កោះកុង៖ ក្រុមហ៊ុន Royal Group Co., Ltd ដែលជារបស់ លោក ឧកញ៉ា គិត ម៉េង បានស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្នុងឧទ្យានជាតិបូទុមសាគរ នៅក្នុងភូមិសាស្ត្រឃុំតានូន និងឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។ បើតាមរដ្ឋបាលខេត្តោះកុង។
រដ្ឋបាលខេត្តកោះកុង បានបន្តឱ្យដឹងថា លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត និងជាតំណាង លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានចូលរួមកិច្ចប្រជុំសិក្សាលម្អិតអំពីទីតាំងដែលក្រុមហ៊ុន Royal Group Co., Ltd បានស្នើសុំបង្កើតតំបន់សេដ្ឋពិសេស នៅក្នុងឧទ្យានជាតិបូទុមសាគរ ក្នុងភូមិសាស្រ្តខាងលើ។
រដ្ឋបាលខេត្ត បានបន្តទៀតថា កិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រសួងបរិស្ថាន តំណាងរដ្ឋបាលខេត្តកោះកុង អភិបាលស្រុកបូទុមសាគរ ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកបូទុមសាគរ មេឃុំថ្មស មេឃុំតានូន និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
ជាលទ្ធផល អង្គប្រជុំបានឯកភាព និងគាំទ្រឱ្យមានតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងឧទ្យានជាតិបូទុមសាគរ ដើម្បីការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ តាមការបញ្ជាក់របស់រដ្ឋបាលខេត្ត បន្ថែមថា ដោយឡែកក្រុមការងារស្នើសុំឱ្យបញ្ចៀសផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងជីវចម្រុះឱ្យនៅកម្រិតទាបបំផុត។
រដ្ឋបាលខេត្តថា បន្ថែមពីលើនេះ ក្រុមការងារនឹងចុះទៅពិនិត្យទីតាំងទាំងអស់ក្នុងឧទ្យានជាតិបូទុមសាគរក្នុងគោលបំណងសិក្សាលម្អិតអំពីស្ថានភាពភូមិសាស្ត្រឱ្យបានជាក់លាក់៕
ដោយ៖ Moeun Dyna