាបណ្តោះអាសន្ន គ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ

សៀមរាប៖ កន្លងមក រដ្ឋបាលស្រុកបន្ទាយស្រី បានផ្អាករាល់គម្រោងអភិវឌ្ឍដីទាំងអស់នៅក្នុងស្រុកជាបណ្តោះអាសន្នសិន ដោយសារតែបានរកឃើញថាសុទ្ធតែមិនទាន់មានច្បាប់អនុញ្ញាតត្រឹមត្រូវ។ បើតាមការថ្លែងឱ្យដឹងពី លោក អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានបញ្ជា្កក់ថា ការហាមឃាត់នេះ ដើម្បីធានា និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ ចៀសវាងទទួលរងផលប៉ះពាល់ ខាតបង់ទ្រព្យសម្បត្តិ ពីការទិញ ឬវិនិយោគទៅលើគម្រោងដែលមិនមានបទដ្ឋានត្រឹមត្រូវ ឬជាគម្រោងដែលជាប់គាំងមិនដំណើរការ។

ការថ្លែងខាងលើរបស់ លោក ឃឹម ហ្វីណង់ នាពេលដែលចុះត្រួតពិនិត្យការដ្ឋានបើកផ្លូវថ្មីប្រវែង ៥គីឡូម៉ែត្រមួយខ្សែ និងគម្រោងអភិវឌ្ឍដីដំបូងបង្អស់នៅក្នុងស្រុកបន្ទាយស្រី ដែលទទួលបានច្បាប់អនុញ្ញាតត្រឹមត្រូវ បានបន្តថា ជំហរតឹងរឹងងរបស់រដ្ឋបាលស្រុក គ្រាន់តែដើម្បីធានាភាពគ្រប់ជ្រុងជ្រោយនៃគោលការណ៍បច្ចេកទេស និងលក្ខខណ្ឌតម្រូវនៃច្បាប់តែប៉ុណ្ណោះ មិនមែនមានន័យថា ស្រុកបន្ទាយស្រីមិនស្វាគមន៍អ្នកវិនិយោគនោះទេ ហើយក៏មិនមានន័យថា គ្រប់គម្រោងអភិវឌ្ឍដីទាំងអស់សុទ្ធតែជាគម្រោងដែលមានបញ្ហានោះដែរ។

លោក អភិបាលស្រុកបានលើកបន្តទៀតថា តួយ៉ាង ដូចជាគម្រោងរបស់ក្រុមហ៊ុនមួយចំនួនដែលកំពុងតែអភិវឌ្ឍក្នុងស្រុកនេះ ដែលសុទ្ធសឹងតែជាគម្រោងខ្នាតធំ មានភាពច្បាស់លាស់ត្រឹមត្រូវ និងបានផ្តល់ការសហការយោគយល់តាមសំណូមពររបស់រដ្ឋបាលស្រុក និងយល់ព្រមរង់ចាំបំពេញនីតិវិធីខាងផ្លូវច្បាប់រួចជាមុនសិន មុននឹងប្រកាសលក់ជាផ្លូវការ។

រដ្ឋបាលស្រុកតែងព្យាយាមលើកទឹកចិត្តដល់រាល់ការវិនិយោគមកក្នុងបន្ទាយស្រី និងផ្តល់កិច្ចសហប្រតិបត្តិការជាដៃគូយ៉ាងជិតស្និទ្ធ ព្រោះគោលដៅចុងក្រោយនៃការអភិវឌ្ឍ គឺគ្មានអ្វីក្រៅពីការទាក់ទាញអ្នកវិនិយោគមកក្នុងស្រុក ដើម្បីផ្លាស់ប្តូរជីវភាពរបស់ប្រជាពលរដ្ឋតាមរយៈការបង្កើតការងារ និងមុខរបរនោះឡើយ។ ជាការថ្លែងបន្ថែមរបស់ លោក ឃឹម ហ្វីណង់។

លោក អភិបាលស្រុកវ័យក្មេងរូបនេះបានថ្លែងបន្ថែមទៀតថា ហេតុដូច្នេះហើយទើបរដ្ឋបាលស្រុកបានសម្រួល និងអនុញ្ញាតឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ដីមួយចំនួន ដាក់ពាក្យស្នើសុំសាងសង់សំណង់ក្រោម ៥០០ម៉ែត្រការ៉េ នៅលើដីកម្មសិទ្ធិរបស់ខ្លួន ព្រមទាំងរៀបចំប្រព័ន្ធផ្លូវ-ភ្លើងនៅក្នុងបរិវេណដីគម្រោងរបស់ខ្លួនជាបណ្តើរៗ ដើម្បីចំណេញពេលវេលា ក្នុងអំឡុងពេលដែលត្រូវរង់ចាំលិខិតអនុញ្ញាតជាផ្លូវការ។

«ដរាបណារដ្ឋបាលស្រុក មិនបានអនុញ្ញាតឱ្យលើកផ្លាកផ្សព្វផ្សាយ ប្រកាសលក់ជាផ្លូវការ ឬផ្ទេរកម្មសិទ្ធិជូនក្នុងទម្រង់ដីឡូតិ៍ ការសម្របសម្រួលជូនលើការរៀបចំទីតាំងមុនគឺត្រឹមត្រូវស្របទៅតាមនីតិវិធីច្បាប់ និងស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់រដ្ឋបាលស្រុកទាំងស្រុង ហើយក៏ជាសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុនក្នុងការស្នើសុំធ្វើលើដីកម្មសិទ្ធិរបស់ខ្លួនផងដែរ»។ បើតាមការបញ្ជាក់របស់ លោក ឃឹម ហ្វីណង់។

 លោក បានបន្ថែមទៀតថា រដ្ឋបាលស្រុកជំរុញឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ដីទាំងអស់នៅក្នុងស្រុក បង្ហាញពីឆន្ទៈនៃភាពជាដៃគូអភិវឌ្ឍន៍សាធារណឯកជនយ៉ាងពិតប្រាកដ ដោយបានចូលរួមវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងបំពេញកាតព្វកិច្ចត្រឹមត្រូវតាមផ្លូវច្បាប់ផង។ លោក ថា ការចាប់យកទម្រង់បែបនេះក្នុងការអនុវត្តគម្រោងរបស់ខ្លួន និងលើកទឹកចិត្តឱ្យអតិថិជនទាំងអស់ទិញ ឬវិនិយោគលើគម្រោងដែលមានការទទួលខុសត្រូវបែបនេះផងដែរ៕

ដោយ៖ Moeun Dyna