កោះកុង៖ ខេត្តកោះកុង ប្រទេសកម្ពុជា និងខេត្តសានស៊ីប្រទេស បានភ្ជាប់ទំនាក់ទំនងគ្នាជាទីក្រុងបងប្អូន ដើម្បីអភិវឌ្ឍរួមគ្នាទៅលើវិស័យសំខាន់ៗចំនួន ៥រួមមាន៖ វិស័យទេសចរណ៍, វិស័យពាណិជ្ជកម្ម, វិស័យវប្បធម៍, វិស័យអប់រំ និងវិស័យកសិកម្ម។ បើតាមការផ្សាយគេហទំព័ររបស់នាយកដ្ឋានផ្សព្វផ្សាយអប់រំ នៃក្រសួងហាផ្ទៃ។
នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានបន្តឱ្យដឹងថា លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំ Video Conference រវាងខេត្តកោះកុង នៃព្រះរាជាណាចក្រកម្ពុជា និងក្រុងវៃណាន ខេត្តសានស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីចុះហត្ថលេខាលើខ្លឹមសារព្រៀងកំណត់ហេតុ «ស្ដីពីការអភិវឌ្ឍទំនាក់ទំនងទីក្រុងជាបងប្អូន រវាងខេត្តកោះកុងប្រទសកម្ពុជា និងក្រុងវៃណាន ខេត្តសានស៊ី ប្រទេសចិន» កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។
នាយដ្ឋានបានបន្តទៀតថា ភាគីទាំងពីរបានពិភាក្សាទៅលើវិស័យសំខាន់ៗរួមមាន៖
១. វិស័យទេសចរណ៍ ភាគីទាំងពីរគាំទ្រគ្នាទៅវិញទៅមក ក្នុងការរៀបចំផ្សព្វផ្សាយជាសាធារណៈ ស្ដីពី «វិស័ទេសចរណ៍ នៃខេត្ត-ក្រុងទាំងពីរ» ហើយនិងផ្ដល់ភាពងាយស្រួល និងគោលនយោបាយអនុគ្រោះសម្រាប់ពលរដ្ឋក្នុងការធ្វើដំណើទៅវិញទៅមក។
២. វិស័យពាណិជ្ជកម្ម ផ្ដល់នូវការគាំទ្រពេញលេញទៅលើធនធានផ្សេងៗ និងគុណសម្បត្តិផ្នែកឧស្សាហកម្មនៃ ភាគីទាំងពីរ និងពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសកសិកម្ម និងពាណិជ្ជកម្មផ្នែកផលិតផល។
៣. វិស័យវប្បធម៍ ជំរុញផ្សព្វផ្សាយទេសភាពទេសចរណ៍ជាយក្រុងទៅវិញទៅមក និងលក្ខណៈពិសេសផ្នែកឧស្សហកម្ម និងពង្រីកភាពជឿជាក់ ការយោគយល់ និងកិច្ចសហប្រតិបត្តិការរវាងខេត្ត-ក្រុងទាំងពីរ។
៤. វិស័យអប់រំ ពង្រឹងការផ្លាស់ប្ដូរការសិក្សា កិច្ចសហការបង្រៀនអោយ បានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន និងពង្រឹងកម្មវិធីសម្រាប់ការធ្វើទស្សនកិច្ចសិក្សារបស់និស្សិតក្រោមលក្ខខណ្ឌណាមួយសមរម្យ។
និងទី ៥. វិស័យកសិកម្ម ស្វែងរកធនធានជាលក្ខណៈពិសេសផ្នែកកសិកម្ម ផ្ដល់គុណសម្បត្តិឱ្យភាគីទាំងពីរ និងពង្រឹងមធ្យោបាយថ្មីនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ដូចជា ធនធានបំពេញបន្ថែមកម្រិតខ្ពស់ និងការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាកសិកម្ម។ ក្រុងវៃណាន និងខេត្តកោះកុង នឹងជំរុញបង្កើតចំណងមិត្តភាពខេត្ត-ក្រុងយ៉ាងសកម្មជាលក្ខណៈអន្តរជាតិ៕
ដោយ៖ Moeun Dyna