ព្រៃវែង៖ ប្រជាកសិករខេត្តព្រៃវែង បានធ្វើស្រូវរដូវវស្សានៅលើផ្ទៃដីចំនួន ២១៥ ៣៩៩ហិកតា ទទួលបានទិន្នផលជាមធ្យមប្រមាណ ៣.២៣តោន ក្នុង១ហិកតា ដោយទទួលបានបរិមាណផលសរុបចំនួន ៦៩២ ៣០២តោន ស្មើនឹង ៧៧ភាគរយ នៃផ្ទៃដីសរុប។ យោងតាមរបាយ ការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បញ្ជាក់ នេះបើគិតត្រឹមថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០។
របាយការណ៍មន្ទីរខាងលើបានបន្តថា ដោយឡែកការងារដាំដុះស្រូវរដូវវស្សានៅក្នុងឆ្នាំ ២០២០ ខេត្តព្រៃវែងអនុវត្តបានលើផ្ទៃដីប្រមាណ ២៨០ ៣៩៩ហិកតា។
បើតាមការអះអាងរបស់រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន ថា ខេត្តព្រៃវែងជាខេត្តមួយផលិតស្រូវបានច្រើនជាងគេក្នុងចំណោម ២៥រាជធានី/ខេត្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយ។
របាយការណ៍ដដែលបានបន្តទៀតថា ក្រៅពីដំណាំស្រូវ កសិ-ឧស្សាហកម្ម សាកវប្បកម្ម (ផលិតកម្មបន្លែ) ផលិតកម្មវារីវប្បកម្ម និងផលិតកម្មសត្វ (មាន់ គោ ជ្រូក) ក៏មានសក្តានុពលក្នុងការនាំចេញសម្រាប់ផ្គត់ផ្គង់ឱ្យទីផ្សាររាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗទៀត។ ទន្ទឹមនេះ ជាខេត្តនាំមុខគេក្នុងការផលិតនូវផលិតផលកសិកម្ម ក៏ជាខេត្ត ឈានមុនសម្រាប់នាំចេញទៅកាន់ប្រទេសជិតខាងតាមផ្លូវគោក និងផ្លូវទឹក។
បើតាមរបាយការណ៍មន្ទីរដដែល បានបង្ហាញថា គិតចាប់តាំងពីថ្ងៃទី២២ ខែឧសភា ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ បរិមាណផលស្រូវបាននាំចេញទៅកាន់ប្រទេសជិតខាងសរុបមានចំនួន ៧១៩ ៦៩៣តោន។ ដោយឡែក គ្រាន់តែមួយសប្តាហ៍កន្លងមក បរិមាណស្រូវចំនួន ៦៩ ៤៣៤តោន ត្រូវបាននាំចេញពីខេត្តព្រៃវែងទៅកាន់ប្រទេសជិតខាង៕
ដោយ៖ Moeun Dyna