ភ្នំពេញ៖ គម្រោងសាងសង់ស្ពានឆ្លងទន្លេ ដែលមានប្រវែង ១,៧៦១ម៉ែត្រ តភ្ជាប់រវាងខេត្តក្រចេះ និងខេត្តកំពង់ធំ ស្ថិតនៅនឹងថ្កល់ បើទោះការសិក្សាគម្រោងបានបញ្ចប់ហើយក្ដី ខណៈស្ពាននិងផ្លូវផ្សេងៗទៀត ដែលស្ថិតក្នុងគម្រោងសាងសង់កំពុងតែដំណើរ ក្នុងវិបត្តិកូវីដ-១៩។
លោក វ៉ា ស៊ីមសូរិយា អ្នកនាំពាក្យក្រសួងដឹកជញ្ជូនបានថ្លែងឱ្យដឹងថា គម្រោងសាងសង់ស្ពានតភ្ជាប់ខេត្តក្រចេះ-កំពង់ធំ ដែលជាគម្រោងអទិភាពក្រោយ មិនអាចសាងសង់នៅត្រឹមឆ្នាំ២០២១បាននោះទេ កំពុងចរចារការស្វែងរកហិរញ្ញប្បទានអនុវត្ត។
«វានៅអាទិភាពក្រោយ ពីព្រោះក្នុងឆ្នាំ២០២១ មានគម្រោងអាទិភាព៣ គឺគម្រោងសាងសង់ផ្លូវជាតិ៤១, ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៣១ ដែលនឹងត្រូវចាប់ផ្តើមសាងសង់»។ ជាការថ្លែងបញ្ជាក់ របស់អ្នកនាំក្រសួងដឹកជញ្ជូន ថា សម្រាប់គម្រោងសាងសង់ស្ពានតភ្ជាប់ខេត្តក្រចេះ-ខេត្តកំពង់ធំ អាចនឹងស្ថិតនៅក្នុងឆ្នាំ២០២២ ឬឆ្នាំ២០២៣។
មន្រ្តីជាន់ខ្ពស់រូបនេះបានថ្លែងបន្តថា ធម្មតារយៈពេល ៥ឆ្នាំម្តង យើងដាក់ផែនការមេទៅក្នុងក្របខណ្ឌនៃ គម្រោងយុទ្ធសាស្រ្តផ្លូវ និងខ្សែក្រវ៉ាត់របស់ចិន ដូច្នេះហើយយើងមានលំដាប់អតិភាព លើកលែងតែអន្តរាគមន៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប៉ុន្តែ១ឆ្នាំអាចធ្វើបានតែ២ ឬ៣គម្រោង។
លោក វ៉ា ស៊ីមសូរិយា បានថ្លែងបន្តទៀតថា នៅក្នុងឆ្នាំ២០២២ គម្រោងសាងសង់ផ្លូវលេខ៧០c តភ្ជាប់ពីគល់ស្ពានក្រូចឆ្មារ-ស្ទឹងត្រង់ ហើយបន្ទាប់មកទៀតផ្លូវលេខ៥០c នៅកំពង់ធំ-កំពង់លែង រួមជាមួយនឹងផ្លូវផ្សេងៗមួយចំនួន ដែលស្ថិតនៅក្នុងផែនការអាទិភាព។ លោក ថា ប៉ុន្តែបើតាមប្រសាសន៍របស់ លោក ស៊ុន ចានថុល រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន កាលពីពេលថ្មីៗថា គម្រោងសាងសង់ស្ពានឆ្លងទន្លេដវែងនេះ ក៏អាចស្ថិតនៅក្នុងអាទិភាពឆ្នាំ២០២២ តែមិនទាន់មានព័ត៌មានលម្អិត និងប្រាកដជាក់ពីគម្រោងស្ពានមួយនេះនៅឡើយនោះទេ។
លោក រដ្ឋមន្រ្តីក្រសួងដឹងជញ្ជូន បានបន្តថា ការសិក្សាសាងសង់ស្ពានេះ បានចប់សព្វគ្រប់អស់ហើយ សៀវភៅ និងឯកសារផ្សេងៗមានទំាងអស់ ដោយត្រៀមតែក្រសួងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច ពិភាក្សាគ្នាចចាតម្លៃជាមួយក្រុមហ៊ុនសាងសង់។
ក្រសួងដឹកជញ្ជូនថា ចំពោះទីកន្លែងចំណុចសាងសង់ គឺមិនទាន់ច្បាស់ការនៅឡើយទេ ប៉ុន្តែមានព័ត៌មានលើកឡើងថា ប្រហែលជាអាចនឹងធ្វើពីចន្លោះកោះទ្រុង និងកោះឆាង បើមើលតាមផែនទី។ តែទីតាំងជាក់លាក់ ធ្លាប់ត្រូវបានលោករដ្ឋមន្ត្រីបញ្ជាក់ថា អាចនឹងត្រូវសាងសង់ឆ្ងាយពីទីក្រុងបន្តិច ដើម្បីអាចឱ្យខេត្តក្រចេះមានឱកាសពង្រីកខ្លួនបន្ថែមទៀតនាពេលអនាគត។
ក្រសួងបញ្ជាក់ និតិវិធីមិនមែនចេះតែធ្វើស្រួលៗនោះទេ យើងត្រូវចូលរួមសិក្សាជាមួយគេ មើលឯកសារហើយ ពិនិត្យ ពិចារណា រួចបញ្ជូនទៅរដ្ឋាភិបាលចិន ឱ្យគេពិនិត្យឯកភាព ឬមិនឯកភាពមានផលប៉ះពាល់ដល់បរិស្ថានដែរឬទេ៕
ដោយ៖ Moeun Dyn