ភ្នំពេញ៖ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២០ គម្រោងកែលម្អគុណភាពផ្លូវជាតិលេខ៣ រង្វង់មូលចោមចៅ-ក្រុងកំពត សម្រេចបាន ៨៣ភាគរយ ដែលមានប្រវែងសរុប ១៣៤,៧៩៦គីឡូម៉ែត្រ ចំណាយទឹកប្រាក់ប្រមាណ ២១៩ លានដុល្លារ។ បើតាមការក្រសួងសាធារណការ និងដឹកជញ្ជូន។
គម្រោងកែលម្អគុណភាពផ្លូវនេះ ត្រូវបានស្ថាបនាជាប្រភេទផ្លូវប៊េតុងកៅស៊ូ AC បែងចែកជាពីរដំណាក់កាលគឺ៖ ទី១ ប្រវែង ៦៩គីឡូម៉ែត្រ ពីចោមចៅ-បែកគូស ដែលនឹងត្រូវបានពង្រីកពី ២កន្លងទៅ៤កន្លង និងមានសួរច្បារកណ្តាលទ្រូងផ្លូវ។ និងទី២ ប្រវែង ៦៥គីឡូម៉ែត្រ ពីបែកគូស-ក្រុងកំពត ដែលនឹងត្រូវពង្រីកជា ២គន្លង មួយគន្លងទៅ មួយគន្លងមក។
សូមរម្លឹកថា គម្រោងកែលម្អគុណភាពផ្លូវនេះ បានចាប់ផ្តើមការដ្ឋានសាងសង់ចាប់ពីកាលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅ ក្រោមអធិបតីភាព របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។
នៅពេលដែលផ្លូវជាតិលេខ៣នេះ បានសាងសង់រួចហើយ បងប្អូនប្រជាពលរដ្ឋធ្វើដំណើរនឹងចំណេញពេលវេលា និងកាត់បន្ថយការចំណាយផ្សេងៗបានច្រើន។ បើតាមការថ្លែងរបស់ សម្ដេច ហ៊ុន ក្នុងពិធីខាងលើថា តាមរយៈផ្លូវជាតិលេខ៣នេះ បើមានបងប្អូនប្រជាពលរដ្ឋចង់ធ្វើដំណើរទៅលេងកំពង់សោម ក៏អាចធ្វើ ដំណើររតាមផ្លូវជាតិនេះបានផងដែរ ហើយចំពោះបងប្អូនប្រជាពលរដ្ឋប្រកបមុខរបរតាមផ្លូវជាតិលេខ៣ ក៏កាន់តែងាយស្រួលរកចំណូលបានច្រើនថែមទៀត។
គូសបញ្ជាក់ថា តាមរយៈផ្លូវជាតិលេខ៣នេះ តំបន់ទេសចរណ៍ធម្មជាតិ និងតំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជា ត្រូវបានតភ្ជាប់ទៅរាជធានីភ្នំពេញដែលជាបេះដូងប្រទេស។ លក្ខណៈអំណោយផលភូមិសាស្ត្រនៅកៀកកិតនឹងរាជធានីនេះ ពេលកែលម្អរួចរាល់ហើយ ផ្លូវនេះ នឹងចូលរួមចំណែកច្រើនដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនទំនិញផលិតផល។ ពិសេសការដឹកជញ្ជូនអំបិលពីខេត្តកំពតទៅកាន់ខេត្តផ្សេងៗ និងសម្រាប់វិស័យទេសចរណ៍ធ្វើដំណើរទៅកាន់ភូមិភាគទិសនារតីនៃតំបន់សមុទ្រកម្ពុជាផងដែរ។
ផ្លូវនេះ ចំណាយទឹកប្រាក់ប្រមាណ ២១៩លានដុល្លារ ប្រតិបត្តិការដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន និងត្រូវបានត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនបច្ចេកទេសសំណង់ក្វាងចូវ វ៉ានអាន ដែលនឹងចំណាយរយៈពេលសាងសង់ ៤៨ ខែ គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២២ខាងមុខនេះ៕
ដោយ៖ Moeun Dyna