កែប៖ លោក សោម ពិសិដ្ឋ អភិបាល អភិបាលខេត្តកែប អញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងអាមេ ១ខ្សែ ដែលមានប្រវែង ១,៨០០ម៉ែត្រ ទទឹង ៨ម៉ែត្រ ស្ថិតនៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប កាលពីរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។ បើតាមរដ្ឋបាលខេត្តកែប។
នៅក្នុងពិធីបើការដ្ឋានផ្លូវ ១ខ្សែនេះ លោក អភិបាលខេត្ត បានបញ្ជាក់ថា «ផ្លូវបេតុងអាមេ ១ខ្សែនេះ ជាផ្លូវយុទ្ធសាស្រ្ត តភ្ជាប់ពីផ្លូវលេខ ១៣៣អា ទៅផ្លូវលេខ ១៣៣២ ហើយវាពិតជាមានសារៈសំខាន់ណាស់ ព្រោះផ្លូវនេះ អាចជួយសម្រួលការធ្វើដំណើររបស់ប្រជាកសិករបានយ៉ាងល្អប្រសើរ»។
លោក ថា ដោយកត្តាសន្តិភាព ទើបថ្នាក់ដឹកនាំខេត្ត មានឱកាសអភិវឌ្ឍន៍មូលដ្ឋាន ហើយជាក់ស្តែងផ្លូវ១ខ្សែនេះ គឺពិតជាបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងខ្លាំង សម្រាប់បម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។
សោម ពិសិដ្ឋ បានថ្លែងបន្តថា ផ្លូវបេតុងអាមេ ១ខ្សែនេះ គឺជាសមិទ្ធផលថ្មី១ទៀត ដែលបង្ហាញពីការគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន សម្រាប់បម្រើដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរណ៍ទៅមក ដើម្បីចូលរួមអនុវត្តន៍នយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលផងដែរ។
លោក បញ្ជាក់ទៀតថា «ផ្លូវថ្នល់ គឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់ បើមានផ្លូវ គឺយើងបានធ្វើឱ្យសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង»។
អភិបាលរូបនេះបានបន្ថែមថា សមិទ្ធផលទាំងនេះ គឺផ្តើមចេញពីការយកចិត្តទុកដាក់ពី សម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលតែងតែជំរុញដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំនៅមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ និងគិតគូពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងខិតខំកសាងសមិទ្ធិផលនានា ជូនដល់ប្រជាពលរដ្ឋ។
ការសាងសង់ផ្លូវ១ខ្សែនេះ គឺពិតជាបានបំពេញនូវសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ និងការដឹកកសិផលយកទៅលក់នៅលើទីផ្សារ ជាពិសេសបានផ្តល់នូវភាពងាយស្រួលដល់សិស្សាសិស្ស បានធ្វើដំណើរទៅសាលារៀន។ ជាការន្ថែមទៀតរបស់ លោក អភិបាលខេត្តកែប។
នាឱកាសនោះ សោម ពិសិដ្ឋ ក៏បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះទាំងអស់ មេត្តាផ្តល់កិច្ចសហការ និងសម្របសម្រួលនូវផលប៉ះពាល់នានា ក្នុងការស្ថាបនាផ្លូវនេះឱ្យបានឆាប់រហ័សទៅតាមផែនការគ្រោងទុក ព្រមទាំងចូលរួមជួយថែរក្សា ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង។
លោក បានណែនាំដល់គ្រប់ក្រុមហ៊ុន ដែលទទួលបានសិទ្ធស្ថាបនាផ្លូវបេតុ ១ខ្សែនេះ ត្រូវខិតខំស្ថាបនាឱ្យទាន់តាមពេលវេលាដែលបានកំណត់នៅក្នុងកិច្ចសន្យា ត្រឹមត្រូវតាមស្តង់ដារ និងប្រកបដោយគុណភាពភាពខ្ពស់៕
ដោយ៖ Moeun Dyna