Register Already an agent ? Login

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងធ្វើរោងចក្រអគ្គិសនីដុតធ្យូងថ្ម ៧០០មេហ្គាវ៉ាត់ តម្លៃ១ប៊ីលានដុល្លារ នៅកោះកុង

រូបតំណាង

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន Botum Sakor Energy Co., Ltd ដែលបាន សុំវិនិយោគលើគម្រោងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុនខាងលើ សាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មអានុភាព ៧០០មេហ្គាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិថ្មស និងភូមិចម្លងគោ ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង មានទុនវិនិយោគប្រមាណ ១ប៊ីលានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៦០កន្លែង។

សូមបញ្ជាក់ថា ក្រុមហ៊ុនខាងលើ កាលពីខែវិច្ឆិកា កន្លងមកនេះ បានចុះហត្ថលេខាជាមួយក្រុមហ៊ុនចិន Sinosteel Engineering & Technology រួចរាល់ ដោយក្រុមហ៊ុនចិននេះ នឹងទទួលរចនាប្លង់ផ្គត់ផ្គង់ឧបករណ៍ និងសាងសង់។ ការងារសាងសង់ដំណាក់កាលទី១ គ្រោងនឹងបញ្ចប់ក្នុងរយៈពេល ៣៦ខែ បន្ទាប់ពីការបើកការដ្ឋាន ហើយដំណាក់កាលទី២ នឹងបញ្ចប់ក្នុងរយៈពេល ៤៨ខែ៕

ដោយ៖ Moeun Dyna