Register Already an agent ? Login

រយៈពេល ១១ខែ កម្ពុជានាំចេញអង្ករចំនួន ៦សែនតោន កើនឡើងជិត១៧% ក្នុងទឹកប្រាក់ ៤១៥លានដុល្លារ

ភ្នំពេញ៖ រយៈពេល១១ខែ នៃឆ្នាំ២០២០នេះ ការនាំចេញអង្កររបស់កម្ពុជាមានការកើនឡើងជិត១៧% ដែលគិតជាបរិមាណសរុប មានចំនួន ៦០១ ០៤៥ តោន គិតជាទឹកប្រាក់ចំនួន ៤១៥លានដុល្លារ។ បើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបន្តថា ដែលទឹកប្រាក់នេះមានការកើនឡើងចំនួន ៤៣លានដុល្លារ ឬជិត ១២ភាគរយ បើធៀប រយៈពេលដូចគ្នានៅឆ្នាំ២០១៩ ដែលបាននាំចេញ គិតជាទឹកប្រាក់ត្រឹម ៣៧២លានតែប៉ុណ្ណោះ។

នៅក្នុងបាយការណ៍បានឱ្យដឹងថា រយៈពេល ១១ខែនេះ កម្ពុជាបាននាំចេញអង្ករក្រអូបចំនួន ៤៨១២០០តោន ឬស្មើនឹង ៨០ភាគរយ នៃបរិមាណនាំចេញសរុប ដែលក្នុងនោះ អង្ករក្រអូបប្រណិត ប្រភេទម្លិះអង្គរ ត្រូវបាននាំចេញចំនួន ៥៥ភាគរយ អង្ករសែនក្រអូបចំនួន ២៥ភាគរយ។

នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាសម្រេចបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិក្នុងបរិមាណ ៦៤ ៧៤០តោន គិតជាទឹកប្រាក់ចំនួន ៤៨.៦៥លានដុល្លារ។ បើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាដដែល បានបន្តថា បរិមាណនាំចេញនេះ មានការកើនឡើងចំនួនជាង ១៥ភាគរយ តែចំណូលនៃការនាំចេញបានធ្លាក់ចុះ ១៣.២៦ភាគរយ ដោយសារតម្លៃលើទីផ្សារអង្ករក្រអូបមានការធ្លាក់ចុះជាបន្តបន្ទាប់។

នៅក្នុងរបាយការណ៍បានបន្ថែមឱ្យដឹងថា  នៅក្នុងខែវិច្ឆិកានេះដែរ អង្កររបស់កម្ពុជា បាននាំចេញចំនួន ៦១ភាគរយ ទៅកាន់ប្រទេសចិន និង២ភាគរយ ទៅកាន់ទីផ្សារទីក្រុងហុងកុង ដែលមានបរិមាណសរុបចំនួន ៤០ ៤៨៩តោន គិតជាទឹកប្រាក់ចំនួន ២៩លានដុល្លារ៕

ដោយ៖ Moeun Dyna