ភ្នំពេញ៖ ភាពចាំបាច់ ដើម្បីពង្រឹងគោលនយោបាយសម្របសម្រួលក្នុងចំណោមបណ្តាប្រទេស CLMV ត្រូវលុបបំបាត់នូវរាល់ឧបសគ្គនៃការធ្វើពាណិជ្ជកម្មឆ្លងដែន តាមរយៈការសម្រួលឱ្យសាមញ្ញនូវកិច្ចដំណើរការ និងនីតិវិធីគយនៅតាមព្រំដែន ដែលអាចធានានូវប្រតិបត្តិការនៃបណ្តាញខ្សែចង្វាក់ផ្គត់ផ្គង់ តាមរយៈការលើកកម្ពស់ការតភ្ជាប់ផ្នែកដឹកជញ្ជូន និងភ័ស្តុភារកម្ម។ បើតាមការថ្លែងបញ្ជាក់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១០ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០។
សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែង សង្កត់ធ្ងន់ពីសារៈសំខាន់នៃការកំណត់សកម្មភាពសហប្រតិបតិ្តការ CLMV ក្នុងបរិបទនៃផែនការសកម្មភាពទី៤ នៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន និងយន្តការពាក់ព័ន្ធដទៃទៀត ដើម្បីប្រើប្រាស់ធនធាន និងការគាំទ្រឱ្យមានប្រសិទ្ធភាពទៅក្នុងវិស័យអាទិភាព ដូចជា ថាមពល បច្ចេកវិទ្យាព័ត៌មានវិទ្យា ធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ។ បើតាមលទ្ធផលនៃកិច្ចប្រជុំខាងលើ។
កិច្ចប្រជុំកំពូល CLMV លើកទី១០ ក្រោមមូលបទ «លើកកម្ពស់ការតភ្ជាប់ប្រកបដោយប្រសិទ្ធភាព សម្រាប់សមាហរណកម្មតំបន់» ថ្នាក់ដឹកនាំ CLMV បានសម្តែងការពេញចិត្តចំពោះការអនុវត្តលទ្ធផលនៃកិច្ចប្រជុំកំពូល CLMV លើកទី៩ និងបានបញ្ជាក់ជាថ្មីនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏យូរអង្វែង ភាពជាអ្នកជិតខាងល្អ និងផលប្រយោជន៍ទៅវិញទៅមក ក្នុងចំណោមប្រទេសសមាជិកទាំង៤ ក៏ដូចជាបានផ្លាស់ប្តូរទស្សនៈ លើទិសដៅនាពេលអនាគតនៃកិច្ចសហប្រតិបត្តិការ CLMV ដែលជាផ្នែកសំខាន់មួយនៃដំណើរការកសាងសហគមន៍អាស៊ាន។
ថ្នាក់ដឹកនាំបានរម្លឹកឡើងវិញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ CLMV ក្នុងការបង្រួម គម្លាតអភិវឌ្ឍន៍ក្នុងតំបន់អាស៊ាន ការធានាសន្តិភាព ស្ថិរភាព វិបុលភាព និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ ក៏ដូចជាបង្កើតជាធាតុសំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងពហុភាគី ដើម្បីប្រយុទ្ធប្រឆាំង និងការស្តារឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩ ។
ថ្នាក់ដឹកនាំបានកត់សម្គាល់ពីវឌ្ឍនភាពដែលសម្រេចបាន និងបញ្ហាប្រឈមដែលបានជួបប្រទះក្នុងពេលអនុវត្តផែនការសកម្មភាព CLMV (២០១៩-២០២០) ដែលបានដើរតួនាទីដ៏សំខាន់សម្រាប់ប្រទេសជាសមាជិក ដើម្បីធ្វើសុខដុមនីយកម្មកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ជាតិ និងលើកកម្ពស់សមាហរណកម្មតំបន់។ ថ្នាក់ដឹកនាំក៏បានទទួលស្គាល់ផងដែរ នូវការដើរថយក្រោយបណ្តាល មកពីជំងឺរាតត្បាតក្នុងទិដ្ឋភាពជាច្រើន និងបានសង្កត់ធ្ងន់បន្ថែមទៀតពីតម្រូវការក្នុងការសម្របខ្លួន ស្តារឡើងវិញ និងជំរុញកិច្ចសហប្រតិបត្តិការ CLMV ឆ្ពោះទៅមុខឱ្យបានគ្រប់ជ្រុងជ្រោយ។
ដើម្បីដោះស្រាយបញ្ហាប្រឈមនាពេលអនាគត ថ្នាក់ដឹកនាំបានគូសបញ្ជាក់ពីសារៈសំខាន់នៃផែនការសកម្មភាព CLMV (២០២១-២០២២) ដែលបានអនុម័តដោយរដ្ឋមន្រ្តីសេដ្ឋកិច្ច CLMV កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ដោយបានបញ្ជាក់នូវទិសដៅច្បាស់លាស់ក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ការអភិវឌ្ឍធនធានមនុស្ស ការអនុវត្តការប្តេជ្ញាចិត្តក្នុងតំបន់ ការស្តារឡើងវិញក្រោយកូវីដ១៩ និងក្របខ័ណ្ឌសម្រាប់ប្រែក្លាយតំបន់នេះ ទៅជាមជ្ឈមណ្ឌលធុរកិច្ច ជឿនលឿនសកល។
តាមរយៈគោលបំណងចម្បងនៃយន្តការក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ និងពន្លឿនកិច្ចខិតខំ ប្រឹងប្រែងធ្វើសមាហរណកម្មអាស៊ាន ថ្នាក់ដឹកនាំបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃផែនការមេស្តីពីការតភ្ជាប់អាស៊ាន ២០២៥ ដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ ស្ថាប័ន សេដ្ឋកិច្ច និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏ដូចជាផែនការសកម្មភាពទី៤ នៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន (២០២១-២០២៥)។
កិច្ចប្រជុំកំពូល CLMV លើកទី១០ បានអនុម័តឯកសារចំនួន៣ ដែលរួមមាន ១.សេចក្តីប្រកាសរួមស្តីពីកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម លើកទី១០, ២.ក្របខ័ណ្ឌការងារសម្រាប់ការអភិវឌ្ឍ CLMV និង៣.បញ្ជីគម្រោងអាទិភាព CLMV៕
ដោយ៖ Moeun Dyna