Register Already an agent ? Login

តាមការគ្រោងទុក លោក ជា សុផារ៉ា និងលោក គួច ចំរើន បានចុះពិនិត្យការអ៊ុតបេទីម ផ្លូវ៣៤ខ្សែ នៅក្រុងព្រះសីហនុ

ព្រះសីហនុ៖ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា អមដំណើរ ដោយលោក គួច ចំរើន បាលខេត្តព្រះសីហនុ បានអញ្ជើញបើកឱ្យដំណើរការអ៊ុតបេទីម លើផ្លូវទាំង ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ និងពិនិត្យមើលសកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ទៀតនៃផ្លូវទាំងនេះ។ បើតាមរដ្ឋបាលខេត្តព្រះសីហនុ។

រដ្ឋបាលខេត្តព្រះសីហនុ បានបន្តថា ការបើកឱ្យដំណើរការអ៊ុតបេទីម លើផ្លូវទាំង ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ បានចាប់ផ្តើមអ៊ុតកៅស៊ូបេទីមីន័រកម្រាស់ ០.០៧ម៉ែត្រ បន្ថែមពីលើបេតុង ដែលបានចាក់រួចជា បន្តបន្ទាប់មានកម្រាស់ ០.២៥ម៉ែត្រ។

ជំហានដំបូងនេះក្រុមការងារនឹងអ៊ុតបេទីមលើខ្សែផ្លូវធំៗជាមុន និងបន្តទៅខ្សែផ្លូវផ្សេង ទៀតតាមផែនការ និងពេលវេលាដែលបានគ្រោងទុក។ បើតាមរដ្ឋបាលខេត្តដដែល បន្តទៀតថា ក្រុមហ៊ុនស្ថាបនាផ្លូវ និងក្រុមហ៊ុនអ៊ុតបេទីម នឹងសហការគ្នាដើម្បីឱ្យដំណើរការស្ថាបនា និងអ៊ុតបេទីមធានាបាននូវបរិមាណ គុណភាព និងសោភ័ណ ភាពក្នុងខេត្តព្រះសីហនុ បម្រើឱ្យវិស័យទេសចរណ៍ និងវិនិយោគនាពេលខាងមុខ។

បើតាមរដ្ឋបាលខេត្តបានបន្ថែមថា ចំពោះក្រុមហ៊ុនដែលទទួលគម្រោងអ៊ុតបេទីមលើផ្លូវទាំង ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ មានចំនួន ៣ក្រុមហ៊ុនរួមមាន៖ ១.ក្រុមហ៊ុន CCES Engineering Services Co., LTD ទទួលអ៊ុតផ្លូវចំនួន ៥ខ្សែ ចាប់ ផ្ដើមអ៊ុតចេញពីរង្វង់មូលព្រះសេវ: ដល់រង្វង់មូលផ្លូវបំបែករាម ជាប់ (ផ្លូវជាតិលេខ៤)។

២.ក្រុមហ៊ុន TCM Engineering Co., LTD ទទួលចំនួន ១២ខ្សែ ចាប់ផ្ដើមអ៊ុតចេញពីរង្វង់មូលព្រះសិវៈ ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ឆ្ពោះមកកាន់មហាវិថីជំទាវម៉ៅ។

៣.ក្រុមហ៊ុន LS Construction (Lee Service Cambodia) PTC., LTD ទទួលអ៊ុតផ្លូវចំនួន ១៧ខ្សែ ចាប់ផ្តើមអ៊ុតចេញពីរង្វង់មូលតោពីរទៅដល់ផ្លូវពូលូវ៉ៃ (ផ្លូវលេខ៥០០) ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។

ក្រុមហ៊ុនទាំង៣នេះ កំពុងដំណើរការអ៊ុតបេទីមព្រមៗគ្នា។ បើតាមរដ្ឋបាលខេត្ត ថា ដោយឡែកក្រុមហ៊ុន L.S Construction Lee Service Cambodia PTC.,LTD បានឱ្យដឹងថា ក្រុមហ៊ុនប្រើពេលវេលា ៩០ថ្ងៃ គ្រោងនឹងបញ្ចប់នៅចុងខែកុម្ភះ ឬដើមខែមីនា ឆ្នាំ២០២១ ខាងមុខ។

សូមរម្លឹកថា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោក គួច ចំរើន បានដឹកនាំកិច្ចប្រជុំជាមួយក្រុមហ៊ុនស្ថាបនាផ្លូវ ទាំង ៣៤ខ្សែ និងក្រុមហ៊ុនអ៊ុតបេទីមផ្លូវក្នុងក្រុងព្រះសីហនុ មានប្រសាសន៍ថា ដោយមានការឯកភាពពី លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ឱ្យក្រុមការងាររៀបចំអ៊ុតបេទីមលើផ្លូវ ទាំង៣៤ខ្សែ នឹងចាប់ផ្តើមនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០។

នៅក្នុងកិច្ចប្រជុំខាងលើ លោក គួច ចំរើន បានថ្លែងបន្តថា ក្រុមហ៊ុនស្ថាបនាផ្លូវ និងក្រុមហ៊ុនអ៊ុតបេទីមអាចដំណើរការបានតាមកិច្ចសន្យារវាងរដ្ឋបាលខេត្ត ជាមួយក្រុមហ៊ុនអ៊ុតបេទីមទាំង ៣ក្រុមហ៊ុន ជំហានដំបូងយើង នឹងអ៊ុតបេទីមលើខ្សែផ្លូវធំៗជាមុន និងបន្តទៅខ្សែផ្លូវផ្សេងទៀតតាមផែនការ និងពេលវេលាដែលបានគ្រោងទុក៕

ដោយ៖ Moeun Dyna