ភ្នំពេញ៖ ផែនការអភិវឌ្ឍប៉ូលទេសចរណ៍ធំៗចំនួន៦ ត្រូវបានគណៈកម្មការអន្តរក្រសួងជ្រើសរើសកំណត់ និងដាក់បញ្ចូលក្នុងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ២០២០-២០៣៥ ខណៈតំបន់ប៉ូលទេសចរណ៍ទាំងនេះមានទីតាំងភូមិសាស្ត្រ និងសក្ដានុពលសំខាន់ៗផ្សេងៗគ្នា។
នៅក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីពិគ្រោះយោបល់លើសេចក្ដីព្រាងលើកទី៣ នៃផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីក្រសួងទេសចរណ៍ លោក រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានបញ្ជាក់ថា នៅក្នុងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរីនេះ បានបែងចែកប៉ូលទេសចរណ៍ធំៗចំនួន ៦ ទៅតាមទីតាំងភូមិសាស្ត្រ និងសក្ដានុពលផ្សេងគ្នាជាដើម ក្នុងនោះរួមមាន៖
ទី១.តំបន់អេកូទេសចរណ៍ក្នុងដែនជម្រកសត្វព្រៃ ដោយសារនៅក្នុងខេត្តមណ្ឌលគិរីមានដែនជម្រកសត្វព្រៃចំនួន ៥ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន និងពោរពេញដោយសក្ដានុពលក្នុងវិស័យអេកូទេសចរណ៍។
ទី២.តំបន់របៀងអេកូទេសចរណ៍ និងទេសចរណ៍ជនជាតិដើមភាគតិច ដែលប៉ូលទេសចរណ៍ទីពីរនេះនឹងត្រូវភ្ជាប់ពីតំបន់ប៊ូស្រាទៅកាន់តំបន់ដាក់ដាំ។
ទី៣.តំបន់ក្រុងសែនមនោរម្យ នឹងអភិវឌ្ឍក្រុងនេះទៅជាតំបន់អភិវឌ្ឍន៍ពហុបំណង ដែលមានសកម្មភាពកម្សាន្តផ្សេងៗមានលក្ខណៈសម្បូរបែប។
ទី៤.តំបន់ប្រជុំជនស្រុកកោះញែក មានសក្ដានុពលជាតំបន់កសិទេសចរណ៍ ពិសេសអាចរៀបចំជាចំណតយន្តហោះលើទឹក (Water Plan) នៅទន្លេស្រែពកនៃស្រុកកោះញែក។ ថ្វីដ្បិតទន្លេស្រែពកមិនអំណោយផលដល់ការធ្វើនាវាចរទេសចរណ៍ ឬដឹកជញ្ជូនមិនបានក៏ពិតមែន (ដោយសារសម្បូរថ្មប៉ប្រះទឹក) តែគេអាចរៀបចំជាចំណតយន្តលើទឹកដូចបណ្ដាប្រទេសមួយចំនួន ដែលឱ្យយន្តហោះ ហោះហើរមកកាន់តំបន់បឹងទន្លេសាប ឬទៅកាន់កោះរ៉ុងបានទៀតផង។
ទី៥.តំបន់អាកាសយានដ្ឋានមណ្ឌលគិរី នៅស្រុកអូររាំង ដែលនឹងត្រូវអភិវឌ្ឍជាទីក្រុងរណបនៃក្រុងសែនមនោរម្យ។
និងទី៦.តំបន់សមាហណកម្មច្រកទ្វារព្រំដែន នៅខេត្តមណ្ឌលគិរីមានច្រកទ្វារព្រំដែនទ្វេភាគីជាមួយវៀតណាមចំនួន ៤ កន្លែង ដែលអាចជំរុញឱ្យមានសកម្មភាពអភិវឌ្ឍន៍ និងទេសចរណ៍នៅតាមច្រកព្រំដែននេះ។
លោក ថោង ខុន ថ្លែងបានបន្តថា ក្រោយទទួលបានការផ្ដល់យោបល់ខាងលើនេះហើយ ក្រុមការងារជំនាញនឹងសរសេរបន្ថែមនូវធាតុចូលសំខាន់ៗមួយចំនួនទៀតពីអន្តរក្រសួង-ស្ថាប័ន ដើម្បីរៀបចំជាសេចក្ដីព្រាងចុងក្រោយ នឹងបន្តដាក់ជូនគណៈកម្មការអភិវឌ្ឍទេសចរណ៍ថ្នាក់ជាតិនៅចុងខែធ្នូ ឆ្នាំ២០២០។ បន្ទាប់ពីបានឯកភាពពីគណៈកម្មការនេះហើយ នឹងបន្តដាក់ឆ្លងរាជរដ្ឋាភិបាលនៅដើមឆ្នាំ២០២១ ខាងមុខតែម្ដង។
លោក រដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា ការបំពេញនូវធាតុចូលទាំងនេះ គឺដើម្បីចូលរួមអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តមណ្ឌលគិរីឱ្យកាន់តែមានភាពទាក់ទាញ សំដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិនឹងកើនឡើងប្រមាណ ៩០ម៉ឺននាក់ និងភ្ញៀវទេសចរក្នុងស្រុកប្រមាណជាង ២លាននាក់ នៅឆ្នាំ២០៣៥ ជាមួយនឹងការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗស្របតាមស្មារតីនៃផែនការមេនេះ។
លោក ជុក ជំនោរ មន្រ្តីជំនាញរបស់ក្រសួងទេសចរន៍ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងកិច្ចប្រជុំខាងលើនេះអង្គប្រជុំបានពិគ្រោះ និងលើកឡើងយោបល់ជាច្រើន ដើម្បីជាធាតុចូលបន្ថែមពាក់ព័ន្ធនឹងវិស័យទឹកស្អាត អគ្គសនី កសិកម្ម រ៉ែ និងថាមពល អគ្គិសនី ដែនដី អាកាសយានដ្ឋាន សហគ្រាសធនតូច និងមធ្យម ហេដ្ឋារចនាសម្ពន្ធ ការរៀបចំនូវនវានុវត្តន៍ អាកាសធាតុ សោភ័ណភាពវាលស្មៅ និងព្រៃព្រឹក្សា ទីក្រុងវៃឆ្លាតជាដើម ដើម្បីឱ្យគោលដៅទេសចរណ៍ខេត្តមណ្ឌលគិរីក្លាយទៅជាគោលដៅទេសចរណ៍លំដាប់អន្តរជាតិ និងដើម្បីឱ្យមានលក្ខណៈសង្គតភាព៕
ដោយ៖ Moeun Dyna