Register Already an agent ? Login

របាយការណ៍៖ ផ្ទៃដីដំណាំស្រូវជាង ៣សែនហិកតា ខូចខាតដោយសារជំនន់ទឹកភ្លៀង

ភ្នំពេញ៖ ផលប៉ពាល់ និងខូចខាតទៅលើដំណាំស្រូវរដូវវស្សា ដោយសារគ្រោះជំនន់ទឹកភ្លៀង ចុងរដូវវស្សាឆ្នាំ២០២០ ផ្ទៃដីដំណាំស្រូវដែលបានប៉ះពាល់មានចំនួន ៣០៤ ៨២១ហិកតា ស្មើនឹង ១០,៩២ភាគរយ នៃផ្ទៃដីដាំដុះដំណាំស្រូវរដូវវស្សាសម្រេចបាន ២ ៧៩០ ៨២៩ហិកតា ដែលមាន ១៩រាជធានី/ខេត្ត។ បើតាមរបាយការណ៍របស់ លោក រដ្ឋមន្រ្តីក្រសួងកសិកម្ម វេង សាខុន ដែលបានបង្ហាញនៅលើគណីហ្វេសប៊ុករបស់ លោកថ្ងៃទី១១ ខែធ្នូ នេះ។

នៅក្នុងរបាយការណ៍បានបន្តឱ្យដឹងថា ផ្ទៃដីដំណាំស្រូវដែលសង្គ្រោះបានមាន ចំនួន ១៧៩ ០៥១ហិកតា ស្មើនឹង ៦,៤១ភាគរយ នៃផ្ទៃដីដាំដុះដំណាំស្រូវរដូវវស្សាសម្រេចបាន។ ផ្ទៃដីដំណាំស្រូវដែលបានខូចខាតទាំងស្រុងមានចំនួន  ១២៥ ៧៧០ហិកតា ស្មើនឹង ៤,៥ភាគរយ នៃផ្ទៃដីដាំដុះដំណាំស្រូវរដូវវស្សាសម្រេចបាន។ ដីដំណាំស្រូវដែលមានលទ្ធភាពស្តារបានមាន ចំនួន ៦៤ ១៧៩ហិកតា។

«មានខេត្តចំនួន ៤ ដែលបានប៉ះពាល់ធ្ងន់ធ្ងរជាងគេ គឺខេត្តពោធិសាត់, ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ធំ»។ បើតាមការបញ្ជាក់ នៅក្នុងរបាយការណ៍។

ស្រូវពូជចំនួន ៦ ៤៣៤,៣០ តោន ចែកជូនដល់គ្រួសារប្រជាកសិករដែលទទួលរងគ្រោះ ចំនួន ៦៤ ៣៤៣គ្រួសារ ត្រូវការស្តារដំណាំស្រូវឡើងវិញជាបន្ទាន់ ដែលបានប្រើប្រាស់ពេលវេលាមិនដល់ពីរសប្តាហ៍។ បើតាមរបាយការណ៍ដដែល ថា ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ ពីសម្តេច នាយរដ្ឋមន្រ្តី ហ៊ុន សែន គឺអ្វីៗបានប្រព្រឹត្តទៅយ៉ាងរលូន ទាំងការកំណត់ទីតាំងនិងផ្ទៃដីដែលត្រូវធ្វើការស្តារឡើងវិញ ការកំណត់សេចក្តីតម្រូវការពូជ ទីតាំងឃ្លាំងស្តុកគ្រាប់ពូជស្រូវដែលត្រូវប្រមូល និងការដឹកជញ្ជូនពូជស្រូវទៅកាន់គោលដៅ ហើយនឹងការបែងចែកជូនដល់កសិកររងគ្រោះឱ្យបានទាន់ពេល។

នៅក្នុងរបាយការណ៍បានរម្លឹកយ៉ាងនេះថា កម្ពុជាបានជួបប្រទះគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ នៅដើមខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ ដែលបានបង្កឱ្យមានផល់ប៉ះពាល់ និងខូចខាតដល់ផលិតកម្មដំណាំស្រូវ ដំណាំសាកវប្បកម្ម ដំណាំកសិ-ឧស្សាហកម្ម និងសត្វពាហន:នៅតាមបណ្តាខេត្តមួយចំនួន ក្នុងនោះខេត្តដែលរងគ្រោះធ្ងន់ធ្ងរជាងគេគឺខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិសាត់ និងកំពង់ធំ។

របាយការណ៍របស់ លោក រដ្ឋមន្រ្តីក្រសួងកសិកម្ម បានបន្ថែមថា លទ្ធផលនៃការស្តារដំណាំស្រូវ គិតមកត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ គឺមានចំនួន ៥៧ ៥៥៧ហិកតា ស្មើនឹង ៨៩,៦៨ភាគរយ នៃផែនការស្តារឡើងវិញចំនួន ៦៤ ១៧៩ហិកតា ដែលក្នុងនេះរួមមាន៖ ខេត្តពោធិសាត់សម្រេចបាន ១៧ ៧៧១ហិកតា ស្មើនឹង ៩៩,៨១ភាគរយ នៃផែនការស្តារឡើងវិញចំនួន ១៧ ៨០៤ហិកតា។

ខេត្តបាត់ដំបងសម្រេចបាន ១០ ៥០០ហិកតា ស្មើនឹង ១០០ភាគរយ នៃផែនការស្តារឡើងវិញចំនួន ១០ ៥០០ហិកតា។ ខេត្តបន្ទាយមានជ័យសម្រេចបាន ១៤ ២០៦ហិកតា ស្មើនឹង ៧១,១៤ហិកតា នៃផែនការស្តារឡើងវិញចំនួន ១៩ ៩៧០ហិកតា។ ខេត្តកំពង់ធំសម្រេចបាន ៨ ១២២ហិកតា ស្មើនឹង ៩៨,៤៤ នៃផែនការស្តារឡើងវិញចំនួន ៨ ២៥១ហិកតា។

ដោយឡែកខេត្តចំនួន ១៥ទៀត ដែលទទួលរងការខូចខាតតិចតួច បានខិតខំស្តារសម្រេចបានពី ៩៨ ទៅ ១០០ភាគរយ នៃផែនការរួចហើយដែរ លើកលែងតែខេត្តកណ្តាលសម្រេចបានត្រឹមតែ ៧០,១១ភាគរយ នៃផែនការស្តារឡើងវិញ។

បើតាមរបាយការណ៍ដដែលបន្ថែមថា ការព្យាករណ៍ផលស្រូវរដូវវស្សា សម្រាប់ឆ្នាំ២០២០ បន្ទាប់ពីបានពិភាក្សា និង ផ្ទៀងផ្ទាត់ទិន្នន័យជាមួយមន្ទីរកសិកម្ម រាជធានី/ខេត្ត នៅជំហានទី១មក ការប៉ាន់ស្មានជាបឋមនៃបរិមាណផលស្រូវរដូវវស្សាឆ្នាំ២០២០នេះ នឹងអាចទទួលបានលទ្ធផលដូចខាងក្រោម៖

ទិន្នផលស្រូវវស្សាជាមធ្យមក្នុងឆ្នាំ២០២០ មានចំនួន ៣ ១២២គីឡូក្រាក្នុង១ហិកតា ច្រើនជាង ឆ្នាំ២០១៩ ដែលទទួលបានចំនួន ៣ ០៩៥គីឡូក្រាក្នុង១ហិកតា។ បរិមាណផលស្រូវរដូវវស្សាអាចទទួលបានចំនួនប្រមាណ ៨ ៥៩៦ ៨៧៧តោន ច្រើនជាងឆ្នាំ២០១៩ ដែលទទួលបានចំនួន ៨ ២៦៩ ៤៨០តោន៕

ដោយ៖ Moeun Dyna