Register Already an agent ? Login

គម្រោងស្ថាបនាផ្លូវល្បឿននឿន ភ្នំពេញ-ព្រះសីហនុប្រវែងសរុប ១៩០គីឡូម៉ែត្រ សម្រេចបានជិត ២៧% ដោយប្រឈមនឹងជំងឺសកល

ភ្នំពេញ៖ គម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលមានប្រវែងសរុប ១៩០គីឡីម៉ែត្រ គិតត្រឹម ខែវិច្ឆិកា ឆ្នាំ២០២០ សម្រេចបាន ២៦,៨៦ភាគរយ ដោយប្រឈមជាមួយនឹងវិបត្តិជំងឺសកល ជាហេតុធ្វើឱ្យការស្ថាបនាផ្លូវនេះហាក់នៅយឺតបន្តិច។ បើតាមការថ្លែងឱ្យដឹងពីអ្នកនាំពាក្យរបស់ក្រសួងដឹកជញ្ជូន លោក វ៉ាស៊ីម សូរិយា។

លោក វ៉ាស៊ីម សូរិយា បានថ្លែងបញ្ជាក់ថា «ទោះបីជាមានវិបត្តិជំងឺសកលក្ដី ការស្ថាបនាផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នៅតែដំណើរទៅមុខ ទៅតាមផែនការដែលបានគ្រោង»។ លោក ថា មានក្រុមមន្រ្តីក្រុមហ៊ុន សាងសង់ខ្លះបានផ្អាកការងារទៅតាមផ្នែក ហើយសម្ភារសម្រាប់ដឹកជញ្ជូន ឬធ្វើសកម្មភាពហាក់មិនសូវគគ្រឹកគគ្រេងដូចមុនសម័យជំងឺកូវីដ-១៩ ទេ។

មន្រ្តីជាន់ក្រសួងបានបន្តទៀតថា បើទោះបីយ៉ាងនេះក្ដី ក្រុមសាងសង់បានប្ដេជ្ញាថា នឹងនៅតែបន្តសាងសង់ផ្លូវនេះទៅតាមផែនការដែល់បានគ្រោងទុក។ លោក ថា ដំណើរការ​សាងសង់​ផ្លូវ ល្បឿន​លឿន​នេះ​កំពុង​ដើរ​ស្របគ្នា​ជាមួយនឹង​ផែនការ ដែល​បាន​កំណត់ទុក ដែល​អាច​បញ្ចប់​ក្នុង​ឆមាស​ទី១ ឆ្នាំ២០២២។

សូរម្លឹកថា ផ្លូវ​ល្បឿន​លឿនភ្នំពេញ-ព្រះសីហនុ ដែលមាន​ប្រវែង​សរុប ១៩០ គីឡូម៉ែត្រ ​ត​ភ្ជាប់​ពី​សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដោយ​ឆ្លងកាត់ ខេត្តកណ្តាល ៩,១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុង១,៩២គីឡូម៉ែត្រ និងខេត្ត​ព្រះសីហនុ​ ៨៩,៨៩គីឡូម៉ែត្រ។

ផ្លូវល្បឿនលឿនដំបូងបង្អស់នៅកម្ពុជា និងជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមមួយ ដែលចំណាយថវិកាសាងសង់ ១៩០០លានដុល្លារ។ ផ្លូវ​នេះ ​ចាប់ផ្តើម​សាងសង់​ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ហើយគ្រោងនឹងបញ្ចប់នៅត្រឹមខែមីនា ឆ្នាំ២០២៣៕

ដោយ៖ Moeun Dyna