ភ្នំពេញ៖ គិតត្រឹមដើម ខែវិច្ឆិកា ឆ្នាំ២០២០ ផ្លូវនៅតាមទីជនបទទូទាំងប្រទេសមានចំនួន ៥៥៣ខ្សែ ស្មើនឹងប្រមាណ ៤៥០០គីឡូម៉ែត្រ ដែលទទួលរងនូវការខូចខាត ដោយសារតែគ្រោះជំនន់ទឹកភ្លៀងកន្លង រដ្ឋាភិបាលគ្រោងចំណាយ ៦៥លានដុល្លារ ដើម្បីជួសជុល និងស្ដារឡើវិញ។ បើតាមការថ្លែងឱ្យដឹង ពីរដ្ឋមន្រ្តី ក្រសួងអភិវឌ្ឍន៍ជនបទ លោក អ៊ុក រ៉ាប៊ុន។
លោក អ៊ុក រ៉ាប៊ុន បានថ្លែងឱ្យដឹងបន្តថា ក្នុងចំណោមផ្លូវជនបទ ដែលរងការខូចខាតខាងលើ ក្រសួង បានកំណត់យកផ្លូវ ដែលរងការខូចខាតធ្ងន់ធ្ងរជាងគេចំនួន ២៦១ខ្សែ ប្រវែងសរុប ២៣០០គីឡូម៉ែត្រ ជាអាទិភាពសម្រាប់ ជួសជុលមុនគេនៅក្នុងខេត្តចំនួន ១០រួមមាន ៖ ខេត្តកណ្ដាល, កំពង់ស្ពឺ, ពោធិ៍សាត់, កំពង់ឆ្នាំង, កំពង់ធំ, ប៉ៃលិន, បន្ទាយមានជ័យ, កំពង់ចាម និងសៀមរាប ជាដើម។
ក្រសួងអភិវឌ្ឍន៍ជនបទ បានបើកការដ្ឋានជួសជុលផ្លូវក្រាលក្រួសក្រហម ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងផ្លូវបេតុងជាលក្ខណៈបន្ទាន់បានចំនួន១២ខ្សែប្រវែងសរុប១១០គីឡូម៉ែត្រ ក្នុងនោះក៏មានលូដោះទឹក និងស្ពានបេតុងមួយកន្លែងប្រវែង៣០ម៉ែត្រ។ ជាការបន្តរបស់ លោក រដ្ឋមន្រ្តីដដែល។
រដ្ឋមន្រ្តីអភិវឌ្ឍន៍ជនបទបានថ្លែងបន្ថែមថា យុទ្ធនាការជួសជុលផ្លូវជនបទ ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងរដូវវស្សាឆ្នាំនេះ គឺជាយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាល ដែលធ្វើយ៉ាងណាដើម្បីតភ្ជាប់ផ្លូវទាំងនោះ ឱ្យមានភាពល្អប្រសើរឡើងវិញ សម្រាប់ជួយគាំទ្រដល់ជីវភាពរស់នៅទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកសង្គមកិច្ចរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទទូទាំងប្រទេស។
កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ក រ៉ាប៊ុន បានអញ្ជើញបើកការដ្ឋានជួសជុលស្តារឡើងវិញផ្លូវក្រាលក្រួសក្រហមចំនួនមួយខ្សែប្រវែង ១៤,១០គីឡូម៉ែត្រ តភ្ជាប់ពីឃុំកកោះទៅឃុំរបស់មង្គល ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
នាឱកាសនោះ លោកថ្លែងបញ្ជាក់ថា «ផ្លូវនេះឆ្លងកាត់ឃុំចំនួន៣ គឺ ឃុំកកោះ ឃុំរបសើមង្គល និងឃុំមោង ដែលជាផ្លូវច្រកទ្វារសេដ្ឋកិច្ចដ៏សំខាន់របស់ប្រជាកសិករ សម្រាប់ដឹកជញ្ជូនកសិផល»។
លោក បានថ្លែងបន្ថែមទៀតថា ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់បញ្ចូលទៅក្នុងគម្រោងកិច្ចសហប្រតិបត្តិការ គឺ «គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់ព្រះរាជាណាចក្រកម្ពុជា (RID4CAM)» ដែលគ្រោងនឹងក្រាលកៅសូពីរជាន់ប្រភេទ DBST ជាគម្រោងសហប្រតិបត្តិការពីធនាគារ អភិវឌ្ឍន៍អាល្លឺម៉ង KfW ទីភ្នាក់ងារបារាំងសំរាប់ការអភិវឌ្ឍ (AFD) និងសហភាពអឺរ៉ុប (EU)៕
ដោយ៖ Moeun Dyna