ភ្នំពេញ៖ រដ្ឋាភិបាលចិន បានផ្ដល់ប្រាក់កម្ចីសម្បទានជាង ៣ពាន់លានដុល្លារ មករដ្ឋាភិបាលកម្ពុជា ដើម្បីសាងសង់ផ្លូវជាង ៣ពាន់គីឡូម៉ែត្រ និងស្ពានធំៗ ចំនួន៨ ដែលមានប្រវែងសរុបជាង ៨គីឡូម៉ែត្រ។ បើតាមការថ្លែងរបស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន តាមប្រព័ន្ធវីដេអូពីចម្ងាយ ក្នុងវេទិកាវិនិយោគហេដ្ឋារចនាសម្ព័ន្ធនិងសំណង់លើកទី១១ កាលពីថ្ងៃទី ២ ធ្នូនេះ។
លោក រដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ តួលេខខាងលើ មិនរាប់បញ្ចូលនូវគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ តម្លៃ ២ពាន់លានដុល្លារ ដែលក៏កំពុងសាងសង់ដោយក្រុមហ៊ុនចិន China Road and Bridge Corporation (CRBC) បច្ចុប្បន្ន សម្រេចបានជាង ២៧ភាគរយ។
ក្រុមហ៊ុនចិនមួយផ្សេងទៀតកំពុងរសិក្សាពីលទ្ធភាពសម្រាប់ផ្លូវល្បឿនលឿនទីពីរភ្ជាប់ពីភ្នំពេញទៅព្រំដែនអន្តរជាតិបាវិត-ម៉ុកបៃ ដែលនឹងជួយសម្រួលដល់ការធ្វើដំណើរទៅកាន់ទីក្រុងហូជីមិញប្រទេសវៀតណាម។ បើតាមការថ្លែងបន្តរបស់ លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា ប្រទេសជប៉ុន កូរ៉េខាងត្បូង ធនាគារពិភព លោកធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានមូលដ្ឋាននៅទីក្រុងម៉ានីល និងដៃគូអភិវឌ្ឍន៍ដទៃទៀតបានផ្តល់ជំនួយនិងប្រាក់កម្ចីសម្បទានចាំបាច់និងពង្រឹងដល់ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា។
តាមរយៈហិរញ្ញប្បទានទាំងអស់នោះ ផ្លូវដែករបស់កម្ពុជា ដែលតភ្ជាប់ពីក្រុងព្រះសីហនុទៅភ្នំពេញ និងរាជធានីទៅព្រំដែនថៃត្រូវបានកែលម្អឡើងវិញ។ ជាការបន្តរបស់ លោក រដ្ឋមន្រ្តីថា កំពង់ផែស្វយ័តក្រុងព្រះសីហនុសម្រេចបានជាង ៦០ភាគរយ នៃចរាចរណ៍កុងតឺន័ររបស់ប្រទេសកម្ពុជាត្រូវបានពង្រីកនិងធ្វើទំនើបកម្ម។ ជាមួយគ្នានេះ កំពង់ផែកុងតឺន័រថ្មីដែលបម្រើការនៅរាជធានីភ្នំពេញត្រូវបានសាងសង់ ខណៈអាកាសយានដ្ឋានអន្តរជាតិថ្មីចំនួន២ សម្រាប់ភ្នំពេញ និងខេត្តសៀមរាបកំពុងស្ថិតក្នុងការសាងសង់។
នៅក្នុងវេទិកាខាងលើ លោក ដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនថ្លែងថា កម្ពុជាកោតសរសើរចំពោះគម្រោងដឹកនាំ ដោយចិន ដូចជាគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវមូលនិធិផ្លូវសូត្រមូលនិធិសតវត្សរ៍ទី២១ និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលគាំទ្រនិងកៀងគរថវិកាសម្រាប់ហេដ្ឋារចនាសម្ព័ន្ធដែលត្រូវការបំផុត។
ជាចុងក្រោយ លោក បានចង្អុលបង្ហាញថាការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនិងសំណង់គឺជាគន្លឹះក្នុងការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច ព្រោះវាជួយបង្កើតឱកាសការងារ បង្កើនសេដ្ឋកិច្ចជាតិ និងរឹតបន្តឹងទំនាក់ទំនងក្នុងតំបន់ ដោយជំនួយពីបរទេសដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍដ៏ធំនេះ៕
ដោយ៖ Moeun Dyna